ព្រះអម្ចាស់​ស្ដី​បន្ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ
១ នៅ​គ្រា​នោះ ទេវតា​របស់​ព្រះអម្ចាស់​បាន​ឡើង​ពី​គីលកាល់​ទៅ​បូគីម ហើយ​ពោល​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស*​ថា​ប្រគល់​អោយ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ហើយ​ថា យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធមេត្រី*​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឡើយ​។ ២ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ប្រជាជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំងឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ? ៣ ដូច្នេះ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​គូ​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ព្រះ​នានា​របស់​ពួក​គេ»។ ៤ នៅ​ពេល​ឮ​ទេវតា​របស់​ព្រះអម្ចាស់​ពោល​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​នាំ​គ្នា​ទ្រហោ​យំ។ ៥ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម ហើយ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់
លោក​យ៉ូស្វេ​ទទួល​មរណភាព
៦ លោក​យ៉ូស្វេ​បាន​អោយ​ប្រជាជន​វិល​ត្រឡប់​ទៅ​វិញ​ ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។ ៧ ពួក​គេ​គោរព​បំរើ​ព្រះអម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បំរើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្ដុង្គឧត្ដម ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។ ៨ លោក​យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ បាន​ទទួល​មរណភាព ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ​។ ៩ គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ធីមណាត-ហេរេស​ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​អាកាស។ ១០ មនុស្ស​ជំនាន់​នោះ​ក៏​ទៅ​ជួបជុំ​នឹង​ដូនតា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ព្រះអម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះហស្ដ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រាអែល​ដែរ។
ប្រជាជន​អ៊ីស្រាអែល​បោះ​បង់​ចោល​ព្រះអម្ចាស់
១១ ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​បាល។ ១២ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះជាអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជាជន​ដែល​រស់​នៅ​ជុំវិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ។ ១៣ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះអម្ចាស់ ទៅ​គោរព​បំរើ​ព្រះ​បាល និង​ព្រះអាសថារ៉ូត​វិញ។ ១៤  ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យសម្បត្តិ​ពួក​គេ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​អោយ​ខ្មាំង​សត្រូវ​នៅ​ជុំវិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។ ១៥ រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះអម្ចាស់​ធ្វើ​អោយ​ពួក​គេ​បរាជ័យ​ជានិច្ច ដូច​ទ្រង់​មាន​ព្រះបន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ១៦ គ្រា​នោះ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​មាន​ពួក​ចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។ ១៧ ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​ចៅហ្វាយ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់​ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ដូច​ពួក​បុព្វបុរស​ទេ។ ១៨ ពេល​ព្រះអម្ចាស់​តែងតាំង​ចៅហ្វាយ​ណា​ម្នាក់​អោយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​គង់​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ព្រះអម្ចាស់​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់សង្កិន និង​ធ្វើ​បាប។ ១៩ លុះ​ចៅហ្វាយ​នោះ​ទទួល​មរណភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះបង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។ ២០ ពេល​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះបន្ទូល​ថា៖ «ប្រជាជាតិ​នេះ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វបុរស​របស់​គេ ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ ២១ ដូច្នេះ យើង​ក៏​នឹង​មិន​បណ្ដេញ​ប្រជាជាតិ​ណា​មួយ ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដែល​យ៉ូស្វេ​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ​ដែរ។ ២២ យើង​នឹង​ប្រើ​ប្រជាជាតិ​ទាំង​នោះ ដើម្បី​ល្បងល​មើល​អោយ​ដឹង​ថា តើ​អ៊ីស្រាអែល​ដើរ​តាម​មាគ៌ា​របស់​យើង ដូច​បុព្វបុរស​របស់​គេ​ឬ​យ៉ាង​ណា»។
២៣  ព្រះអម្ចាស់​ទុក​ប្រជាជាតិ​ទាំងឡាយ ដែល​ព្រះអង្គ​មិន​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​យ៉ូស្វេ អោយ​រស់​នៅ​ក្នុង​ស្រុក​ត​ទៅ​មុខ​ទៀត គឺ​ព្រះអង្គ​មិន​ប្រញាប់​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ឡើយ។