១៩
ព្រះជាម្ចាស់​នឹង​ដាក់​ទោស​ស្រុក​អេស៊ីប
១ សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប:
ព្រះអម្ចាស់​យាង​មក​ស្រុក​អេស៊ីប
ដោយ​គង់​លើ​ពពក​មួយ​ដុំ​ដែល​រសាត់​យ៉ាង​លឿន។
ព្រះ​ក្លែងក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់ញ័រ
នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ
ជន​ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។
ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:
២ «យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ច្បាំង​នឹង​គ្នា​ឯង
ម្នាក់ៗ​ប្រហារ​បង​ប្អូន និង​មិត្តភក្ដិ​របស់​ខ្លួន
ក្រុង​មួយ​ច្បាំង និង​ក្រុង​មួយ
ហើយ​នគរ​មួយ​ច្បាំង​នឹង​នគរ​មួយ​ទៀត។
៣ យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​វង្វេង​ស្មារតី
ហើយ​ធ្វើ​អោយ​នយោបាយ​របស់​គេ​ត្រូវ​រលាយ
ពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែងក្លាយ
ទៅ​រក​គ្រូ​អន្ទង​ខ្មោច​បញ្ជាន់​អារក្ស
និង​រក​គ្រូ​ទាយ​អោយ​ជួយ។
៤ យើង​នឹង​ប្រគល់​ស្រុក​អេស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​ហើយ​នឹង
មាន​ស្ដេច​កំណាច​គ្រង​រាជ្យ​លើ​ពួក​គេ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
នៃ​ពិភព​ទាំង​មូល។
៥ ទឹក​សមុទ្រ​នឹង​ហួត​បាត់​អស់​ទៅ
ហើយ​ទន្លេ​នីល​ក៏​រីង​ស្ងួត​អស់​ទៅ​ដែរ។
៦ ទឹក​នៅ​តាម​ព្រែក​ទាំងឡាយ​នឹង​ស្អុយ​កខ្វក់
ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រក
ហើយ​រីង​អស់​ទៅ។
ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។
៧ ដំណាំ​តាម​ដង​ទន្លេ​នីល រហូត​ដល់​មាត់​សមុទ្រ
នឹង​ហិនហោច​អស់​គ្មាន​សល់!
អ្វីៗ​ដែល​គេ​សាប​ព្រោះ​នៅ​ជិត​ទន្លេ​នីល
ក៏​ក្រៀម​ស្ងួត ហើយ​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។
៨ ពួក​អ្នក​នេសាទ​នឹង​នាំ​គ្នា​ស្រែក​ថ្ងូរ
ពួក​អ្នក​ស្ទូច​ត្រី​នៅ​តាម​ទន្លេ​នីល​នឹង​ត្អូញត្អែរ
ហើយ​ពួក​អ្នក​បង់​សំណាញ់​នឹង​អស់​សង្ឃឹម។
៩ ពួក​អ្នក​រវៃ​អំបោះ និង​ពួក​អ្នក​ត្បាញ​ក្រណាត់
នឹង​មាន​ទឹក​មុខ​ស្លេកស្លាំង។
១០ អស់​អ្នក​ដែល​ជា​ជន្ទល់​របស់​ស្រុក​ទេស
នឹង​បាត់​បង់​ទឹក​ចិត្ត
ហើយ​កម្មករ​ទាំង​ប៉ុន្មាន​នឹង​កើត​ទុក្ខ​ព្រួយ។
១១ ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងីល្ងើ
រីឯ​ក្រុម​ប្រឹក្សា​របស់​ស្ដេច​ផារ៉ោន
ជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លីភ្លើ
តែ​ពួក​នេះ​ហ៊ាន​ទូល​ស្ដេច​ផារ៉ោន​ថា
“ទូលបង្គំ ជា​ពូជ​អ្នក​ប្រាជ្ញ
ជា​ពូជ​ស្ដេច​នៅ​ជំនាន់​ដើម”។
១២ ព្រះចៅ​ផារ៉ោន​អើយ
អ្នក​ប្រាជ្ញ​របស់​ព្រះករុណា​នៅ​ឯ​ណា?
សូម​អោយ​ពួក​គេ​ទូល​ព្រះករុណា​អំពី
ហេតុការណ៍​ដែល​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
សំរេច​ធ្វើ​ចំពោះ​ស្រុក​អេស៊ីប​នេះ​ទៅ!
