យ៉ូណាស
(ព្យាការីយ៉ូណាស)
១
ព្រះអម្ចាស់ចាត់លោកយ៉ូណាសទៅក្រុងនីនីវេ
១ ថ្ងៃមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាស ជាកូនរបស់លោកអមីថាយថា៖
២ «ចូរក្រោកឡើងធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។
៣ លោកយ៉ូណាសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភក្ត្ររបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរ ទៅក្រុងតើស៊ីស លោកក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភក្ត្ររបស់ព្រះអម្ចាស់។
៤ ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាអោយខ្យល់ បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះបណ្ដាលអោយសំពៅស្ទើរតែនឹងបែកបាក់។
៥ អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីអោយសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ លោកចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។
៦ ពេលនោះ នាយសំពៅមករកលោកសួរថា៖ «ម្ដេចក៏លោកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើងទូលអង្វរព្រះរបស់លោកទៅ ក្រែងលោព្រះអង្គអាណិតអាសូរជួយពួកយើងអោយរួចផុតពីសេចក្ដីវិនាស»។
៧ ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោតដើម្បីអោយដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។
៨ ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកធ្វើអ្វី? លោកមកពីណា? ស្រុកលោកនៅឯណា? លោកជាជនជាតិអ្វី?»។
៩ លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅស្ថានបរមសុខ* ព្រះអង្គបានបង្កើតសមុទ្រ និងដីគោក»។
១០ លោកយ៉ូណាសក៏តំណាលរឿងរបស់លោក អោយពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា លោកបានរត់គេចអោយឆ្ងាយពីព្រះភក្ត្ររបស់ព្រះអម្ចាស់ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះ?
១១ តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីអោយសមុទ្របានស្ងប់ឡើងវិញ?»។
១២ លោកយ៉ូណាសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយ បានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។
១៣ ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។
១៤ ពេលនោះ ពួកគេនាំគ្នាអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ព្រះអម្ចាស់អើយ ព្រះអង្គសំរេចដូច្នេះ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ!»។
១៥ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។
១៦ អ្នកទាំងនោះកោតស្ញប់ស្ញែងព្រះអម្ចាស់យ៉ាងខ្លាំង ពួកគេនាំគ្នាថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ព្រមទាំងបន់ស្រន់ទៀតផង។