៣
អណាធិបតេយ្យក្នុងរាជាណាចក្រយូដា
១ ព្រះជាអម្ចាស់នៃពិភពទាំងមូល
នឹងដកអ្វីៗទាំងប៉ុន្មាន
ដែលជាបង្អែករបស់ប្រជាជន
ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា
គឺលែងមានស្បៀងអាហារ និងប្រភពទឹក
២ លែងមានវីរបុរស លែងមានអ្នកចំបាំង
លែងមានចៅក្រម លែងមានព្យាការី
លែងមានហោរា លែងមានព្រឹទ្ធាចារ្យ
៣ លែងមានមេទ័ព លែងមានអ្នកធំ
លែងមានទីប្រឹក្សា លែងមានជំនាញការ
ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។
៤ ពេលនោះ យើងនឹងអោយក្មេងក្មាងឡើងធ្វើ
ជាមេដឹកនាំ ត្រួតត្រាលើពួកគេ
តាមអំពើចិត្តរបស់ខ្លួន។
៥ ក្នុងចំណោមប្រជាជន
គេសង្កត់សង្កិនគ្នាទៅវិញទៅមក
ម្នាក់ៗសង្កត់សង្កិនបងប្អូនរបស់ខ្លួន។
ក្មេងក្មាងប្រឆាំងនឹងចាស់ៗ
មនុស្សពាលប្រឆាំងនឹងមនុស្សថ្លៃថ្នូរ។
៦ ពេលនោះ នឹងមានមនុស្សម្នាក់ ចាប់បង្ខំបងប្អូន
ក្នុងអំបូររបស់ខ្លួនដោយពោលថា:
បងមានអាវធំ ដូច្នេះ សូមធ្វើជា
មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី
ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ!
៧ ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា:
ខ្ញុំមិនមែនជាគ្រូពេទ្យទេ
នៅក្នុងផ្ទះខ្ញុំ ក៏គ្មានអាហារ ឬអាវធំដែរ
កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
៨ ពិតមែនហើយយេរូសាឡឹមជាក្រុងដែល
កំពុងតែរលំ
ហើយយូដាជាស្រុកកំពុងតែហិនហោច
ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងព្រះអម្ចាស់
ដើម្បីបន្ថោកសិរីរុងរឿងរបស់ព្រះអង្គ
ដោយពាក្យសំដី
និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
៩ ឫកពារបស់ពួកគេសំដែងអោយឃើញថា
ពួកគេមានទោស
ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម
គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស
ឥតលាក់លៀមសោះឡើយ។
ពួកគេត្រូវវេទនាជាមិនខាន
ព្រោះគេបង្កទោសខ្លួនឯង!
១០ អ្នករាល់គ្នាអាចពោលថា:
មនុស្សសុចរិតបានសុខដុមរមនា
គេនឹងទទួលផលពីកិច្ចការដែលគេធ្វើ។
១១ រីឯមនុស្សអាក្រក់នឹងត្រូវវេទនា
គេមិនបានសុខទេ
គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ប្រជាជនរបស់យើងត្រូវក្មេងក្មាង
ជិះជាន់សង្កត់សង្កិន
ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។
ប្រជាជនរបស់យើងអើយ
ពួកមេដឹកនាំរបស់អ្នករាល់គ្នា
នាំអ្នករាល់គ្នាអោយវង្វេង
ពួកគេនាំអ្នករាល់គ្នាអោយដើរខុសផ្លូវ។
១៣ ព្រះអម្ចាស់កំពុងតែប្រុងប្រៀបកាត់ក្ដី
ព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស
ជាតិសាសន៍ទាំងឡាយ។
១៤ ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ
និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា:
“អ្នករាល់គ្នាបានបំផ្លាញចំការទំពាំងបាយជូរ!
អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ
មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
១៥ ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លី
ប្រជារាស្ត្ររបស់យើង
ហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
ព្រះអម្ចាស់បន្ទោសពួកជំទាវនៅក្រុងយេរូសាឡឹម
១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់
ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់
ពួកគេដើរកាច់រាង
ទាំងអង្រួនកងជើងអោយគេឮ។
១៧ ព្រះអម្ចាស់នឹងធ្វើអោយពួកជំទាវ
នៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល
ហើយព្រះអម្ចាស់ធ្វើអោយក្បាលពួកគេ
ទៅជាត្រងោល។
១៨ នៅគ្រានោះ ព្រះអម្ចាស់នឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះ គឺព្រះអង្គដកក្រវិល ភ្នួងសក់ បន្តោងខ្សែក
១៩ ទំហូ ខ្សែដៃ ស្បៃបាំងមុខ
២០ ស្នៀតសក់ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ដន្លាប់
២១ ចិញ្ចៀន ក្រវិល ច្រមុះ
២២ សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប
២៣ កញ្ចក់ ក្រណាត់ស្ដើង ឆ្នួតក្បាល និងស្បៃរុំខ្លួន។
២៤ ពេលនោះ ក្លិនអសោចនឹងជំនួសក្លិនទឹកអប់
ច្រវាក់នឹងជំនួសខ្សែក្រវាត់
ក្បាលត្រងោលនឹងជំនួសសក់ក្រងយ៉ាងស្អាត
សម្លៀកបំពាក់កណ្ដាច់កណ្ដាចនឹងជំនួស
សម្លៀកបំពាក់ដ៏ល្អប្រណីត
សញ្ញាដែលគេដៅជាទាសករ
នឹងជំនួសសម្ផស្សដ៏ស្អាត។
២៥ យេរូសាឡឹមអើយ ប្រុសៗរបស់អ្នក
នឹងត្រូវស្លាប់ដោយមុខដាវ
ទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នា
នឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។
២៦ ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង
កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី
ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។