២៣
ការកែទំរង់នៅរជ្ជកាលព្រះបាទយ៉ូសៀស
(២របា.៣៤:២៩-៣៣, ៣-៧)
១ ព្រះរាជាចាត់គេអោយទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។
២ បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យព្យាការី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អោយប្រជាជនស្ដាប់។
៣ ព្រះរាជាឈរនៅលើវេទិកា នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយ ព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
៤ ស្ដេចចេញបញ្ជាដល់លោកមហាបូជាចារ្យហ៊ីលគីយ៉ា និងពួកបូជាចារ្យថ្នាក់បន្ទាប់ ព្រមទាំងក្រុមយាមទ្វារអោយយកវត្ថុទាំងប៉ុន្មាន ដែលគេថ្វាយព្រះបាល ព្រះអាសេរ៉ា និងផ្កាយទាំងប៉ុន្មាននៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះអម្ចាស់។ គេយកវត្ថុទាំងនោះទៅដុតចោលនៅក្រៅក្រុងយេរូសាឡឹម ក្នុងជ្រោះកេដ្រូន រួចយកផេះទៅចោលនៅបេតអែល។
៥ ស្ដេចលុបបំបាត់ពួកបូជាចារ្យដែលស្ដេចស្រុកយូដាបានលើកបន្តុប សំរាប់ដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៃក្រុងទាំងឡាយក្នុងស្រុកយូដា និងនៅជុំវិញក្រុងយេរូសាឡឹម។ ស្ដេចលុបបំបាត់អស់អ្នកដែលដុតគ្រឿងក្រអូបថ្វាយព្រះបាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និងហ្វូងតារាទាំងប៉ុន្មាននៅលើមេឃ។
៦ ស្ដេចយកបង្គោលរបស់ព្រះអាសេរ៉ា ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅចោលក្រៅក្រុងយេរូសាឡឹម រួចដុតនៅជ្រោះកេដ្រូន។ គេដុតកំទេចបង្គោលនោះអោយទៅជាផេះ ហើយយកផេះទៅបាចលើផ្នូររបស់ប្រជាជន។
៧ ព្រះបាទយ៉ូសៀសកំទេចកន្លែងសំរាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
៨ ស្ដេចកោះហៅបូជាចារ្យទាំងអស់ ពីក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ស្ដេចបានបំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ចាប់ពីក្រុងកេបារហូតដល់បៀរសេបា ជាកន្លែងដែលបូជាចារ្យទាំងនោះធ្លាប់ដុតគ្រឿងក្រអូប។ ស្ដេចក៏រំលំកន្លែងសក្ការៈនៅតាមទ្វារក្រុងយេរូសាឡឹម ដូចជាកន្លែងសក្ការៈដែលស្ថិតនៅខាងឆ្វេងទ្វារលោកយ៉ូស្វេ ជាអភិបាលក្រុង។
៩ ពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗ គ្មានសិទ្ធិឡើងទៅថ្វាយយញ្ញបូជានៅលើអាសនៈរបស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមទេ តែពួកគេអាចបរិភោគនំបុ័ងឥតមេ ជាមួយបូជាចារ្យដទៃទៀតបាន។
១០ ព្រះបាទយ៉ូសៀសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផេត ក្នុងជ្រលងភ្នំបេនហ៊ិនណម ដើម្បីកុំអោយនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅធ្វើបូជាយញ្ញថ្វាយព្រះម៉ូឡុកទៀតឡើយ។
១១ ព្រះបាទយ៉ូសៀសយករូបសេះទាំងប៉ុន្មាន ដែលស្ដេចស្រុកយូដាធ្វើថ្វាយព្រះអាទិត្យ ចេញពីមាត់ទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ រូបទាំងនោះស្ថិតក្បែរបន្ទប់របស់លោកមហាតលិកនេថាន-មេឡេក គឺនៅក្នុងបន្ទប់អម។ ស្ដេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។
១២ ស្ដេចរំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទអហាស់ និងស្ដេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្ដេចក៏រំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្ដេចយកកំទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
១៣ ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះ ថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូសជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូមជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
១៤ ស្ដេចវាយបំបាក់ស្ដូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកធាតុមនុស្សមករាយពាសពេញទីនោះវិញ។
១៥ ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែល អោយប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតអោយទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
១៦ ព្រះបាទយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាអោយគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្ដេចធ្វើអោយអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។
