១៥
ការសងសឹករបស់លោកសាំសុន
១ បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធលោក ដោយយកទាំងកូនពពែមួយទៅអោយនាងផង។ លោកសុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធលោក ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតអោយចូលទៅទេ។
២ គាត់និយាយមកកាន់លោកថា៖ «ពុកគិតថាកូនឈប់ស្រឡាញ់នាងហើយ បានជាពុកលើកនាងទៅអោយបុរសដែលកំដរកូននោះវិញ ប៉ុន្តែ ប្អូនស្រីរបស់នាងស្រស់ស្អាតជាងនាងទៅទៀត តើកូនពេញចិត្តដែរឬទេ? កូនអាចយកនាងជំនួសក៏បាន»។
៣ លោកសាំសុនពោលឡើងថា៖ «ម្ដងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំឡើយ»។
៤ លោកក៏ចេញទៅចាប់បានកញ្ជ្រោងបីរយក្បាល។ លោកចងកន្ទុយកញ្ជ្រោងភ្ជាប់គ្នាមួយគូៗ រួចយកចន្លុះមកដោតនៅត្រង់ចំណងកន្ទុយកញ្ជ្រោងទាំងគូៗនោះ។
៥ លោកក៏អុជចន្លុះ ហើយលែងកញ្ជ្រោងអោយរត់ទៅក្នុងស្រែរបស់ជនជាតិភីលីស្ទីន ធ្វើអោយឆេះកណ្ដាប់ស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូត ព្រមទាំងឆេះចំការអូលីវទៀតផង។
៦ ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះ មកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅអោយបុរស ជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាង ដោយដុតទាំងរស់។
៧ ពេលនោះ លោកសាំសុនពោលទៅពួកគេថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមទេ គឺខ្ញុំនឹងសងសឹកអ្នករាល់គ្នាជានិច្ច»។
៨ លោកវាយប្រហារពួកគេអោយបរាជ័យយ៉ាងដំណំ។ បន្ទាប់មក លោកក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។
លោកសាំសុនប្រើថ្គាមលាជាអាវុធប្រហារជនជាតិភីលីស្ទីន
៩ ជនជាតិភីលីស្ទីននាំគ្នាឡើងទៅបោះទ័ពក្នុងដែនដីយូដា ហើយឡោមព័ទ្ធក្រុងលេហ៊ី។
១០ អ្នកស្រុកយូដាសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមកប្រយុទ្ធនឹងយើងដូច្នេះ?»។ ពួកគេឆ្លើយថា៖ «យើងមកនេះ ដើម្បីចាប់សាំសុន ហើយប្រព្រឹត្តចំពោះវា ដូចវាបានប្រព្រឹត្តចំពោះយើងដែរ»។
១១ ដូច្នេះ ជនជាតិយូដាបីពាន់នាក់ក៏នាំគ្នាចូលទៅក្នុងរូងភ្នំអេតាំ ហើយនិយាយនឹងលោកសាំសុនថា៖ «អ្នកមិនដឹងទេឬថា ជនជាតិភីលីស្ទី នត្រួតត្រាលើយើង? ហេតុអ្វីបានជាអ្នកធ្វើបាបយើងដូច្នេះ?»។ លោកសាំសុនឆ្លើយថា៖ «ខ្ញុំប្រព្រឹត្តចំពោះពួកគេដូចគេបានប្រព្រឹត្តចំពោះខ្ញុំតែប៉ុណ្ណោះ»។
១២ ជនជាតិយូដាពោលទៀតថា៖ «យើងមកនេះ ដើម្បីចងអ្នកយកទៅប្រគល់អោយជនជាតិភីលីស្ទីន»។ លោកសាំសុនស្នើទៅពួកគេថា៖ «ចូរអ្នករាល់គ្នាស្បថជាមួយខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ»។
១៣ គេឆ្លើយទៅលោកវិញថា៖ «ទេ! យើងគ្មានបំណងនឹងសម្លាប់អ្នកទេ យើងគ្រាន់តែសុំចងអ្នក យកទៅប្រគល់អោយជនជាតិភីលីស្ទីនប៉ុណ្ណោះ»។ ពួកគេក៏យកខ្សែពួរថ្មីពីរ មកចងលោក ហើយនាំចេញពីរូងភ្នំទៅ។
១៤ ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។
១៥ លោកសាំសុនបានឃើញឆ្អឹងថ្គាមមួយរបស់លាដែលគេទើបសម្លាប់ថ្មីៗ ក៏រើសវាមកប្រើជាអាវុធ សម្លាប់មនុស្សអស់មួយពាន់នាក់
១៦ រួចលោកស្រែកថា៖
«ដោយសារឆ្អឹងថ្គាមរបស់សត្វលា
ខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នា
ដោយសារឆ្អឹងថ្គាមរបស់សត្វលា
ខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់»។
១៧ ពេលមានប្រសាសន៍ចប់ លោកក៏គ្រវែងឆ្អឹងនោះចោលទៅ ហេតុដូច្នេះហើយបានជាគេហៅកន្លែងនោះថា «រ៉ាម៉ាត់-លេហ៊ី»។
១៨ រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកព្រះអម្ចាស់ ដោយទូលថា៖ «ឱព្រះអម្ចាស់អើយ គឺព្រះអង្គហើយដែលប្រទានអោយទូលបង្គំមានជ័យជំនះដ៏ធំនេះ។ តើពេលនេះ ព្រះអង្គបណ្ដោយអោយទូលបង្គំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។
១៩ ព្រះជាម្ចាស់បានបំបែកថ្មនៅលេហ៊ីនោះ ធ្វើអោយមានទឹកហូរចេញមក។ លោកសាំសុនពិសាទឹកនោះ ហើយក៏មានទឹកចិត្ត និងមានកម្លាំងឡើងវិញ។ ហេតុនេះបានជាគេហៅប្រភពទឹកនោះថា «អេន-ហាកូរេ» ហើយប្រភពទឹកនោះស្ថិតនៅលេហ៊ីរហូតដល់សព្វថ្ងៃ។
២០ នៅជំនាន់ដែលជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល លោកសាំសុនបានធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។