១៤
ការបែងចែកទឹកដីខាងលិចទន្លេយ័រដាន់
១ ជនជាតិអ៊ីស្រាអែលបានទទួលទឹកដីស្រុកកាណាន ដែលលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានាបែងចែកអោយជាមត៌កដូចតទៅនេះ
២ គឺកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ
៣ ដ្បិតកាលពីមុន លោកម៉ូសេចែកទឹកដីអោយកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែលោកពុំបានចែកទឹកដីអោយកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។
៤ គេចាត់ទុកកូនចៅលោកយ៉ូសែប ជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសំរាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដីធ្លីសំរាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។
៥ ជនជាតិអ៊ីស្រាអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។
លោកកាលែបទទួលទឹកដីហេប្រូន
៦ កូនចៅយូដាបាននាំគ្នាមកជួបលោកយ៉ូស្វេនៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបស្រាប់ហើយ នូវព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នៅស្រុកកាដេស-បារនា ស្ដីអំពីយើងទាំងពីរ គឺលោក និងខ្ញុំ។
៧ កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ លោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអម្ចាស់បានចាត់ខ្ញុំពីកាដេស-បារនាអោយមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្ដីរាយការណ៍ជូនទៅលោកវិញ ដោយស្មោះត្រង់។
៨ បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើអោយប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។
៩ នៅថ្ងៃនោះ លោកម៉ូសេបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថា កូនចៅរបស់ខ្ញុំ ព្រមទាំងខ្ញុំ នឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមត៌ក រហូតតទៅ ព្រោះខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។
១០ ព្រះអម្ចាស់មានព្រះបន្ទូលនេះមកលោកម៉ូសេកាលពីសែសិបប្រាំឆ្នាំមុន គឺនៅគ្រាដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន។ ព្រះអម្ចាស់បានទុកជីវិតអោយខ្ញុំនៅរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ឥឡូវនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។
១១ សព្វថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចថ្ងៃ ដែលលោកម៉ូសេបានចាត់ខ្ញុំអោយទៅនោះដែរ។ ខ្ញុំនៅតែមានកម្លាំងដូចមុន ល្មមនឹងចេញទៅប្រយុទ្ធ ឬធ្វើការអ្វីផ្សេងទៀត។
១២ សូមប្រគល់ស្រុកភ្នំមកអោយខ្ញុំ ដ្បិតនៅគ្រានោះ ព្រះអម្ចាស់បានសន្យាថា នឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជំរាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើព្រះអម្ចាស់គង់ជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្ដាប់ដៃរបស់ពួកគេមិនខាន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់»។
១៣ លោកយ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនលោក ទុកជាមត៌ក។
១៤ ក្រុងហេប្រូននៅជាកម្មសិទ្ធិរបស់កូនចៅកាលែប ជាកូនលោកយេភូនេ ក្នុងអំបូរកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះលោកបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយស្មោះអស់ពីចិត្ត។
១៥ កាលពីដើម ក្រុងហេប្រូនមានឈ្មោះថា គារយ៉ាត-អើបា។ លោកអើបាជាបុរសម្នាក់ដែលមានមាឌធំជាងគេ ក្នុងចំណោមជនជាតិអាណាក់។
ចាប់ពីពេលនោះមក ស្រុកទេសក៏បានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។