២៧
លោកយេរេមាយកនឹមមកដាក់លើស្មា
១ នៅដើមរជ្ជកាលព្រះបាទសេដេគា បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ:
២ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែយកមកពាក់នៅលើស្មារបស់អ្នក។
៣ បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះទៅអោយស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេគាជាស្ដេចស្រុកយូដានៅក្រុងយេរូសាឡឹម។
៤ ចូរផ្ដាំអ្នកទាំងនោះអោយទៅប្រាប់ស្ដេចរបស់ខ្លួនថា: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរទៅប្រាប់ស្ដេចរបស់អ្នករាល់គ្នាថា
៥ យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយមហិទ្ធិឫទ្ធិ និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅអោយនរណាក៏បាន ស្រេចតែចិត្តយើង។
៦ ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះ ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបំរើរបស់យើង។ សូម្បីតែសត្វព្រៃទាំងឡាយ ក៏យើងដាក់អោយនៅក្រោមអំណាចនេប៊ូក្នេសាដែរ។
៧ ប្រជាជាតិទាំងអស់នឹងនាំគ្នាបំរើនេប៊ូក្នេសា ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូក្នេសាត្រូវប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។
៨ ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបំរើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ អោយស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេអោយវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ
១០ ដ្បិតពួកគេទាយកុហក ធ្វើអោយអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺអោយយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។
១១ ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបំរើស្ដេចស្រុកបាប៊ីឡូន យើងនឹងអោយប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចំការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ខ្ញុំក៏បាននាំពាក្យទាំងនេះ ទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដាដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូន សូមបំរើស្ដេច និងប្រជារាស្ត្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត។
១៣ មិនគួរអោយព្រះករុណា និងប្រជាជនត្រូវបាត់បង់ជីវិតដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូចព្រះអម្ចាស់មានព្រះបន្ទូលទុក អំពីប្រជាជាតិដែលពុំព្រមបំរើស្ដេចស្រុកបាប៊ីឡូននោះឡើយ។
១៤ សូមកុំស្ដាប់ពាក្យរបស់ពួកព្យាការីដែលពោលថា “អ្នករាល់គ្នានឹងមិនបំរើស្ដេចស្រុកបាប៊ីឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។
១៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះអោយមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើអោយយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកព្យាការី ដែលថ្លែងពាក្យក្លែងក្លាយប្រាប់អ្នករាល់គ្នាមុខជាត្រូវវិនាសពុំខាន។
១៦ ខ្ញុំបានប្រាប់ក្រុមបូជាចារ្យ និងប្រជាជនទាំងមូលដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ព្យាការីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេអោយសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។
១៧ កុំស្ដាប់ព្យាការីទាំងនោះឡើយ ចូរនាំគ្នាបំរើស្ដេចស្រុកបាប៊ីឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្ដោយអោយក្រុងនេះវិនាសឡើយ។
១៨ ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈពួកគេមែន ចូរអោយពួកគេទូលអង្វរព្រះអម្ចាស់នៃពិភពទាំងមូល សូមអោយសម្ភារៈដែលនៅសេសសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំអោយគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។
១៩ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលអំពីសសរអាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេសសល់ក្នុងក្រុងនេះ
២០ គឺរបស់ដែលព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនពុំបានយកទៅជាមួយ នៅពេលស្ដេចចាប់ព្រះបាទយេកូនាស បុត្ររបស់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូសាឡឹម និងនៅស្រុកយូដាយកពីក្រុងយេរូសាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។
២១ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលស្ដីអំពីសម្ភារៈដែលនៅសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរបស់នៅក្នុងដំណាក់ស្ដេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូសាឡឹមថា:
២២ គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ីឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។