១០
រាជវង្សរបស់ព្រះបាទអហាប់ត្រូវរលត់
១ ព្រះបាទអហាប់មានបុត្រាចិតសិបអង្គ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុងព្រឹទ្ធាចារ្យ និងគ្រូបាធ្យាយរបស់បុត្រព្រះបាទអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្ដីដូចតទៅ៖
២ «អស់លោកមានបុត្រារបស់ស្ដេច ព្រមទាំងរទេះចំបាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្រ្ដាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
៣ ចូរជ្រើសតាំងបុត្រណាមួយដែលប្រសើរជាងគេ អោយឡើងគ្រងរាជ្យជំនួសបិតា ហើយត្រៀមខ្លួនប្រយុទ្ធការពាររាជវង្ស នៃម្ចាស់របស់អស់លោកទៅ»។
៤ ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្ដេចទាំងពីរអង្គនោះពុំអាចតទល់នឹងលោកយេហ៊ូវបានផង ចុះទំរាំបើយើងវិញ តើយើងអាចតទល់នឹងលោកដូចម្ដេចបាន?»។
៥ អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកព្រឹទ្ធាចារ្យ និងពួកគ្រូបាធ្យាយចាត់គេ អោយទៅជំរាបលោកយេហ៊ូវថា៖ «យើងខ្ញុំប្របាទជាអ្នកបំរើរបស់លោកម្ចាស់ យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកម្ចាស់បង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្ដេចទេ សូមលោកម្ចាស់ប្រព្រឹត្តតាមតែលោកម្ចាស់យល់ឃើញថាល្អចុះ!»។
៦ លោកយេហ៊ូវធ្វើសារមួយទៀត ផ្ញើជូនអស់លោកទាំងនោះ មានសេចក្ដីដូចតទៅ៖ «ប្រសិនបើអស់លោកចូលមកខាងខ្ញុំ និងស្ដាប់តាមបញ្ជារបស់ខ្ញុំ ចូរកាត់កបុត្រាទាំងអស់របស់ម្ចាស់អស់លោក ហើយយកក្បាលមកអោយខ្ញុំនៅក្រុងយេសរាល នាថ្ងៃស្អែក ពេលថ្មើរនេះ!»។ ពេលនោះ បុត្រាទាំងចិតសិបអង្គរស់នៅតាមផ្ទះរបស់នាម៉ឺនធំៗ ក្នុងក្រុងសាម៉ារី ហើយលោកទាំងនោះចិញ្ចឹមពួកគេ។
៧ ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្ដេចទាំងចិតសិបអង្គនោះ មកកាត់កយកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។
៨ អ្នកនាំសារម្នាក់រត់ទៅជំរាបលោកយេហ៊ូវថា គេនាំក្បាលរបស់កូនស្ដេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។
៩ លុះព្រឹកឡើង លោកយេហ៊ូវចេញទៅឈរនៅមាត់ទ្វារក្រុង ហើយប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាគ្មានទោសអ្វីទេ! គឺខ្ញុំទេតើដែលបានបះបោរប្រឆាំងនឹងស្ដេច ព្រមទាំងធ្វើគុតស្ដេចទៀតផង។ រីឯអ្នកទាំងនេះវិញ តើនរណាជាអ្នកសម្លាប់?
