៩
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់អោយជា
១ ព្រះយេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។
២ ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។
៣ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីអោយព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។
៤ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំអោយមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។
៥ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។
៦ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ
៧ រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់អោយទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញគាត់មើលឃើញ។
៨ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។
៩ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។
១០ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។
១១ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូបានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។
១២ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
ពួកផារីស៊ីសួរចម្លើយអ្នកខ្វាក់ពីមុន
១៣ គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី*។
១៤ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់អោយបានភ្លឺនោះជាថ្ងៃសប្ប័ទ
១៥ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើអោយភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។
១៦ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សំរាប់ថ្ងៃឈប់សំរាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។
១៧ គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើអោយអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការី*មែន!»។
១៨ ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។
១៩ គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។
២០ ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។
២១ ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើអោយភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។
២២ ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រិស្ដ* ចេញពីសាលាប្រជុំ*របស់គេ។
២៣ ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយសូមសួរវាទៅ!”។
២៤ ពួកខាងគណៈផារីស៊ី*បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់! យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។
២៥ បុរសនោះតបថា៖ «លោកនោះ ជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះខ្ញុំមើលឃើញ»។
២៦ ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើអោយភ្នែកអ្នកភ្លឺ ដោយវិធីណា?»។
២៧ គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជំរាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់អោយខ្ញុំនិយាយម្ដងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។
២៨ ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញយើងជាសិស្សរបស់លោកម៉ូសេ!។
២៩ យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។
៣០ បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើអោយភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរអោយឆ្ងល់ណាស់។
៣១ យើងដឹងស្រាប់ហើយថាព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និងប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។
៣២ តាំងពីដើមរៀងមកយើងមិនដែលឮថា មាននរណាធ្វើអោយភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។
៣៣ ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។
៣៤ ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួនតាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។
៣៥ ព្រះយេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះអង្គជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស*ឬទេ?»។
៣៦ គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំអោយដឹងផង ដើម្បីអោយខ្ញុំជឿលើព្រះអង្គ»។
៣៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។
៣៨ គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។
៣៩ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្ស គឺអោយមនុស្សខ្វាក់មើលឃើញ ហើយអោយមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។
៤០ ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះអង្គ បានឮដូច្នេះក៏ទូលព្រះអង្គថា៖ «ប្រហែលជាលោកចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។
៤១ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញមកពីអ្នករាល់គ្នាថា ខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។