ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់
១ ពេល​ឃើញ​ដូច្នេះ លោក​យ៉ូណាស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ លោក​ខឹង​យ៉ាង​ខ្លាំង។ ២ លោក​ទូល​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់! ឥឡូវ​នេះ ហេតុការណ៍​កើត​មាន ដូច​ទូលបង្គំ​បាន​សង្ស័យ​តាំង​ពី​ទូលបង្គំ​នៅ​ស្រុក​របស់​ទូលបង្គំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ទូលបង្គំ​ដឹង​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះ​ប្រកប​ទៅ​ដោយ​ព្រះហឫទ័យ​ប្រណីសន្ដោស ព្រះអង្គ​តែងតែ​អាណិតអាសូរ​មិន​ឆាប់​ខ្ញាល់ ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​តែងតែ​ប្រែ​ព្រះហឫទ័យ មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។ ៣ បពិត្រ​ព្រះអម្ចាស់! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ចង់​ស្លាប់​ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត!»។ ៤  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​យ៉ូណាស​វិញ​ថា៖ «តើ​អ្នក​ខឹង​ដូច្នេះ​សម​ឬ​មិន​សម?»។
៥ ខណៈ​នោះ លោក​យ៉ូណាស​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង។ លោក​សង់​ខ្ទម​មួយ​តូច ហើយ​អង្គុយ​ក្រោម​ម្លប់ រង់ចាំ​មើល​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​ដល់​ក្រុង​នីនីវេ។ ៦ ពេល​នោះ ព្រះជាអម្ចាស់​ធ្វើ​អោយ​មាន​រុក្ខជាតិ​មួយ​ដើម​ ដុះ​ឡើង​ពី​លើ​លោក​យ៉ូណាស​ធ្វើ​ជា​ម្លប់​ដល់​លោក ដើម្បី​កុំ​អោយ​លោក​មួម៉ៅ​ត​ទៅ​ទៀត។ លោក​យ៉ូណាស​សប្បាយ​ចិត្ត​នឹង​ម្លប់​រុក្ខជាតិ​នោះ​ណាស់។ ៧ នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ​ព្រះជាម្ចាស់​បញ្ជា​អោយ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខជាតិ​នោះ រុក្ខជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។ ៨ លុះ​ដល់​ថ្ងៃ​រះ ព្រះជាម្ចាស់​បញ្ជា​ខ្យល់​អោយ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កំដៅ​ចាំង​មក​លើ​ក្បាល​លោក​យ៉ូណាស ធ្វើ​អោយ​លោក​ល្វើយ​កម្លាំង លោក​ទូលអង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «ទូលបង្គំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។
៩ ពេល​នោះ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «អ្នក​ខឹង​ព្រោះ​តែ​រុក្ខជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ លោក​ទូល​ព្ រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះអម្ចាស់​ទូលបង្គំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។ ១០  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «សូម​គិត​មើល៍! អ្នក​អាណិត​រុក្ខជាតិ​ដែល​អ្នក​មិន​បាន​ហត់នឿយ​ដាំ​វា​ទាល់​តែ​សោះ។ វា​ដុះ​ឡើង​តែ​មួយ​យប់ រួច​វិនាស​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ១១ រីឯ​យើង​វិញ តើ​មិន​អោយ​យើង​អាណិត​ក្រុង​នីនីវេ​មហា​នគរ​នេះ​ដូច​ម្ដេច​បាន ដ្បិត​មាន​ប្រជាជន​ជាង​ដប់ពីរ​ម៉ឺន​នាក់ ដែល​មិន​ទាន់​ដឹង​ខុស​ត្រូវ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ច្រើន​ឥត​គណនា​រស់​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ផង»។