២២
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ «ចូរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: ២ បពិត្រ​ព្រះមហាក្សត្រ​ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​មន្ត្រី និង​ប្រជាជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ព្រះករុណា និង​អស់​លោក​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ៣  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។ ៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ពាក្យ​នេះ ស្ដេច​ទាំងឡាយ​ដែល​គ្រង​រាជ្យ​ត​ពី​ស្ដេច​ដាវីឌ នឹង​ជិះ​រទេះ ជិះ​សេះ​ចូល​តាម​ទ្វារ​វាំង​នេះ​ជា​មួយ​ពួក​មន្ត្រី និង​ប្រជាជន​ត​ទៅ​មុខ​ទៀត។ ៥ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។
៦  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ទោះ​បី​យើង​ចាត់​ទុក​វាំង​របស់​ស្ដេច​ស្រុក​យូដា
ថា​ស្អាត​ដូច​ព្រៃ​នៅ​ស្រុក​កាឡាដ
និង​ដូច​កំពូល​ភ្នំ​លីបង់​ក៏​ដោយ
យើង​នឹង​ធ្វើ​អោយ​វាំង​នេះ​ក្លាយ​ទៅ​ជា
វាល​រហោស្ថាន
ជា​កន្លែង​ដែល​គ្មាន​នរណា​រស់​នៅ។
៧ យើង​នឹង​ចាត់​មនុស្ស​អោយ​មក​បំផ្លាញ​វាំង​នេះ
គេ​នឹង​កាប់​សសរ​ដែល​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ
បោះ​ទៅ​ក្នុង​ភ្លើង។
៨ ប្រជាជាតិ​ជា​ច្រើន​ដែល​នឹង​ដើរ​ជិត​ទីក្រុង
មុខ​ជា​សួរ​គ្នា​ថា “ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់
ដាក់​ទោស​ទីក្រុង​ដ៏​ធំ​នេះ​ដូច្នេះ?”
៩ គេ​នឹង​ឆ្លើយ​ថា “មក​ពី​អ្នក​ក្រុង​ផ្ដាច់
សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ជា​ព្រះ​របស់​ខ្លួន
ហើយ​បែរ​ទៅ​ក្រាប​ថ្វាយបង្គំ
និង​គោរព​បំរើ​ព្រះ​ដទៃ”»។
ព្រះបន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម
១០ កុំ​យំ​ស្រណោះ​ស្ដេច​យ៉ូសៀស​ដែល
សោយ​ទិវង្គត​ទៅ​នោះ​ឡើយ
កុំ​កាន់​ទុក្ខ​អាឡោះអាល័យ​ស្ដេច​ទៀត
ផ្ទុយ​ទៅ​វិញ ចូរ​យំ​ស្រណោះ​ស្ដេច​សាលូម
ដែល​នឹង​ចាក​ចេញ​ទៅ
ដ្បិត​ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ
ហើយ​ទ្រង់​ក៏​នឹង​មិន​ឃើញ​ស្រុក​កំណើត
ទៀត​ដែរ។
១១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម
ជា​បុត្រ​របស់​ស្ដេច​យ៉ូសៀស
ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា
ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ ថា
ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ
១២ ទ្រង់​នឹង​សុគត​នៅ​ក្នុង​ស្រុក​ដែល
ទ្រង់​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ
ដោយ​ឥត​បាន​ឃើញ​ស្រុក​នេះ​វិញ​ឡើយ។
ព្រះបន្ទូល​ចំពោះ​ស្ដេច​យេហូយ៉ាគីម
១៣ «យេហូយ៉ាគីម​អើយ អ្នក​នឹង​ត្រូវ​វេទនា​ពុំខាន!
ដ្បិត​អ្នក​សង់​វាំង
តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត
អ្នក​សង់​បន្ទប់​នៅ​ជាន់​ខាង​លើ
តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិធម៌
អ្នក​ប្រើ​ប្រជារាស្ត្រ​អោយ​ធ្វើ​ការ
តែ​មិន​អោយ​ប្រាក់​ឈ្នួល​ទេ។
១៤ អ្នក​ពោល​ថា “យើង​នឹង​សង់​ដំណាក់​មួយ
ដ៏​ស្កឹមស្កៃ មាន​បន្ទប់​ធំ​ទូលាយ​សំរាប់​យើង”។
អ្នក​ចោះ​បង្អួច និង​ធ្វើ​ជញ្ជាំង​ពី​ឈើ​ដ៏​មាន​តម្លៃ
ហើយ​លាប​ពណ៌​ក្រហម។
១៥ តើ​អ្នក​ចង់​ពង្រឹង​រាជ​សម្បត្តិ
ដោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ​នេះ​ឬ?
