១៩
បទឧក្រិដ្ឋរបស់ពួកបេនយ៉ាមីននៅក្រុងគីបៀរ
១ នៅគ្រានោះ ស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ។ មានបុរសម្នាក់ក្នុងកុលសម្ព័ន្ធលេវី រស់នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ គាត់បានយកស្ត្រីម្នាក់ពីភូមិបេថ្លេហិម ក្នុងស្រុកយូដា មកធ្វើជាប្រពន្ធចុង។
២ ប៉ុន្តែ នាងបានក្បត់ចិត្តប្ដី ហើយចាកចេញពីប្ដីត្រឡប់ទៅនៅផ្ទះរបស់ឪពុកនាង នៅភូមិបេថ្លេហិម ក្នុងស្រុកយូដាវិញ។ នាងស្នាក់នៅទីនោះអស់រយៈពេលបួនខែ។
៣ ប្ដីរបស់នាងបានធ្វើដំណើរទៅតាម ក្នុងគោលបំណងលួងលោមនាងអោយត្រឡប់មកវិញ។ គាត់បាននាំក្មេងបំរើ និងសត្វលាពីរទៅជាមួយផង។ ស្ត្រីនោះអញ្ជើញប្ដីចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកឃើញប្ដីរបស់នាង គាត់ក៏ទទួលដោយអំណរ។
៤ ឪពុកក្មេកបានឃាត់កូនប្រសា អោយនៅផ្ទះរបស់គាត់ចំនួនបីថ្ងៃ។ បុរសនោះបរិភោគអាហារ និងស្រា ព្រមទាំងសម្រាន្ដនៅទីនោះ។
៥ នៅថ្ងៃទីបួន គេនាំគ្នាក្រោកតាំងពីព្រលឹម។ ពេលបុរសលេវីហៀបនឹងចេញដំណើរ ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «ចូរកូនបរិភោគសិនទៅ ដើម្បីអោយមានកម្លាំង រួចសឹមធ្វើដំណើរទៅចុះ»។
៦ ដូច្នេះ អ្នកទាំងពីរក៏អង្គុយបរិភោគអាហារ និងផឹកស្រាជាមួយគ្នា។ បន្ទាប់មក ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «សុំកូនសំរាកលេងនៅទីនេះមួយយប់ទៀតសិនទៅ»។
៧ បុរសលេវីក្រោកឡើង ចង់ចេញដំណើរ ដោយឪពុកក្មេកចេះតែទទូចអង្វរពេក គាត់ក៏យល់ព្រមស្នាក់នៅមួយយប់ទៀត។
៨ នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ។ ប៉ុន្តែ ឪពុកក្មេកនិយាយទៅគាត់ថា៖ «សូមកូនបរិភោគអាហារសិន ចាំដល់ថ្ងៃជ្រេសឹមចេញដំណើរទៅចុះ»។ ដូច្នេះ គេក៏នាំគ្នាបរិភោគ។
៩ នៅពេលដែលបុរសលេវីចង់ចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបំរើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះជ្រុលពេលហើយ ហើយថ្ងៃក៏ជិតលិចដែរ ចូរនាំគ្នាសំរាកលេងទីនេះទៅ។ ចាំស្អែក សឹមក្រោកពីព្រលឹម ហើយចេញដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញចុះ»។
១០ ប៉ុន្តែម្ដងនេះ បុរសលេវីប្រកែកពុំព្រមនៅទៀតទេ។ គាត់ក្រោកឡើងចេញដំណើរជាមួយប្រពន្ធចុង ព្រមទាំងសត្វលាទាំងពីររបស់គាត់ ដែលមានកែបចងជាស្រេចនោះដែរ។ ពួកគេមកដល់កន្លែងមួយ នៅទល់មុខនឹងក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹម។
១១ ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបំរើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសំរាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។
១២ ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រាអែលនោះឡើយ យើងទៅសំរាកនៅក្រុងគីបៀរវិញ»។
១៣ គាត់ក៏បន្ថែមទៀតថា៖ «យើងត្រូវតែស្រូតដំណើរអោយដល់ក្រុងគីបៀរ ឬភូមិរ៉ាម៉ា ហើយនៅទីនោះយើងនឹងសំរាកកន្លែងណាមួយក៏បាន»។
១៤ ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។
១៥ គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសំរាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេអោយទៅសំរាកនៅផ្ទះរបស់ខ្លួនឡើយ។
