៣
ព្រះបាទយ៉ូរ៉ាមសោយរាជ្យនៅស្រុកអ៊ីស្រាអែល សង្គ្រាមរវាងអ៊ីស្រាអែល នឹងម៉ូអាប់
១ នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារីបានដប់ពីរឆ្នាំ។
២ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ តែមិនស្មើមាតាបិតាទេ។ ស្ដេចបានផ្ដួលរំលំរូបព្រះបាលដែលបិតាបានកសាង។
៣ ប៉ុន្តែ ស្ដេចមិនបានលះបង់អំពើបាបចោលទេ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ។
៤ ព្រះបាទមេសា ជាស្ដេចរបស់ជនជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្ដេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកថ្វាយជាសួយសារអាករដល់ស្ដេចស្រុកអ៊ីស្រាអែល។
៥ ក្រោយពេលព្រះបាទអហាប់សោយទិវង្គតផុតទៅ ស្ដេចស្រុកម៉ូអាប់ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។
៦ ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រាអែលទាំងមូល។
៧ បន្ទាប់មក ស្ដេចចេញដំណើរទៅ ទាំងចាត់គេអោយទៅទូលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាថា៖ «ស្ដេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងទូលបង្គំ តើព្រះករុណាសព្វព្រះហឫទ័យយាងចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការតបថា៖ «ទូលបង្គំយល់ព្រមទៅជាមួយព្រះករុណាដែរ! ពលទ័ពរបស់ទូលបង្គំក៏ដូចជាពលទ័ពរបស់ព្រះករុណា ហើយសេះរបស់ទូលបង្គំក៏ដូចជាសេះរបស់ព្រះករុណាដែរ»។
៨ ស្ដេចមានរាជឱង្ការទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ព្រះបាទយ៉ូរ៉ាមតបថា «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។
៩ ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសំរាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។
១០ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ពិតជាព្រះអម្ចាស់ហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
១១ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានព្យាការីណាម្នាក់ដែលអាចអោយយើងទូលសួរព្រះអម្ចាស់ទេឬ?»។ មេទ័ពអ៊ីស្រាអែលម្នាក់ទូលថា៖ «ក្រាបទូលនៅទីនេះ មានលោកអេលីសេ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់លោកអេលីយ៉ា»។
១២ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «លោកពិតជាអាចនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់យើងមិនខាន»។ ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ព្រមទាំងស្ដេចអេដុម ក៏នាំគ្នាយាងទៅជួបលោកអេលីសេ។
១៣ លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
១៤ លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបំរើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។
១៥ ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកអោយទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។
១៦ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះអោយបានច្រើន”។
១៧ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្ដី ជ្រលងភ្នំនេះនឹងមានទឹកពោរពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសំរាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។
១៨ ប៉ុន្តែ នេះជាការតូចតាច នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះអង្គនឹងប្រគល់ជនជាតិម៉ូអាប់ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា។
១៩ ព្រះករុណាត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ព្រះករុណាត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចំការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។
២០ លុះព្រឹកឡើងពេលថ្វាយយញ្ញបូជា មានទឹកហូរមកពីស្រុកអេដុម ពាសពេញតំបន់នោះ។
២១ កាលជនជាតិម៉ូអាប់ដឹងថា ស្ដេចទាំងបីអង្គលើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្ដុំអស់ អ្នកដែលមានវ័យអាចបំរើទ័ពបានទាំងក្មេងទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។
២២ ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម
២៣ ពួកគេស្រែកថា៖ «មើល៍ សុទ្ធតែឈាម! ស្ដេចទាំងនោះពិតជាប្រយុទ្ធកាប់សម្លាប់គ្នាទៅវិញទៅមកស្លាប់អស់ហើយ! មក៍! ពួកម៉ូអាប់យើងនាំគ្នាទៅរឹបអូសយកជយភ័ណ្ឌឥឡូវនេះ!»។
២៤ ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រាអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេអោយបរាជ័យយ៉ាងធ្ងន់។
២៥ កងទ័ពអ៊ីស្រាអែលបំផ្លាញទីក្រុងទាំងប៉ុន្មានចោល ព្រមទាំងនាំគ្នាយកដុំថ្ម ទៅបោះពេញក្នុងស្រែចំការដ៏ល្អៗទាំងអស់។ ពួកគេបិទប្រភពទឹកទាំងអស់ចោល និងកាប់រំលំដើមឈើដ៏ល្អៗទាំងអស់ចោលដែរ។ ទីបំផុត មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះ ដែលនៅមានកំពែងព័ទ្ធជុំវិញ។ ពលទាហានកាន់ដង្ហក់នាំគ្នាឡោមព័ទ្ធ និងវាយយកក្រុងនោះ។
២៦ កាលស្ដេចស្រុកម៉ូអាប់ដឹងច្បាស់ថា ខ្លួនគ្មានកម្លាំងទប់ទល់បាន ទ្រង់ក៏ប្រមូលទ័ពដែលកាន់ដាវបានចំនួនប្រាំពីររយនាក់ វាយបើកផ្លូវសំរុកទៅលើស្ដេចអេដុម ប៉ុន្តែ មិនបានសំរេចឡើយ។
២៧ ដូច្នេះ ស្ដេចស្រុកម៉ូអាប់យករាជបុត្រច្បងដែលត្រូវស្នងរាជ្យ មកធ្វើយញ្ញបូជានៅលើកំពែងក្រុង បណ្ដាលអោយកងទ័ពអ៊ីស្រាអែលរន្ធត់ចិត្តជាខ្លាំង ហើយនាំគ្នាដកទ័ពវិលទៅកាន់ស្រុករបស់ខ្លួនវិញ។