អន្តរាគមន៍​របស់​ព្រះជាម្ចាស់
៣៨
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូប
១  ព្រះអម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់
លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖
២ «ម្ដេច​ក៏​អ្នក​បង្អាប់​គំរោងការ​របស់​យើង
ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?
៣ ចូរ​ប្រុង​ប្រៀប​ខ្លួន ដូច​មនុស្ស​អង់អាច
យើង​នឹង​សួរ​អ្នក
ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​អោយ​យើង​ដឹង​ផង!
៤ នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដី
នោះ​តើ​អ្នក​នៅ​ឯ​ណា?
ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ
ចូរ​ថ្លែង​មក​ចុះ។
៥ នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដី
នរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដី
តើ​អ្នក​ដឹង​ឬ​ទេ?
៦ តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី?
តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់
៧ ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នា
ហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?
៨ តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល
ទឹក​ជន់ជោរ​ឡើង​ពី​ទី​ជំរៅ​នៃ​ផែនដី?
៩ គឺ​យើង​ហើយ ដែល​យក​ពពក​បិទបាំង​សមុទ្រ
ទុក​ដូច​ជា​សម្លៀកបំពាក់
ហើយ​យក​ភាព​ងងឹត​ទុក​ដូច​ជា​ផាហ៊ុម
១០ យើង​បាន​កំណត់​ព្រំដែន​អោយ​សមុទ្រ
យើង​បាន​ទប់​សមុទ្រ​ជាប់
ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។
១១ យើង​បញ្ជា​ទៅ​សមុទ្រ​ថា
“ចូរ​មក​ត្រឹម​នេះ! កុំ​ទៅ​ហួស​ដល់​ខាង​នោះ!
ចូរ​អោយ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់
ត្រង់​កន្លែង​នេះ!”។​
១២ តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជា
អោយ​មាន​ពេល​ព្រឹក
ហើយ​កំណត់​ពេល​វេលា​អោយ​ថ្ងៃ​រះ​ឡើង
១៣ បំភ្លឺ​ជាយ​ផែនដី
និង​អង្រួន​មនុស្ស​អាក្រក់​ពី​កន្លែង​ពួន​ឬ​ទេ?
១៤ ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាង
ដូច​ដី​ឥដ្ឋ​ដែល​គេ​កំពុង​ចាក់​ពុម្ព
ហើយ​ធម្មជាតិ​ក៏​បញ្ចេញ​សំរស់​ដ៏​ល្អ​ប្រណីត។
១៥ រីឯ​មនុស្ស​អាក្រក់​មិន​ដែល​មាន​ពន្លឺ​ទេ
ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។
១៦ តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រ
ហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហាសាគរ​ឬ​ទេ?
១៧ តើ​មាន​នរណា​បង្ហាញ​អោយ​អ្នក​ឃើញ
ទ្វារ​ស្ថាន​មច្ចុរាជ
ហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ?
១៨ តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា?
បើ​អ្នក​ដឹង​ចូរ​និយាយ​មក​ចុះ!
១៩ តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា?
តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា?
២០ បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំដែន​របស់​វា
ហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។
២១ អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយ
រីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ!
២២ តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ?
តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ?
២៣ យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែក
សំរាប់​គ្រា​មហន្តរាយ
និង​សំរាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។
២៤ ពន្លឺ​ចាំង​ចែង​មក តាម​ផ្លូវ​ណា
ហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង
មក​លើ​ផែនដី តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ?
២៥ តើ​នរណា​បើក​ផ្លូវ​អោយ​ទឹក​ភ្លៀង
ហើយ​កំណត់​ផ្លូវ​អោយ​ផ្លេក​បន្ទោរ និង​ផ្គរលាន់
២៦ រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ
និង​លើ​វាល​រហោស្ថាន​ដ៏​ស្ងាត់​ជ្រងំ
២៧ ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែង
និង​ធ្វើ​អោយ​មាន​តិណជាតិ​ដុះ​ឡើង?
២៨ តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ?
នរណា​ផ្ដល់​កំណើត​អោយ​ដំណក់​ទឹក​សន្សើម?
២៩ តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក
ព្រម​ទាំង​សំរាល​ចេញ​ជា​សន្សើម​កក
ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ?
៣០ ផ្ទៃ​ទឹក​ទាំងឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម
ហើយ​មហាសាគរ​ក៏​កក​ដែរ។
៣១ តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នា
ឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ?
៣២ តើ​អ្នក​អាច​ធ្វើ​អោយ​ចក្ររាសី​លេច​ចេញ​មក
តាម​ពេល​កំណត់​របស់​វា
និង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ?
៣៣ តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃ
ហើយ​អាច​ចាត់​ចែង​សណ្ដាប់ធ្នាប់​នៅ​លើ
ផែនដី​បាន​ឬ​ទេ?
៣៤ ពេល​អ្នក​ស្រែក​បញ្ជា​ទៅ​ពពក
តើ​ភ្លៀង​បង្អុរ​មក​លើ​អ្នក​ឬ​ទេ?
៣៥ ពេល​អ្នក​បញ្ជា​ផ្លេក​បន្ទោរ​អោយ​បញ្ចេញ​រស្មី
តើ​វា​យល់​ព្រម​ទៅ​ឬ​ទេ?
៣៦ តើ​នរណា​ធ្វើ​អោយ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន
ថា​ដល់​ពេល​ទឹក​ឡើង
ហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?​
៣៧ តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពក
ព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃ
អោយ​បង្ហូរ​ទឹក​ចុះ​មក
៣៨ ដើម្បី​ស្រោច​ស្រព​ធូលី​ដី​អោយ​នៅ​ផ្គុំ​គ្នា
ហើយ​ធ្វើ​អោយ​ដី​បែក​ក្រហែង
មក​នៅ​ជាប់​គ្នា​វិញ។
៣៩ តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញី
និង​ផ្គត់ផ្គង់​អាហារ​អោយ​កូន​សិង្ហ​បាត់​ឃ្លាន
៤០ នៅ​ពេល​ដែល​វា​ក្រាប​ក្នុង​រូង
ឬ​សំងំ​ចាប់​រំពា​នៅ​ក្នុង​ព្រៃ​ល្បោះ?
៤១ តើ​នរណា​ជា​អ្នក​ផ្ដល់​ចំណី​អោយ​សត្វ​ក្អែក
នៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​ព្រះជាម្ចាស់
ហើយ​ហើរ​ចុះ​ហើរ​ឡើង​ព្រោះ​អត់​អាហារ?