បិតា​របស់​អ្នក​ធ្លាប់​បរិភោគ​បាយ​ទឹក
ដូច​អ្នក​ឯ​ទៀតៗ​ដែរ
តែ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត
និង​យុត្តិធម៌
ហេតុ​នេះ​ហើយ​បាន​ជា​បិតា​របស់​អ្នក
បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។
១៦ បិតា​របស់​អ្នក​រក​យុត្តិធម៌​អោយ​ជន​ទុគ៌ត
និង​ជន​ក្រីក្រ
ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​ទេស
មាន​សេចក្ដី​សុខសាន្ត។
ដ្បិត​អ្នក​ដែល​ស្គាល់​យើង​តែងតែ​ប្រព្រឹត្ត​ដូច្នេះ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -។
១៧ រីឯ​អ្នក​វិញ អ្នក​គិត​តែ​ពី​ស្វែង​រក
ប្រយោជន៍​ផ្ទាល់​ខ្លួន។
អ្នក​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់
និង​ជិះជាន់​ប្រជារាស្ត្រ​យ៉ាង​ព្រៃផ្សៃ»។
១៨ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល
ស្ដី​អំពី​ស្ដេច​យេហូយ៉ាគីម ជា​បុត្រ​របស់
ព្រះបាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា​ថា៖
«ពេល​យេហូយ៉ាគីម​ស្លាប់
នឹង​គ្មាន​នរណា​យំ​រៀប​រាប់
ថា “ឱ​បង​អើយ ឱ​ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”
ហើយ​ក៏​គ្មាន​នរណា​យំ​សោក ដោយ​ពោល​ថា
“ព្រះករុណា​ជា​ម្ចាស់​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”
១៩ គេ​នឹង​អូស​សាកសព​យេហូយ៉ាគីម​ចេញ​ពី
ក្រុង​យេរូសាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។
ភាព​អាម៉ាស់​របស់​ក្រុង​យេរូសាឡឹម
២០ «យេរូសាឡឹម​អើយ
ចូរ​ឡើង​ទៅ​ភ្នំ​លីបង់ ហើយ​ស្រែក​យំ​ចុះ!
ចូរ​ទៅ​យំ​សោក​នៅ​ខ្ពង់​រាប​បាសាន!
ចូរ​ទៅ​ស្រែក​ពី​លើ​ភ្នំ​អាបារីម!
ដ្បិត​គូ​ស្នេហ៍​របស់​អ្នក
បាន​វិនាស​ហិនហោច​អស់​ហើយ។
២១ ពេល​ស្រុក​សុខសាន្ត
យើង​បាន​និយាយ​ជា​មួយ​អ្នក
តែ​អ្នក​មិន​ព្រម​ស្ដាប់​ទេ។
អ្នក​តែង​ប្រកាន់​ឫកពា​ដូច្នេះ​តាំង​ពី​ក្មេង​មក
គឺ​អ្នក​មិន​ព្រម​ស្ដាប់​យើង​ឡើយ។
២២ ខ្យល់​នឹង​ផាត់​យក​ពួក​មេ​ដឹក​នាំ​របស់​អ្នក
ទៅ​បាត់​អស់ គូ​ស្នេហ៍​របស់​អ្នក
នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។
ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់ បាក់​មុខ
ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។
២៣ អ្នក​ធ្លាប់​រស់​នៅ​យ៉ាង​ស្រួល​លើ​ភ្នំ​លីបង់
និង​មាន​ទ្រនំ​ធ្វើ​ពី​ដើម​ឈើ​ដ៏​មាន​តម្លៃ។
ប៉ុន្តែ ពេល​ទុក្ខ​វេទនា​មក​ដល់ អ្នក​នឹង​ស្រែក​ថ្ងូរ
រមួល​ខ្លួន ដូច​ស្ត្រី​សំរាល​កូន!»។
ព្រះបន្ទូល​សំរាប់​ស្ដេច​យេកូនាស
២៤  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់ ទៅ​កាន់​ព្រះបាទ​យេកូនាស បុត្រ​របស់​ស្ដេច​យេហូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ទោះ​បី​អ្នក​ប្រៀប​បាន​នឹង​ត្រា​ដែល​យើង​ពាក់​នៅ​ដៃ​ស្ដាំ​ក្ដី ក៏​យើង​ត្រូវ​ដក​អ្នក​ចេញ​ដែរ។ ២៥ យើង​នឹង​ប្រគល់​អ្នក​ទៅ​អោយ​ពួក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​ធ្វើ​អោយ​អ្នក​ញ័រ​រន្ធត់ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ។ ២៦ យើង​នឹង​បោះ​បង់​ចោល​អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។ ២៧ អ្នក​ប្រាថ្នា​ចង់​វិល​មក​ស្រុក​កំណើត​វិញ​ណាស់ តែ​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ឡើយ»។
២៨ តើ​ព្រះបាទ​យេកូនាស​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​អោយ​មាក់ងាយ ដូច​ថូ​កំបែក​ដែល​គេ​បោះ​ចោល គ្មាន​នរណា​ចង់​បាន​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​នេះ និង​ព្រះរាជវង្ស​ត្រូវ​ព្រះអម្ចាស់​បោះ​បង់​ចោល ហើយ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់? ២៩ ឱ​មាតុភូមិ ឱ​មាតុភូមិ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ៣០  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ចូរ​ចាត់​ទុក​បុរស​នេះ​ដូច​មនុស្ស​គ្មាន​កូន​ត​ពូជ និង​ដូច​មនុស្ស​ធ្វើ​អ្វី​ពុំ​បាន​សំរេច​នៅ​ក្នុង​ជីវិត ដ្បិត​ក្នុង​ចំណោម​ពូជពង្ស​របស់​គេ​នឹង​គ្មាន​នរណា​ម្នាក់​ស្នង​រាជ្យ​របស់​ដាវីឌ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រប់គ្រង​លើ​ស្រុក​យូដា​ដែរ»។