១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​នោះ គេ​នឹង​យក​ធាតុ​ស្ដេច​របស់​ស្រុក​យូដា ធាតុ​របស់​មន្ត្រី ធាតុ​របស់​បូជាចារ្យ ធាតុ​របស់​ព្យាការី ព្រម​ទាំង​ធាតុ​របស់​អ្នក​ក្រុង​យេរូសាឡឹម​ចេញ​ពី​ផ្នូរ ២ ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះអាទិត្យ ក្រោម​ព្រះច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បំរើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍ទាយ និង​ធ្លាប់​ក្រាប​ថ្វាយបង្គំ។ គ្មាន​នរណា​ប្រមូល​ធាតុ​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។ ៣ រីឯ​អ្នក​ដែល​នៅ​សេសសល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរបង់​អោយ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។
ប្រជាជាតិ​នេះ​ឥត​យល់​អ្វី​ទាំង​អស់
៤ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល
ដូច​ត​ទៅ:
«ធម្មតា​អ្នក​ដួល តែងតែ​ក្រោក​ឡើង​វិញ
ហើយ​អ្នក​វង្វេង​ផ្លូវ
ក៏​តែងតែ​បក​ក្រោយ​វិញ​ដែរ។
៥ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រជាជន
ក្រុង​យេរូសាឡឹម​នាំ​គ្នា​វង្វេង​ចេញ​ពី​យើង
ហើយ​ចេះ​តែ​មាន​ចិត្ត​សាវ៉ា​ដូច្នេះ?
ពួក​គេ​នៅ​តែ​ឈ្លក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ
ពួក​គេ​ពុំ​ព្រម​វិល​ត្រឡប់​មក​វិញ​ទេ!។
៦ យើង​ផ្ទៀង​ត្រចៀក​ស្ដាប់
ឮ​ពួក​គេ​ពោល​ពាក្យ​សុទ្ធ​តែ​ឥត​ខ្លឹមសារ
គ្មាន​នរណា​ម្នាក់​សោក​ស្ដាយ​ថា
ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ពោល​ថា
“ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ” នោះ​ឡើយ
គឺ​ពួក​គេ​ទាំង​អស់​គ្នា​រត់​ទៅ​ប្រព្រឹត្ត​តាម
អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សេះ​បោល​ក្នុង​សមរភូមិ។
៧ កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាល
ហើយ​លលក ត្រចៀកកាំ និង​ស្មោញ
ក៏​ចេះ​សំគាល់​មើល​ថា
តើ​ពេល​ណា​វា​ត្រូវ​វិល​មក​វិញ​ដែរ
ប៉ុន្តែ ប្រជាជន​របស់​យើង​មិន​ស្គាល់
វិន័យ​របស់​យើង​ទេ។
 
៨ តើ​ធ្វើ​ម្ដេច​អោយ​អ្នក​រាល់​គ្នា​អាច​ពោល​ថា
“ពួក​យើង​ជា​មនុស្ស​មាន​ប្រាជ្ញា
ដ្បិត​ពួក​យើង​មាន​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់
បើ​ស្មៀន​ចម្លង​គម្ពីរ​វិន័យ
នាំ​គ្នា​ចម្លង​ទាំង​បង្ខុស​ដូច្នេះ?
៩ អ្នក​ប្រាជ្ញ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់
ពួក​គេ​នឹង​វង្វេងវង្វាន់​ជាប់​អន្ទាក់។
ពួក​គេ​មាក់ងាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី?
១០ ហេតុ​នេះ​យើង​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ
ទៅ​អោយ​អ្នក​ដទៃ
ប្រគល់​ស្រែ​ចំការ​របស់​ពួក​គេ​ទៅ​អោយ
អស់​អ្នក​ដែល​នឹង​មក​ចាប់​យក
ដ្បិត​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ស្វែង​រក
ប្រយោជន៍​ផ្ទាល់​ខ្លួន
គឺ​ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ
ហើយ​ចាប់​តាំង​ពី​ព្យាការី​រហូត​ដល់​បូជាចារ្យ
សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។
១១ ពួក​គេ​មិន​ឈឺឆ្អាល​នឹង​ទុក្ខ​វេទនា
នៃ​ប្រជាជន​របស់​យើង​ទេ។
ពួក​គេ​និយាយ​ពី «សន្តិភាព! សន្តិភាព!»
តែ​គ្មាន​សន្តិភាព​ទាល់​តែ​សោះ!។
១២ ពួក​គេ​គួរ​តែ​អាម៉ាស់
ដោយ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ។
ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់
មិន​យល់​ថា គេ​បន្ថោក​ខ្លួន​ឯង​ឡើយ។
ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស
ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស។
នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ
ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
 