១៧ ស្ដេចមានរាជឱង្ការថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងទូលថា៖ «គឺផ្នូរអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលព្រះករុណាទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។
១៨ ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។
១៩ កាលពីដើម ស្ដេចនានានៃស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្ដាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ព្រះបាទយ៉ូសៀសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចទ្រង់បានធ្វើនៅបេតអែលដែរ។
២០ ស្ដេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មក ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
ជនជាតិយូដាប្រារព្ធពិធីបុណ្យចម្លង*
(២របា.៣៥:១, ១៨-១៩)
២១ ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរសម្ពន្ធមេត្រី»។
២២ តាំងពីជំនាន់ពួកចៅហ្វាយ និងក្នុងជំនាន់ស្ដេចនានានៃស្រុកអ៊ីស្រាអែល និងស្រុកយូដា គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះទេ។
២៣ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។
ដំណាក់ចុងក្រោយនៃរាជ្យព្រះបាទយ៉ូសៀស
(២របា.៣៥:២០-២៧, ៣៦:១)
២៤ ព្រះបាទយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីម*សំរាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីអោយបានស្របតាមសេចក្ដីទាំងប៉ុន្មានចែងទុកក្នុងគម្ពីរ ដែលលោកបូជាចារ្យហ៊ីលគីយ៉ា បានរកឃើញ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
២៥ កាលពីមុនពុំដែលមានស្ដេចអង្គណាមួយវិលមករកព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចព្រះបាទយ៉ូសៀសឡើយ ហើយក្រោយមកក៏គ្មានដែរ។
២៦ ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ប្រឆាំងនឹងអ្នកស្រុកយូដាយ៉ាងខ្លាំងដូចមុនដដែល ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
២៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងបណ្ដេញជនជាតិយូដាចេញអោយឆ្ងាយពីមុខយើង ដូចយើងបានបណ្ដេញជនជាតិអ៊ីស្រាអែលដែរ។ យើងនឹងបោះបង់ចោលយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ព្រមទាំងបោះបង់ចោលដំណាក់ ជាកន្លែងដែលយើងសំដែងនាមរបស់យើង»។
២៨ រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសៀស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
២៩ ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្ដេចស្រុកអាស្ស៊ីរី។ ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលព្រះចៅផារ៉ោនទតឃើញ ក៏ធ្វើគុតព្រះបាទយ៉ូសៀសនៅមេគីដោ។
៣០ ពួកនាយទាហានលើកសពរបស់ស្ដេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្ដេច។ ប្រជាជននៅស្រុកយូដា នាំគ្នាជ្រើសរើសព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយ៉ូសៀស មកចាក់ប្រេងអភិសេកអោយស្នងរាជ្យបិតា។
ព្រះបាទយ៉ូអាហាសសោយរាជ្យនៅស្រុកយូដា
(២របា.៣៦:២-៤)
៣១ កាលព្រះបាទអាហាសឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។
៣២ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
៣៣ ព្រះចៅផារ៉ោននេកោ ចាប់ព្រះបាទយ៉ូអាហាស់ដាក់ច្រវាក់នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ដើម្បីកុំអោយស្ដេចសោយរាជ្យនៅក្រុងយេរូសាឡឹមតទៅទៀត។ ព្រះចៅផារ៉ោននេកោតំរូវអោយស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាប។
៣៤ ព្រះចៅផារ៉ោននេកោតែងតាំងព្រះបាទអេលាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀសអោយស្នងរាជ្យបិតា ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ ព្រះចៅផារ៉ោននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយទ្រង់ក៏សោយទិវង្គតនៅទីនោះ។
៣៥ ព្រះបាទយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្ដេចបង្ខំពួកគេអោយបង់ជាមាស ជាប្រាក់ដូចព្រះចៅផារ៉ោនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្ដេចក៏យកទៅថ្វាយព្រះចៅផារ៉ោននេកោ។
ព្រះបាទយេហូយ៉ាគីមសោយរាជ្យនៅស្រុកយូដា
(២របា.៣៦:៥-៨)
៣៦ កាលព្រះបាទយេហូយ៉ាគីម ឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា សេប៊ូដា ជាកូនរបស់លោកពេដាយ៉ា ជាអ្នកស្រុករូម៉ា។
៣៧ ព្រះបាទយេហូយ៉ាគីមប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។