៤៣
លោកយេរេមាត្រូវគេនាំទៅស្រុកអេស៊ីប
១ កាលលោកយេរេមាថ្លែងប្រាប់ប្រជាជនទាំងមូល នូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់អោយលោកនាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ
២ លោកអសារាជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់លោកយេរេមាថា៖ «លោកនិយាយកុហក! ព្រះអម្ចាស់ជាព្រះរបស់យើង ពុំបានចាត់លោកអោយមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ
៣ គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលលោកអោយប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។
៤ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់អោយពួកគេរស់នៅក្នុងស្រុកយូដាឡើយ។
៥ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ពនាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ
៦ រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដានជារាជប្រតិភូបានទុកអោយនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំព្យាការីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។
៧ ពួកគេពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងថាផ្នេស។
ព្រះបន្ទូលស្ដីអំពីព្រះចៅនេប៊ូក្នេសាវាយលុកស្រុកអេស៊ីប
៨ នៅថាផ្នេសព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
៩ «ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្ដេចផារ៉ោន នាក្រុងតាផាណែស អោយប្រជាជនយូដាឃើញ
១០ រួចប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: យើងនឹងប្រើគេអោយទៅហៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបំរើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូក្នេសា ត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូក្នេសាក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។
១១ នេប៊ូក្នេសានឹងមកវាយស្រុកអេស៊ីប។ ពេលនោះ អ្នកណាដែលតំរូវអោយស្លាប់ អ្នកនោះត្រូវតែស្លាប់អ្នកណាដែលតំរូវអោយជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរយកទៅជាឈ្លើយ អ្នកណាដែលតំរូវអោយស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ!
១២ យើងនឹងដុតកំទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូក្នេសានឹងដុតកំទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជយភ័ណ្ឌផង។ នេប៊ូក្នេសានឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូក្នេសាចាកចេញទៅវិញ ដោយសុខសាន្ត។
១៣ ស្ដេចស្រុកបាប៊ីឡូននឹងកំទេចស្ដូបទាំងឡាយ នៅក្រុងបេតសេម៉េសក្នុងស្រុកអេស៊ីប ព្រមទាំងដុតកំទេចទីសក្ការៈរបស់ព្រះនានានៃស្រុកអេស៊ីបផង»។