២៩
ព្រះបន្ទូល​ស្ដី​អំពី​ក្រុង​យេរូសាឡឹម
១ ក្រុង​អើរាល ក្រុង​អើរាល​
ជា​បុរី​ដែល​ស្ដេច​ដាវីឌ​បោះ​ទ័ព
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
ទោះ​បី​អ្នក​ខំ​ធ្វើ​ពិធី​បុណ្យ​រៀង​រាល់​ឆ្នាំ​ក្ដី
២ ក៏​យើង​នឹង​កំទេច​ក្រុង​នេះ​ចោល​ដែរ។
ពេល​នោះ នឹង​មាន​សំឡេង​យំ​សោក សំរែក​ថ្ងូរ
ហើយ​ទីក្រុង​ទាំង​មូល​នឹង​ប្រៀប​ដូច​ជា
អាសនៈ​ធ្វើ​យញ្ញបូជា​។
៣ យេរូសាឡឹម​អើយ យើង​នឹង​បោះ​ទ័ព​ជុំវិញ​អ្នក
យើង​នឹង​អោយ​កងទ័ព​ឡោមព័ទ្ធ​អ្នក
យើង​នឹង​ដំឡើង​គ្រឿង​សឹក​វាយ​សំរុក​អ្នក។
៤ ពេល​នោះ អ្នក​នឹង​ធ្លាក់​ខ្លួន​យ៉ាង​ទាប​បំផុត
ពាក្យ​សំដី​របស់​អ្នក​លេច​ឮ​ពី​ក្នុង​ដី
ពាក្យពេចន៍​របស់​អ្នក​លេច​ចេញ​ពី​ធូលី​ដី
សំឡេង​របស់​អ្នក​ឮ​ពី​ក្នុង​ដី​មក​ដូច​សំឡេង​ខ្មោច
ហើយ​ពាក្យ​ដែល​អ្នក​និយាយ​ខ្សឹបៗ
ក៏​លេច​ឮ​ពី​ធូលី​ដី​មក​ដែរ។
៥ ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន
ច្រើន​ឥត​គណនា ដូច​ធូលី​ដី
សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា
កំទេច​ចំបើង​ដែល​ហុយ​ឡើង។
៦ រំពេច​នោះ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
យាង​មក​ជួយ​អ្នក ដោយ​ប្រើ​ផ្គរលាន់
ព្រះអង្គ​ធ្វើ​អោយ​ផែនដី​រញ្ជួយ
អោយ​មាន​រន្ទះ​បាញ់
មាន​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​យ៉ាង​ខ្លាំង
ព្រម​ទាំង​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោសន្ធៅ​ផង។
៧ កងទ័ព​ដ៏​ច្រើន​ឥត​គណនា
របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​លើក​គ្នា​មក
ច្បាំង ឡោមព័ទ្ធ និង​ចង់​កំទេច
យេរូសាឡឹម​ដែល​ជា​អាសនៈ​របស់​ព្រះជាម្ចាស់
មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ
និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។
៨ ពេល​នោះ កងទ័ព​ប្រជាជាតិ​ទាំង​ប៉ុន្មាន
ដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូន
នឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ
ហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគ
តែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។
អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួន
កំពុង​ផឹក​ទឹក
តែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។
៩ ចូរ​ស្រឡាំងកាំង ហើយ​ភ្ញាក់​ផ្អើល​ទៅ
ចូរ​បិទ​ភ្នែក ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ!
ចូរ​ស្រវឹង តែ​មិន​មែន​ស្រវឹង​ស្រា​ទេ
ចូរ​ដើរ​ទ្រេតទ្រោត តែ​មិន​មែន​ដោយសារ
អំណាច​របស់​គ្រឿង​ស្រវឹង​ណា​ដែរ
១០ ដ្បិត​ព្រះអម្ចាស់​បាន​ធ្វើ​អោយ
វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់
ព្រះអង្គ​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ព្យាការី
ព្រះអង្គ​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​គ្រូ​ទាយ។
១១ ចំពោះ​អ្នក​រាល់​គ្នា
អត្ថន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ
ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក
ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត
ហើយ​គេ​យក​ទៅ​អោយ​មនុស្ស​ម្នាក់​ដែល
ចេះ​អក្សរ​ទាំង​ពោល​ថា «ចូរ​អាន​ទៅ!»
តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ
ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។
១២ គេ​ក៏​យក​សៀវភៅ​នោះ​ទៅ​អោយ​មនុស្ស​ម្នាក់
ទៀត​ដែល​មិន​ចេះ​អក្សរ
ទាំង​ពោល​ថា «ចូរ​អាន​ទៅ!»
