៨
កូនរបស់ព្យាការីអេសាយជាប្រផ្នូលអំពី ការគំរាមកំហែងពីសំណាក់ជនជាតិអាស្ស៊ីរី
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកបន្ទះថ្មធំមួយមក ហើយចារអក្សរនៅលើនោះថា “រឹបអូសជាប្រញាប់ ប្រមូលជយភ័ណ្ឌអោយលឿន!”»។
២ ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺបូជាចារ្យអ៊ូរី និងលោកសាការី ជាកូនរបស់លោកបេរេគាធ្វើជាសាក្សី។
៣ ខ្ញុំបានរួមរស់ជាមួយព្យាការិនីជាភរិយារបស់ខ្ញុំ នាងមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះអោយកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស”
៤ ដ្បិតមុនពេលដែលកូននេះចេះហៅ ពុក! ម៉ែ! មានគេប្រមូលទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយប្រមូលជយភ័ណ្ឌពីក្រុងសាម៉ារី យកទៅដាក់នៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី»។
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖
៦ «ដោយប្រជាជនមាក់ងាយទឹកដែលហូរ
យ៉ាងស្រួលនៅប្រឡាយស៊ីឡោម
ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន
ព្រមទាំងស្ដេចពេកាវិញនោះ
៧ ព្រះអម្ចាស់នឹងធ្វើអោយទឹកទន្លេដ៏ធំ
ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង
បំផ្លាញពួកគេ
ពោលគឺ ស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។
៨ ទន្លេនេះនឹងហូរមកលើទឹកដីយូដា
ហើយជន់ឡើង លិចរហូតដល់ក។
ឱព្រះអេម៉ាញូអែលអើយ!
ទឹកនេះនឹងជន់ឡើង
លិចពាសពេញទឹកដីរបស់ព្រះអង្គ។
៩ ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ!
ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ
អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល
នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់!
អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក
តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន!
ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក
តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។
១០ អ្នករាល់គ្នារៀបចំផែនការ
តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ
អ្នករាល់គ្នាចាត់វិធានការ
តែវិធានការនោះមិនអាចសំរេចបានឡើយ
ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង!
១១ ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនអោយដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
១២ អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរ
មិនត្រូវចាត់ទុកថាជាការបះបោរឡើយ
កុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាច
គឺកុំញញើតអោយសោះ»។
១៣ អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា
មានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ
ដែលជាព្រះដ៏វិសុទ្ធ
អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត
តែព្រះអង្គប៉ុណ្ណោះ។
១៤ ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ
តែព្រះអង្គជាថ្មដែលនាំអោយ
ប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិច
ជាសិលាដែលនាំអោយគេជំពប់ដួល
ហើយក៏ជាជង់ និងជាអន្ទាក់
ដល់ក្រុងយេរូសាឡឹមដែរ។
១៥ មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ
ហើយដួលបាក់បែកខ្ទេចខ្ទាំ
ពួកគេនឹងជាប់អន្ទាក់
ហើយត្រូវព្រានចាប់យកទៅ។
ហេតុការណ៍នាបច្ចុប្បន្នកាល និងអនាគតកាល
១៦ ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។
១៧ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។
១៨ នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ ប្រទានអោយខ្ញុំ រួមគ្នាធ្វើជាទីសំគាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
១៩ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។
២០ ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមព្រះបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
២១ គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខទាំងឃ្លាន
ពេលគេឃ្លាន គេក្ដៅក្រហាយ
ហើយប្រទេចផ្ដាសា ស្ដេច និងព្រះរបស់ខ្លួន
គេងើយមើលទៅលើ
២២ បន្ទាប់មក ពេលឈ្ងោកចុះមកដី
ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត
ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។