១៣ ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​លេលា
ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​ណូប​សុទ្ធ​តែ​ឡប់សតិ
គឺ​ពួក​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ទាំង​នោះ​ហើយ
ដែល​បាន​ដឹក​នាំ​ប្រជាជន​នៅ​ស្រុក​អេស៊ីប
អោយ​វង្វេង។
១៤  ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​ពួក​គេ​ឡប់​ស្មារតី
ពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​អោយ​វង្វេង
ក្នុង​គ្រប់​វិស័យ​ទាំង​អស់
គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹក
ដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។
១៥ នៅ​ស្រុក​អេស៊ីប ចាប់​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច ចាប់​ពី​មនុស្ស​ចេះ​ដឹង​រហូត​ដល់​មនុស្ស​ខ្លៅ​ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។
ជន​ជាតិ​អេស៊ីប​នឹង​ថ្វាយបង្គំ​ព្រះអម្ចាស់
១៦ នៅ​គ្រា​នោះ​ជន​ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រចំប្រប់ នៅ​ពេល​ឃើញ​ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល​លើក​ព្រះហស្ដ​គំរាម​ពួក​គេ។ ១៧ ទឹក​ដី​យូដា​ជា​កន្លែង​មួយ ដែល​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ញាប់ញ័រ​ជា​ខ្លាំង ពេល​ណា​រំលឹក​ពី​ស្រុក​យូដា​គេ​ភ័យ​ខ្លាច​ណាស់ ព្រោះ​តែ​ការ​ដែល​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​សំរេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។
១៨ គ្រា​នោះ​មាន​ក្រុង​ប្រាំ​នៅ​ស្រុក​អេស៊ីប​និយាយ​ភាសា​ហេប្រឺ​ ហើយ​អ្នក​ក្រុង​នោះ​ស្បថស្បែ​ថា គេ​នឹង​គោរព​បំរើ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​ប្រាំ​នឹង​មាន​ឈ្មោះ​ថា “ក្រុង​របស់​ព្រះអាទិត្យ”​។
១៩ គ្រា​នោះ​គេ​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់ នៅ​ចំ​កណ្ដាល​ស្រុក​អេស៊ីប ហើយ​គេ​នឹង​ដំឡើង​ស្ដូប មួយ​ថ្វាយ​ព្រះអម្ចាស់​នៅ​ក្បែរ​ព្រំដែន ២០ ទុក​ជា​សញ្ញា​បញ្ជាក់​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន​ជាតិ​អេស៊ីប​អង្វរ​សូម​ព្រះអម្ចាស់​ជួយ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះជាន់​ពួក​គេ ព្រះអង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​អោយ​មក​ការពារ និង​រំដោះ​ពួក​គេ។ ២១  ព្រះអម្ចាស់​នឹង​សំដែង​អោយ​ជន​ជាតិ​អេស៊ីប​ស្គាល់​ព្រះអង្គ ហើយ​នៅ​គ្រា​នោះ​ជន​ជាតិ​អេស៊ីប​នឹង​ស្គាល់​ព្រះអម្ចាស់​ពិត​មែន។ ពួក​គេ​នឹង​គោរព​បំរើ​ព្រះអង្គ ដោយ​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ផ្សេងៗ ពួក​គេ​នាំ​គ្នា​បន់​ព្រះអម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។ ២២  ព្រះអម្ចាស់​នឹង​វាយ​ប្រហារ​ជន​ជាតិ​អេស៊ីប​មែន តែ​ព្រះអង្គ​នឹង​ប្រោស​គេ​អោយ​បាន​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​អោយ​បាន​ជា​ទៀត​ផង។
២៣ នៅ​គ្រា​នោះ​នឹង​មាន​ផ្លូវ​មួយ​ភ្ជាប់​ពី​ស្រុក​អេស៊ីប ទៅ​ស្រុក​អាស្ស៊ីរី។ ជន​ជាតិ​អាស្ស៊ីរី​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ជន​ជាតិ​អេស៊ីប​ទៅ​ស្រុក​អាស្ស៊ីរី ហើយ​ជន​ជាតិ​ទាំង​ពីរ​នឹង​គោរព​បំរើ​ព្រះអម្ចាស់​ជា​មួយ​គ្នា។ ២៤ នៅ​គ្រា​នោះ​ជន​ជាតិ​អ៊ីស្រាអែល​នឹង​មក​រួម​ជា មួយ​ជន​ជាតិ​អេស៊ីប និង​ជន​ជាតិ​អាស្ស៊ីរី ហើយ​ជន​ជាតិ​ទាំង​បី​នឹង​ធ្វើ​អោយ​ពិភព​លោក​ទាំង​មូល​ស្គាល់​ព្រះពរ។ ២៥  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ​ថា: «សូម​អោយ​អេស៊ីប​ជា​ប្រជាជន​របស់​យើង ព្រម​ទាំង​អាស្ស៊ីរី ដែល​យើង​បាន​បង្កើត​មក និង​អ៊ីស្រាអែល ជា​ចំណែក​មត៌ក​របស់​យើង​បាន​ទទួល​ពរ!»។