១០ ដូច្នេះ សូមអ្នករាល់គ្នាជ្រាបថា ព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ថ្លែងប្រឆាំងនឹងរាជវង្សរបស់ស្ដេចអហាប់ សុទ្ធតែបានសំរេចឥតខ្វះត្រង់ណាឡើយ! ព្រះអម្ចាស់បានសំរេចតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូលតាមរយៈលោកអេលីយ៉ា ជាអ្នកបំរើរបស់ព្រះអង្គ»។
១១ លោកយេហ៊ូវប្រហារជីវិតញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងយេសរាល ព្រមទាំងពួកនាម៉ឺនធំៗ អស់អ្នកដែលជិតស្និទ្ធនឹងស្ដេច ពួកបូជាចារ្យរបស់ស្ដេច ដោយពុំទុកនរណាម្នាក់អោយរួចជីវិតឡើយ។
លោកយេហ៊ូវប្រហារជីវិតរាជវង្សរបស់ស្ដេចយូដា
(២របាក្សត្រ ២២:៨)
១២ បន្ទាប់មក លោកយេហ៊ូវក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសាម៉ារី។ ពេលធ្វើដំណើរទៅដល់សាលាសំណាក់របស់ពួកគង្វាល
១៣ លោកបានជួបនឹងបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា។ លោកសួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ច ចំពោះបុត្ររបស់ព្រះមហាក្សត្រ និងបុត្ររបស់ព្រះមហាក្សត្រិយានី»។
១៤ លោកយេហ៊ូវបញ្ជាថា៖ «ចូរចាប់ពួកគេទាំងរស់!»។ គេក៏ចាប់អ្នកទាំងនោះទាំងរស់នាំយកទៅសម្លាប់ ហើយបោះសាកសពទៅក្នុងអណ្ដូងទឹកនៃសាលាសំណាក់នោះ។ អ្នកទាំងនោះមានគ្នាចំនួនសែសិបពីរនាក់ លោកយេហ៊ូវឥតទុកនរណាម្នាក់ អោយរត់រួចឡើយ។
លោកយេហ៊ូវជួបនឹងលោកយ៉ូណាដាប់
១៥ កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាបដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជំរាបសួរគាត់ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។
១៦ លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមមកជាមួយខ្ញុំ នោះលោកនឹងឃើញចិត្តស្រឡាញ់មោះមុតរបស់ខ្ញុំចំពោះព្រះអម្ចាស់!»។ លោកយេហ៊ូវក៏នាំលោកយ៉ូណាដាប់ ឡើងជិះរទេះទៅជាមួយលោក។
១៧ លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេអោយផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកអេលីយ៉ា។
លោកយេហ៊ូវលុបបំបាត់ការថ្វាយបង្គំព្រះបាល
១៨ លោកយេហ៊ូវប្រមូលប្រជាជនទាំងមូល នៅក្រុងសាម៉ារី ហើយប្រកាសថា៖ «ព្រះបាទអហាប់ធ្លាប់គោរពព្រះបាលតែបន្តិចបន្តួចទេ រីឯខ្ញុំវិញ ខ្ញុំនឹងគោរពព្រះបាលយ៉ាងម៉ត់ចត់បំផុត។
១៩ ឥឡូវនេះ ចូរប្រមូលពួកព្យាការី ពួកអ្នកគោរពបំរើ និងពួកបូជាចារ្យទាំងអស់របស់ព្រះបាលអោយមកជួបជុំជាមួយយើង។ សូមកុំអោយនរណាម្នាក់អវត្តមានឡើយ ដ្បិតខ្ញុំចង់ថ្វាយយញ្ញបូជាមួយយ៉ាងធំចំពោះព្រះបាល។ បើនរណាម្នាក់អាក់ខាននឹងត្រូវប្រហារជីវិត»។ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ ដើម្បីលុបបំបាត់ពួកអ្នកគោរពបំរើព្រះបាលអោយអស់។
២០ លោកយេហ៊ូវបញ្ជាអោយគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ថ្វាយព្រះបាល។ គេក៏ប្រកាសដំណឹងនេះ
២១ ដោយចាត់អ្នកនាំសារទៅគ្រប់ទិសទី ក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ អស់អ្នកគោរពបំរើព្រះបាលមកចូលរួមទាំងអស់គ្នា ឥតមាននរណាម្នាក់អវត្តមានឡើយ។ ពួកគេចូលទៅក្នុងវិហាររបស់ព្រះបាលពេញណែនតាន់តាប់ទាំងអស់។