១៣  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា:
«យើង​សំរេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោល
ព្រោះ​ពេល​យើង​ចង់​ប្រមូល​ផល
ពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះ
គឺ​ដូច​ចំការ​ទំពាំងបាយជូរ​ដែល​គ្មាន​ផ្លែ
ដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែ
ហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។
ដូច្នេះ យើង​នឹង​ប្រគល់​ដី​អោយ
អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។
 
១៤ «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ
ចូរ​ប្រមែប្រមូល​គ្នា​មក
ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹងមាំ
ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ
ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង
ធ្វើ​អោយ​យើង​វិនាស
ព្រះអង្គ​អោយ​យើង​ផឹក​ទឹក​ដែល​មាន​ពិសពុល
ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង
ព្រះហឫទ័យ​របស់​ព្រះអង្គ។
១៥ ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខ
តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ!
យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយ
យើង​បាន​ជា​សះស្បើយ
តែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!
១៦ សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់
សំរែក​របស់​វា​បាន​ធ្វើ​អោយ​ផែនដី​ញាប់ញ័រ
ពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុក
និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក
ពួក​គេ​បំផ្លាញ​ក្រុង
និង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។
១៧ «យើង​នឹង​ប្រើ​ពស់វែក និង​ពស់​អសិរពិស
អោយ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែល
គ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ទំនួញ​របស់​លោក​យេរេមា
១៨ ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណ
តែ​គ្មាន​អ្វី​អាច​សំរាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ
១៩ សំរែក​យំ​សោក​នៃ​ប្រជាជន​របស់​ខ្ញុំ
លាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ
ព្រះអម្ចាស់​លែង​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ?
ក្រុង​ស៊ីយ៉ូន​លែង​មាន​ព្រះមហាក្សត្រ​ហើយ​ឬ?
«ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​អោយ​យើង​ខឹង
ដោយសារ​រូប​ព្រះ​ក្លែងក្លាយ​ជា​ព្រះ​ឥត​បាន​ការ
របស់​សាសន៍​ដទៃ​ដូច្នេះ?»។
 
២០ រដូវ​ចំរូត​កន្លង​ផុត​ទៅ
រដូវ​ប្រាំង​ក៏​ជិត​ផុត​ទៅ​ដែរ
តែ​ពួក​យើង​ពុំ​បាន​ទទួល​ការ​សង្គ្រោះ​សោះ!
២១ ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ខ្ទេចខ្ទាំ
ដោយសារ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ
ខ្ញុំ​វិលវល់​ស្មារតី ដោយសារ​ទុក្ខ​ព្រួយ​ដ៏​ធ្ងន់។
២២ តើ​នៅ​ស្រុក​កាឡាដ​លែង​មាន​ប្រេង
សំរាប់​រឹត​អោយ​បាន​ធូរ​ស្រាល​ហើយ​ឬ?
តើ​នៅ​ទី​នោះ លែង​មាន​គ្រូពេទ្យ​ហើយ​ឬ?
ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជាជន​របស់​ខ្ញុំ
មិន​ព្រម​សះ​ដូច្នេះ?