១៦
ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម
១ ទឹកដីដែលជាចំណែករបស់កូនចៅលោកយ៉ូសែប លាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្ដូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោស្ថានដែលឡើងពីក្រុងយេរីខូ ទៅភ្នំបេតអែល។
២ ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអើគី ត្រង់ក្រុងអាថារ៉ូត
៣ រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។
៤ នេះហើយទឹកដី ដែលជាមត៌ករបស់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធម៉ាណាសេ និងកុលសម្ព័ន្ធអេប្រាអ៊ីម។
៥ ព្រំប្រទល់ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេមានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាថារ៉ូត-អាដើរ រហូតដល់បេតហូរ៉ូនលើ
៦ ហើយបន្តឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ។ ខាងជើងកាត់តាមក្រុងមីគមេថា ហើយឆៀងខាងកើតក្រុងនោះ រហូតទៅក្រុងតាណាត-ស៊ីឡូ ហើយឆ្លងកាត់ស្រុកនោះឆ្ពោះទៅខាងកើតយ៉ាណូហា។
៧ បន្ទាប់មក ព្រំប្រទល់នោះ ចុះពីយ៉ាណូហាទៅអាថារ៉ូត និងណារ៉ាតា ហើយបែរមកក្រុងយេរីខូវិញ រហូតដល់ទន្លេយ័រដាន់។
៨ បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពួរឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់ខាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយ ទឹកដី ដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ
៩ ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។
១០ កូនចៅអេប្រាអ៊ីមពុំបានបណ្ដេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។