២
ពិធីមង្គលការនៅភូមិកាណា
១ បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ
២ ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញពួកសិស្ស*របស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
៣ ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។
៤ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។
៥ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបំរើថា៖ «បើលោកប្រាប់អោយធ្វើអ្វី ចូរធ្វើតាមទៅ»។
៦ នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សំរាប់ធ្វើពិធីជំរះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។
៧ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបំរើថា៖ «សុំដងទឹកមកចាក់អោយពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។
៨ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។
៩ លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបំរើដែលបានដងទឹក មកចាក់ពាងទើបដឹង។
១០ គាត់ហៅកូនកំលោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
១១ នេះជាទីសំគាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសំដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។
១២ បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា ព្រមទាំងបងប្អូន និងសិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
ព្រះយេស៊ូបណ្ដេញអ្នកលក់ដូរចេញពីព្រះវិហារ
(មថ.២១:១២-១៣ មក.១១:១៥-១៧ លក.១៩.៤៥-៤៦)
១៣ បុណ្យចម្លង*របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។
១៤ នៅក្នុងបរិវេណព្រះវិហារ* ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។
១៥ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ* ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។
១៦ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។
១៧ ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖
«មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ
បានជាគេប្រហារជីវិតទូលបង្គំ»។
១៨ ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសំគាល់អ្វី បង្ហាញអោយយើងដឹងថាលោកមានសិទ្ធិធ្វើការទាំងនេះ?»។
១៩ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ*នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។
២០ ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។
២១ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។
២២ ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។
ព្រះយេស៊ូយល់ជំរៅចិត្តមនុស្ស
២៣ ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង*មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ។
២៤ ប៉ុន្តែ ព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ
២៥ មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។