១៦ ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចំការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។
១៧ ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។
១៨ បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំដែលជាដំណាក់របស់ព្រះអម្ចាស់វិញ។ ប៉ុន្តែក្នុងក្រុងនេះ គ្មាននរណាម្នាក់ទទួលខ្ញុំអោយស្នាក់នៅផ្ទះរបស់គេទេ។
១៩ យើងខ្ញុំមានចំបើង និងស្មៅសំរាប់សត្វលា ព្រមទាំងនំបុ័ង និងស្រាទំពាំងបាយជូរសំរាប់ខ្លួនខ្ញុំផ្ទាល់ ប្រពន្ធខ្ញុំ និងអ្នកបំរើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។
២០ លោកតាក៏ពោលទៅគាត់ថា៖ «ខ្ញុំសូមទទួលស្វាគមន៍អ្នក នៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងផ្ដល់អោយអ្នកនូវអ្វីៗដែលអ្នកត្រូវការ ដូច្នេះ មិនត្រូវសំរាកនៅតាមផ្លូវបែបនេះទេ!»។
២១ លោកតានាំពួកគេចូលទៅក្នុងផ្ទះ ហើយដាក់ស្មៅអោយសត្វលាស៊ីទៀតផង។ អ្នកដំណើរនាំគ្នាលាងជើង រួចក៏បរិភោគអាហារ និងផឹកស្រាជាមួយគ្នា។
២២ ក្នុងពេលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីអោយយើងរួមដំណេកជាមួយគេផង!»។
២៣ លោកតាម្ចាស់ផ្ទះក៏ចេញមក ហើយពោលទៅកាន់ជនពាលថា៖ «ទេ! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនមេត្តាកុំប្រព្រឹត្តអំពើអាក្រក់បែបនេះអី! សូមកុំប្រព្រឹត្តអំពើថោកទាបអោយសោះ ព្រោះបុរសនេះជាភ្ញៀវរបស់ខ្ញុំ។
២៤ មើល៍ខ្ញុំមានកូនស្រីនៅក្រមុំព្រហ្មចារីនៅឡើយ ហើយអ្នកនោះក៏មានប្រពន្ធចុងរបស់គាត់ មកជាមួយដែរ។ ខ្ញុំនឹងនាំពួកនាងចេញមក ហើយបងប្អូនអាចយកពួកនាងទៅប្រព្រឹត្តតាមអំពើចិត្តបងប្អូនចុះ តែសូមកុំប្រព្រឹត្តអំពើថោកទាបជាមួយបុរសនេះឡើយ»។
២៥ ប៉ុន្តែ ជនពាលទាំងនោះពុំបានស្ដាប់ពាក្យអង្វររបស់លោកតាទេ។ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់ខ្លួនចេញមកក្រៅ ប្រគល់ទៅអោយពួកវា។ ពួកវានាំគ្នារំលោភលើនាង ហើយធ្វើបាបនាងពេញមួយយប់ រហូតទាល់តែជិតភ្លឺ ទើបលែងនាងមកវិញ។
២៦ ពេលព្រលឹមស្រាងៗ ស្ត្រីនោះដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្ដីនាងស្នាក់នៅ។ នាងនៅទីនោះ រហូតដល់ថ្ងៃរះ។
២៧ លុះព្រឹកឡើង ប្ដីរបស់នាងបើកទ្វារផ្ទះ ហើយចេញទៅក្រៅ ដើម្បីបន្តដំណើរទៅមុខទៀត។ គាត់ក៏ឃើញប្រពន្ធចុងរបស់គាត់ ដួលដេកនៅមាត់ច្រកចូលផ្ទះ ដោយដៃនាងទាំងពីរតោងមាត់របងផង។
២៨ គាត់ហៅនាងថា៖ «ក្រោកឡើង យើងទៅមុខទៀត!» ប៉ុន្តែ គ្មានចម្លើយតបមកវិញសោះ!។ បុរសនោះក៏លើកសាកសពនាងដាក់លើខ្នងលា ហើយវិលត្រឡប់ទៅផ្ទះគាត់វិញ។
២៩ លុះទៅដល់ផ្ទះហើយ គាត់ក៏យកកាំបិតមកកាប់សាកសពប្រពន្ធចុងគាត់ជាដប់ពីរកំណាត់ រួចផ្ញើកំណាត់នីមួយៗទៅអោយកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។
៣០ អស់អ្នកដែលបានឃើញបញ្ញើនេះ ក៏លាន់មាត់គ្រប់ៗគ្នាថា៖ «តាំងពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមក គេមិនដែលជួបប្រទះហេតុការណ៍បែបនេះឡើយ។ ដូច្នេះ ត្រូវតែពិនិត្យមើលការណ៍នេះអោយបានល្អិតល្អន់ ហើយពិភាក្សាគ្នាថា តើយើងគួរសំរេចបែបណា?»។