៤៣
ព្រះអម្ចាស់នឹងរំដោះជនជាតិអ៊ីស្រាអែល
១ ជនជាតិអ៊ីស្រាអែលជាកូនចៅ
របស់លោកយ៉ាកុបអើយ
ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត
និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖
កុំភ័យខ្លាចអ្វីឡើយ
ដ្បិតយើងបានលោះអ្នក
យើងក៏បានហៅអ្នកចំឈ្មោះ
ដើម្បីអោយអ្នកធ្វើជាប្រជាជនរបស់យើង។
២ ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក
ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។
ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ
អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
៣ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល
ជាព្រះសង្គ្រោះរបស់អ្នក។
យើងបានប្រគល់ប្រជាជនអេស៊ីបអោយសត្រូវ
ដើម្បីលោះអ្នក
យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា
ជាថ្នូរអោយគេ ដើម្បីលោះអ្នកដែរ។
៤ យើងប្រគល់មនុស្សជាច្រើនអោយគេជំនួសអ្នក
គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗអោយគេ
ជាថ្នូរលោះអ្នក
ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់
ហើយយើងស្រឡាញ់អ្នកថែមទៀតផង។
៥ កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក
យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត
អោយវិលត្រឡប់មកវិញ
ហើយប្រមូលពូជពង្សរបស់អ្នក
ពីស្រុកខាងលិច អោយវិលមកវិញដែរ។
៦ យើងនឹងបញ្ជាដល់ស្រុកខាងជើង
អោយប្រគល់កូនចៅរបស់អ្នកមកយើងវិញ
យើងនឹងបញ្ជាដល់ស្រុកខាងត្បូង
មិនអោយឃាត់គេទៀតឡើយ។
យើងនឹងប្រាប់ស្រុកទាំងនោះអោយប្រមូល
កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក
ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
៧ គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល
ជាអស់អ្នកដែលយើងបានសូន និងបង្កើត
ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
អ៊ីស្រាអែលជាសាក្សីរបស់ព្រះអម្ចាស់
៨ ចូរនាំប្រជាជននោះចេញមក
ពួកគេមានភ្នែក តែមើលមិនឃើញ
មានត្រចៀក តែស្ដាប់មិនឮ។
៩ ចូរអោយប្រជាជាតិទាំងអស់មកជួបជុំគ្នា
អោយប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា
ក្នុងចំណោមព្រះរបស់ពួកគេ
តើមានព្រះណាបានប្រាប់
ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ?
តើព្រះណាបានប្រាប់អោយយើងដឹង
អំពីព្រឹត្តិការណ៍ដើមដំបូង?
អោយព្រះទាំងនោះរកសាក្សី
និងបង្ហាញភស្ដុតាងមក
ដើម្បីអោយអ្នកឯទៀតឮ រួចពោលថា
ពាក្យសំដីរបស់ព្រះនោះត្រឹមត្រូវមែន។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង
អ្នករាល់គ្នានេះហើយជាអ្នកបំរើរបស់យើង។
យើងបានជ្រើសរើសអ្នករាល់គ្នា
ដើម្បីអោយអ្នករាល់គ្នាដឹងឮ និងជឿលើយើង
ព្រមទាំងយល់ថា មានតែយើងនេះទេ
ជាព្រះជាម្ចាស់។
នៅមុនយើងគ្មានព្រះណាទេ
នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
១១ មានតែយើងទេជាព្រះអម្ចាស់
ក្រៅពីយើងគ្មានព្រះសង្គ្រោះណាទៀតឡើយ
១២ មានតែយើងទេ
ដែលប្រាប់អ្នករាល់គ្នាអោយដឹង
និងសង្គ្រោះអ្នករាល់គ្នា
រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ
ក្នុងចំណោមអ្នករាល់គ្នាឡើយ។
ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង
ហើយយើងជាព្រះជាម្ចាស់
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ អំណើះតទៅយើងចង់អោយអ្នករាល់គ្នាដឹងថា
មានតែយើងទេដែលពិតជាព្រះអម្ចាស់
គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ
របស់យើងបានទេ
អ្វីៗដែលយើងធ្វើរួចហើយ
គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
១៤ ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នា
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
មានព្រះបន្ទូលដូចតទៅ:
ដោយយល់ដល់អ្នករាល់គ្នា
យើងនឹងចាត់ទ័ពអោយទៅវាយក្រុងបាប៊ីឡូន
ដើម្បីរំលំអំណាចរបស់ពួកគេ។
ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ
ដោយជិះសំពៅ
ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
១៥ យើងជាព្រះអម្ចាស់
ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា
យើងជាព្រះមហាក្សត្រដែលបាន
បង្កើតអ្នករាល់គ្នា។
ផ្លូវថ្មីនៅក្នុងវាលរហោស្ថាន
១៦ ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយ
គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ
១៧ ព្រះអង្គដែលបានប្រមូលកងទ័ព
មានរទេះចំបាំង កងពលសេះ
ព្រមទាំងទាហានដ៏អង់អាច
ព្រះអង្គដែលធ្វើអោយពួកគេបរាជ័យ
ក្រោកពុំរួច
គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង
ព្រះអង្គមានព្រះបន្ទូលថា:
១៨ កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន
នៅគ្រាដើមដំបូងនោះធ្វើអ្វី
កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន
នៅបុរាណកាលដែរ។
១៩ បន្តិចទៀតយើងនឹងធ្វើអោយមាន
ព្រឹត្តិការណ៍ថ្មីកើតឡើង
ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក
តើអ្នករាល់គ្នាមិនឃើញទេឬ?
យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន
ព្រមទាំងធ្វើអោយមានទន្លេហូរ
នៅវាលហួតហែងទៀតផង។
២០ សត្វព្រៃទាំងឡាយ
គឺមានឆ្កែព្រៃ និងត្មាតជាដើម
នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង
ដ្បិតយើងធ្វើអោយមានទឹក
ក្នុងវាលរហោស្ថាន
និងធ្វើអោយមានទន្លេហូរកាត់វាលហួតហែង
ដើម្បីផ្ដល់ទឹកអោយប្រជាជន
ដែលយើងបានជ្រើសរើស
២១ គឺប្រជាជនដែលយើងបានបង្កើតសំរាប់យើង
ដើម្បីសរសើរតម្កើងយើង។
២២ ពូជពង្សយ៉ាកុបអើយ
អ្នកពុំបានហៅរកយើងទេ
អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបំរើយើង។
២៣ អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា
តែមិនមែនថ្វាយយើងទេ
អ្នកធ្វើយញ្ញបូជា
តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។
យើងមិនបានបង្ខិតបង្ខំអ្នក
អោយយកតង្វាយមកអោយយើង
យើងក៏មិនបានអោយអ្នក
នឿយហត់ដុតធូបដែរ។
២៤ អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប
តែមិនមែនសំរាប់យើងទេ
ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា
តែមិនមែនដើម្បីចំអែតយើងឡើយ។
ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក
អ្នកបែរជាបង្ខិតបង្ខំយើង
អោយធ្វើជាខ្ញុំបំរើរបស់អ្នកទៅវិញ
អ្នកបានធ្វើអោយយើងនឿយណាយ
ដោយសារអំពើអាក្រក់របស់អ្នក។
២៥ ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស
និងដោយយល់ដល់នាមរបស់យើង
យើងយល់ព្រមលើកលែងទោសអោយអ្នក
យើងនឹងមិននឹកនាដល់អំពើបាប
របស់អ្នកទៀតឡើយ។
២៦ ចូររៀបរាប់ប្រាប់យើងមកមើល!
យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា
ចូរនិយាយការពារខ្លួន
ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស!
២៧ យ៉ាកុបជាបុព្វបុរសរបស់អ្នក
បានប្រព្រឹត្តអំពើបាប
ហើយពួកតំណាងរបស់អ្នក
ក៏បានបះបោរប្រឆាំងនឹងយើងដែរ។
២៨ ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក
មេដឹកនាំព្រះវិហារ
យើងអោយគេបំផ្លាញកូនចៅយ៉ាកុប
យើងអោយគេប្រមាថមើលងាយ
ប្រជាជនអ៊ីស្រាអែល។