៤១
១ នៅខែទីប្រាំពីរ លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ាដែលជាប់ពូជស្ដេច ហើយធ្លាប់កាន់មុខតំណែងនៅក្នុងវាំង បានមកជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមនៅមីសប៉ា ដោយនាំទាហានដប់នាក់មកជាមួយផង។ ពេលកំពុងតែបរិភោគជាមួយគ្នា
២ លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងអោយគ្រប់គ្រងស្រុក។
៣ លោកអ៊ីស្មាអែលក៏បានសម្លាប់ជនជាតិយូដាទាំងអស់ ព្រមទាំងទាហានជាតិខាល់ដេដែលនៅជាមួយលោកកេដាលានៅមីសប៉ាដែរ។
៤ ពេលនោះ គ្មាននរណាដឹងអំពីការធ្វើឃាតលោកកេដាលាទេ។ នៅថ្ងៃបន្ទាប់
៥ មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ និងពីក្រុងសាម៉ារីមកដល់ទាំងកោរពុកចង្កា និងស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់តង្វាយ និងគ្រឿងក្រអូប ដើម្បីយកទៅថ្វាយនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
៦ លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានាចេញពីមីសប៉ា ដើរទៅរកពួកគេទាំងយំផង។ ពេលជួបពួកគេហើយគាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមសិន»។
៧ ពេលទៅដល់កណ្ដាលទីក្រុង លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាបានសម្លាប់ពួកគេ រួចបោះសាកសពទៅក្នុងអណ្ដូង ដោយមានអស់អ្នកដែលនៅជាមួយគាត់ជួយផង។
៨ ប៉ុន្តែ ក្នុងចំណោមពួកគេមានដប់នាក់ ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចំការ គឺមានស្រូវមានអង្ករប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតអោយអ្នកទាំងដប់នោះ។
៩ រីឯអណ្ដូងដែលលោកអ៊ីស្មាអែលបោះសាកសពអ្នកដែលគាត់បានសម្លាប់ ជាអណ្ដូងដែលព្រះបាទអេសាជាស្ដេចស្រុកយូដាបានជីក នៅគ្រាធ្វើសឹកជាមួយព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល។ លោកអ៊ីស្មាអែលបោះសាកសពពេញក្នុងអណ្ដូងនោះ។
១០ លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្ដេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដានជារាជប្រតិភូផ្ទុកផ្ដាក់ទៅអោយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មើលខុសត្រូវនាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។
១១ កាលលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយ ដឹងពីអំពើអាក្រក់ទាំងប៉ុន្មានដែលលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានាបានប្រព្រឹត្ត
១២ ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ពួកគេតាមគាត់ទាន់នៅបឹងគីបៀន។
១៣ ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។
១៤ ពេលនោះ ប្រជាជនដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយចូលដៃជាមួយលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា។
១៥ រីឯលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា និងបក្សពួករបស់គាត់ប្រាំបីនាក់បានគេចខ្លួនរួច ហើយរត់ទៅដល់ស្រុកអាំម៉ូន។
១៦ លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជន ដែលលោករំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម។
១៧ ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប
១៨ ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនតែងតាំងអោយគ្រប់គ្រងស្រុក។