២២ លោកយេហ៊ូវបញ្ជាដល់អ្នកគ្រប់គ្រងផ្នែកសម្លៀកបំពាក់សំរាប់ថ្វាយបង្គំព្រះបាលថា៖ «ចូរចែកសម្លៀកបំពាក់ជូនអស់អ្នកដែលបំពេញមុខងារបំរើព្រះបាលចុះ!»។ គេយកសម្លៀកបំពាក់មកចែកអោយអ្នកទាំងនោះគ្រប់ៗគ្នា។
២៣ លោកយេហ៊ូវអញ្ជើញមកដល់វិហាររបស់ព្រះបាលជាមួយនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ហើយលោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលគោរពបំរើព្រះបាលថា៖ «ចូរពិនិត្យមើល កុំអោយមានអ្នកបំរើព្រះអម្ចាស់ស្ថិតនៅទីនេះឡើយ គឺអោយមានតែអស់អ្នកដែលគោរពបំរើព្រះបាលប៉ុណ្ណោះ»។
២៤ ពេលនោះ លោកយេហ៊ូវ និងលោកយ៉ូណាដាប់ក៏ចូលទៅក្នុងវិហារ ដើម្បីថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូលដែរ។
លោកយេហ៊ូវបានដាក់ទាហានប៉ែតសិបនាក់ អោយចាំនៅខាងក្រៅដោយបញ្ជាថា៖ «ខ្ញុំប្រគល់អ្នកទាំងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ អ្នកណាបណ្ដោយអោយមនុស្សម្នាក់រត់រួចអ្នកនោះនឹងត្រូវស្លាប់ជំនួស»។
២៥ ពេលថ្វាយតង្វាយដុតទាំងមូលរួចស្រេចហើយ លោកយេហ៊ូវបញ្ជាទៅពលទាហាន និងនាយទាហានទ័ពសេះថា៖ «ចូរចូលទៅប្រហារពួកគេទាំងអស់គ្នា កុំអោយនរណាម្នាក់រត់រួចឡើយ!»។ ទាហានទាំងនោះក៏ប្រហារពួកគេដោយមុខដាវ ហើយបោះសាកសពចេញមកក្រៅ រួចចូលទៅខាងក្នុងទីសក្ការៈនៃវិហាររបស់ព្រះបាល។
២៦ ពួកគេយកស្ដូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។
២៧ ក្រោយពីបានដុតបំផ្លាញស្ដូបរបស់ព្រះបាលចោល ហើយពួកគេរំលំវិហាររបស់ព្រះបាល រួចយកទីនោះធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។
ព្រះបាទយេហ៊ូវសោយរាជ្យនៅស្រុកអ៊ីស្រាអែល
២៨ ព្រះបាទយេហ៊ូវលុបបំបាត់ការគោរពព្រះបាលចេញពីស្រុកអ៊ីស្រាអែល
២៩ ប៉ុន្តែ ទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបាននាំប្រជាជនអ៊ីស្រាអែល អោយប្រព្រឹត្តដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
៣០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល រហូតដល់បួនតំណ»។
៣១ ប៉ុន្តែ ព្រះបាទយេហ៊ូវពុំព្យាយាមកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលដោយស្មោះអស់ពីចិត្តទេ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រាអែល អោយប្រព្រឹត្តនោះឡើយ។
៣២ តាំងពីពេលនោះមក ព្រះអម្ចាស់ចាប់ផ្ដើមកាត់បន្ថយទឹកដីអ៊ីស្រាអែល។ ព្រះបាទហាសែលជាស្ដេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល
៣៣ គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ស្រុកកាឡាដទាំងមូល ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរ ដែលស្ថិតនៅមាត់ស្ទឹងអើណូន ព្រមទាំងស្រុកកាឡាដ និងបាសានផង។
៣៤ រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេហ៊ូវ និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចគ្រប់យ៉ាងរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
៣៥ ព្រះបាទយេហ៊ូវសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាហាស ជាបុត្រឡើងស្នងរាជ្យ។
៣៦ ព្រះបាទយេហ៊ូវសោយរាជ្យបានម្ភៃប្រាំបីឆ្នាំ នៅក្រុងសាម៉ារី។