តែ​អ្នក​នោះ​តប​មក​វិញ​ថា
«ខ្ញុំ​មិន​ចេះ​អក្សរ​ទេ!»។
១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
ប្រជារាស្ត្រ​នេះ​ចូល​មក​ជិត​យើង
ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សំដី
និង​បបូរ​មាត់​ប៉ុណ្ណោះ
តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់
រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង
គ្រាន់​តែ​ជា​ទំនៀមទម្លាប់
ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។​
១៤ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​អោយ
ប្រជារាស្ត្រ​នេះ​រឹត​តែ​ងឿងឆ្ងល់​ត​ទៅ​ទៀត
ដោយ​ប្រើ​ការ​អស្ចារ្យ
និង​ប្ញទ្ធិបាដិហារិយ៍​ផ្សេងៗ
យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ
ហើយ​ធ្វើ​អោយ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង
ប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។​
១៥ អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះអម្ចាស់
ដើម្បី​លាក់​គំរោងការ​របស់​ខ្លួន
មុខ​ជា​ត្រូវ​វេទនា​ពុំខាន។
អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង
ទី​លាក់​កំបាំង ទាំង​ពោល​ថា
«គ្មាន​នរណា​ឃើញ​យើង
គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។
១៦ អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង!
តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋ
ស្មើ​នឹង​ជាង​ស្មូន​កើត​ឬ?
ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា
«អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ»
ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា
«គាត់​គ្មាន​ប្រាជ្ញា» ដែរ។
ពិភព​លោក​ថ្មី​ដ៏​ប្រសើរ​រុងរឿង
១៧ បន្តិច​ទៀត​ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់
នឹង​ក្លាយ​ទៅ​ជា​ចំការ​ដំណាំ
ហើយ​ចំការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។
១៨ នៅ​ថ្ងៃ​នោះ​មនុស្ស​ថ្លង់​នឹង​ឮ​ព្រះបន្ទូល
ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ
ហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ
គឺ​គេ​រួច​ផុត​ពី​ភាព​ងងឹត
លែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។
១៩  ព្រះអម្ចាស់​នឹង​ប្រោស​អោយ​មនុស្ស​ទន់ទាប
មាន​អំណរ​សប្បាយ​កាន់​តែ​ខ្លាំង​ឡើងៗ
ហើយ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល
នឹង​ប្រោស​អោយ​មនុស្ស​ក្រីក្រ
បាន​ត្រេក​អរ​សប្បាយ​ដ៏​លើសលប់​ដែរ។
២០ ស្ដេច​ដែល​កាន់​អំណាច​ផ្ដាច់​ការ
នឹង​ត្រូវ​វិនាស​សូន្យ
ហើយ​អ្នក​ដែល​មើលងាយ​ព្រះជាម្ចាស់
ក៏​នឹង​សាប​សូន្យ​អស់​ដែរ។
អស់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​បាប​អ្នក​ដទៃ
នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​ពុំខាន
២១ ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃ
ធ្វើ​អោយ​គេ​ទទួល​ទោស
ពួក​គេ​ប្រើ​ឧបាយកល
ធ្វើ​អោយ​ចៅក្រម​កាត់​ក្ដី​ខុស
ហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់
ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។
២២ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់
ដែល​ជា​ព្រះ​របស់​ពូជពង្ស​លោក​យ៉ាកុប
និង​ជា​ព្រះ​ដែល​បាន​លោះ​លោក​អប្រាហាំ
មាន​ព្រះបន្ទូល​ថា
ចាប់​ពី​ពេល​នេះ​ត​ទៅ ពូជពង្ស​លោក​យ៉ាកុប
នឹង​លែង​អាម៉ាស់​ទៀត​ហើយ
គេ​ក៏​លែង​តក់ស្លុត​ទៀត​ដែរ
២៣ ដ្បិត​ពេល​ណា​កូន​ចៅ​របស់​គេ​ឃើញ
កិច្ចការ​ដ៏​អស្ចារ្យ​ដែល​យើង​នឹង​ប្រព្រឹត្ត
ចំពោះ​ពួក​គេ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់
នាម​ដ៏វិសុទ្ធ​របស់​យើង
ពួក​គេ​នឹង​ទទួល​ស្គាល់​ថា
យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​លោក​យ៉ាកុប
ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​យើង
ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។
២៤ ពេល​នោះ ពួក​ដែល​វង្វេង​ស្មារតី
បែរ​ជា​ចាប់​ផ្ដើម​មាន​ប្រាជ្ញា
ហើយ​អស់​អ្នក​ដែល​តែងតែ​រឹង​ចចេស
បែរ​ជា​សុខ​ចិត្ត​ទទួល​ពាក្យ​ប្រៀនប្រដៅ។