២១
ព្រះយេស៊ូបង្ហាញព្រះអង្គអោយពួកសិស្សឃើញនៅជិតមាត់សមុទ្រទីបេរាស
១ ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនអោយពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺព្រះអង្គបង្ហាញអោយគេឃើញដូចតទៅ៖
២ លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសិស្សរបស់ព្រះយេស៊ូពីរនាក់ទៀតនៅជុំគ្នា។
៣ លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះ គេឥតបានត្រីសោះ។
៤ ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែ ពួកសិស្សមិនដឹងថាជាព្រះអង្គទេ។
៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។
៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។
៧ ពេលនោះ សិស្សដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។
៨ សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។
៩ គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និងនំបុ័ងអាំងពីលើផង។
១០ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។
១១ លោកស៊ីម៉ូនពេត្រុសចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។
១២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។
១៣ ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់យកនំបុ័ងមកប្រទានអោយគេ ហើយយកត្រីមកប្រទានអោយគេដែរ។
១៤ តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសំដែងព្រះអង្គអោយពួកសិស្សឃើញ។
ព្រះយេស៊ូមានព្រះបន្ទូលផ្ដាំលោកពេត្រុស
១៥ លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។
១៦ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូ លថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។
១៧ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
១៨ ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះអោយអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។
១៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់ ដើម្បីសំដែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
ព្រះយេស៊ូ និងសិស្សដែលព្រះអង្គស្រឡាញ់
២០ លោកពេត្រុសងាកមើលក្រោយឃើញសិស្ស* ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?”។
២១ កាលលោកពេត្រុសឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។
២២ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។
២៣ ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកពេត្រុសថា សិស្សនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា “ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?”។
អវសានកថា
២៤ សិស្ស*នោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។
២៥ ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះអោយបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មម សំរាប់ទុកសៀវភៅដែលគេកត់ត្រានោះបានឡើយ។