១៧
ព្រះបន្ទូលប្រឆាំងនឹងក្រុងដាម៉ាស និងស្រុកអ៊ីស្រាអែល
១ សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស:
ថ្ងៃមួយ ដាម៉ាសនឹងលែងជា
ទីក្រុងទៀតហើយ
គឺក្លាយទៅគំនរបាក់បែក។
២ ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ
បោះបង់ចោលរហូតតទៅ
គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក
នៅទីនោះ ឥតមាននរណារំខានវាឡើយ។
៣ នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារ
ហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។
រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវ
អាប់អោនដូចជនជាតិអ៊ីស្រាអែលដែរ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃ
ពិភពទាំងមូល។
៤ នៅថ្ងៃនោះភាពថ្កុំថ្កើងរបស់
កូនចៅលោកយ៉ាកុបនឹងត្រូវចុះអោនថយ
គេនឹងបាត់បង់ភោគទ្រព្យ
ហើយក្លាយទៅជាក្រខ្សត់។
៥ ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ
ដែលគេទើបនឹងច្រូតកាត់រួច
គ្មានអ្វីនៅសល់សោះ
គឺដូចវាលទំនាបរេផែម
នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
៦ មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះ
ដែលនៅសល់
គឺស្រុកអ៊ីស្រាអែលប្រៀបបាននឹង
ដើមអូលីវដែលគេទើបនឹងបេះផ្លែរួច
នៅខាងចុងមានសល់ពីរបីផ្លែ
ហើយតាមមែកមានសល់បួនប្រាំផ្លែ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
៧ នៅថ្ងៃនោះមនុស្សនឹងផ្ចង់ចិត្តទៅរកព្រះដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះទៅព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
៨ គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្ដូបព្រះអាសេរ៉ា ឬអាសនៈសំរាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
៩ នៅថ្ងៃនោះទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលអោយនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រាអែល គឺឥតមានសល់អ្វីឡើយ។
១០ អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់
ដែលជាព្រះសង្គ្រោះរបស់អ្នក
អ្នកពុំបាននឹកឃើញព្រះដែលជាកំពែងការពារអ្នកទេ។
ហេតុនេះហើយបានជាអ្នកដាំដំណាំ
សំរាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
១១ នៅថ្ងៃដែលអ្នកដាំដំណាំ
អ្នកបានធ្វើអោយដំណាំនោះដុះឡើង។
នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ
វាក៏ចេញផ្កាភ្លាម។
ប៉ុន្តែ ពេលចំរូតមកដល់ គ្មានផលអ្វីសោះ
ផ្ទុយទៅវិញមានតែការឈឺចាប់
គ្មានអ្វីព្យាបាលអោយជាបានទេ។
បរាជ័យរបស់ខ្មាំងសត្រូវ
១២ មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា
ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ
និងឮស្នូរសំឡេងសាសន៍ទាំងឡាយ
គគ្រឹកគគ្រេងដូចរលកសមុទ្រ
១៣ សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង
គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង
ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ
ហើយពួកគេក៏រត់ចេញឆ្ងាយ
ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ
ផាត់បាត់អស់ទៅ និងដូចលំអងផ្កា
ដែលត្រូវខ្យល់កួចយកទៅដែរ។
១៤ នៅពេលល្ងាចពួកគេភ័យញ័ររន្ធត់
មុនពេលថ្ងៃរះពួកគេវិនាសសូន្យអស់ទៅ។
នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់
និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។