១២
ព្រះយេស៊ូ​ទូន្មាន​សិស្ស​កុំ​អោយ​ភ័យ​បារម្ភ
(ម៉ាថាយ ១០:២៦-៣៣)
១ ខណៈ​នោះ មាន​មហាជន​រាប់​ម៉ឺន​នាក់​ជួបជុំ​គ្នា​ណែនណាន់​តាន់តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស*​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈផារីស៊ី គឺ​ពុតត្បុត​របស់​គេ។ ២ ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​លាត​ត្រដាង​អោយ​គេ​ឃើញ ហើយ​អាថ៌កំបាំង​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ​បើក​អោយ​គេ​ដឹង​ដែរ។ ៣ ហេតុ​នេះ​ហើយ​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទីងងឹត មុខ​ជា​គេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​យ៉ាង​ខ្លាំង​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។
៤ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។ ៥ ខ្ញុំ​សុំ​ប្រាប់​អោយ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។ ៦ ធម្មតា​គេ​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេន ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះជាម្ចាស់​ឥត​ភ្លេច​ចាប​ណា​មួយ​សោះ​ឡើយ។ ៧ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ជា​ច្រើន​ទៅ​ទៀត។ ៨ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស*​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា*​របស់​ព្រះជាម្ចាស់​ដែរ។ ៩ រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ។ ១០ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អោយ​បាន ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​មិន​លើកលែង​ទោស​អោយ​ឡើយ។ ១១ កាល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ចៅក្រម និង​អ្នក​កាន់​អំណាច មិន​ត្រូវ​ភ័យ​បារម្ភ​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ១២ ដ្បិត​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា អោយ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។
ប្រស្នា​អំពី​អ្នក​មាន​ដ៏​ឆោត​ល្ងង់​ម្នាក់
១៣ ក្នុង​ចំណោម​បណ្ដាជន មាន​បុរស​ម្នាក់​ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ! សូម​លោក​ប្រាប់​បង​ខ្ញុំ​អោយ​យក​កេរមត៌ក​មក​ចែក​ខ្ញុំ​ផង»។ ១៤ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែងតាំង​ខ្ញុំ​អោយ​ធ្វើ​ជា​ចៅក្រម​ចែក​ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។ ១៥ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​បណ្ដាជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភលន់​ចង់​បាន​ទ្រព្យសម្បត្តិ​អោយ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យសម្បត្តិ​ឡើយ»។ ១៦ ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ថា៖ «មាន​បុរស​ម្នាក់​ជា​សេដ្ឋី ដី​ធ្លី​របស់​គាត់​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌។ ១៧ គាត់​រិះគិត​ក្នុង​ចិត្ត​ថា “ខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ទាំង​អស់​របស់​ខ្ញុំ​ទេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ១៨ គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​អោយ​ធំៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។ ១៩ បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ឱ​ខ្ញុំ​អើយ! មាន​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ បម្រុង​ទុក​ចិញ្ចឹម​ជីវិត​សំរាប់​ច្រើន​ឆ្នាំ ខ្ញុំ​ត្រូវ​សំរាក គិត​តែ​ស៊ី​ផឹក​សប្បាយ​ទៅ!”។ ២០ ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ​យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យសម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សំរាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។ ២១ អ្នក​ណា​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សំរាប់​តែ​ខ្លួន​ឯង ហើយ​គ្មាន​សម្បត្តិ​សួគ៌​នៅ​ក្នុង​ខ្លួន អ្នក​នោះ​ប្រៀប​បី​ដូច​ជា​សេដ្ឋី​នោះ​ដែរ»។
ត្រូវ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ និង​ស្វែង​រក​សម្បត្តិ​សួគ៌
(ម៉ាថាយ ៦:១៩-៣៤)
២២ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​អោយ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ សំរាប់​ចិញ្ចឹម​ជីវិត ឬ​អំពី​សម្លៀកបំពាក់ សំរាប់​បិទបាំង​រូប​កាយ​ឡើយ ២៣ ដ្បិត​ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​លើស​សម្លៀកបំពាក់​ទៅ​ទៀត។ ២៤ ចូរ​មើល​ក្អែក​វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​សោះ ប៉ុន្តែ ព្រះជាម្ចាស់​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សាបក្សី​ច្រើន​ណាស់។ ២៥ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​អោយ​វែង​បាន​ឡើយ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ដែរ។ ២៦ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សំរេច​ការ​ដ៏​តូច​បំផុត​នេះ​បាន​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់​ខ្វាយ​អំពី​រឿង​ផ្សេងៗ​ទៀត។ ២៧ ចូរ​គិត​មើល ផ្កា​ដុះ​ឡើង​យ៉ាង​ណា​វា​មិន​ដែល​នឿយហត់​នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះបាទ​សាឡូម៉ូន​កាល​ពី​ជំនាន់​ដែល​ទ្រង់​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ ក៏​ទ្រង់​គ្មាន​ព្រះភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ ២៨ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះជាម្ចាស់​ផ្ដល់​សំរស់​អោយ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ ហើយ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ២៩ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ ៣០ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះស្វែង​រក​របស់​ទាំង​នោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ៣១ ចូរ​ខំ​ស្វែង​រក​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​វិញ ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។
៣២ «កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះបិតា​របស់​អ្នក​រាល់​គ្នា សព្វ​ព្រះហឫទ័យ​ប្រទាន​ព្រះរាជ្យ​មក​អោយ​អ្នក​រាល់​គ្នា​ហើយ។ ៣៣ ចូរ​លក់​ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា យក​ប្រាក់​ចែក​ជា​ទាន​ដល់​ជន​ក្រីក្រ​ចុះ។ ចូរ​ប្រមូល​ទ្រព្យ​ដែល​មិន​ចេះ​ពុក ជា​សម្បត្តិ​ដែល​មិន​ចេះ​រលាយ ទុក​សំរាប់​ខ្លួន​នៅ​ស្ថាន​បរមសុខ* ជា​ស្ថាន​ដែល​គ្មាន​ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។ ៣៤ ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។
ការ​ប្រុង​ប្រៀប​ខ្លួន
៣៥ «ចូរ​ប្រុង​ប្រៀប​ខ្លួន ហើយ​ទុក​អោយ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ ៣៦ ចូរ​ប្រព្រឹត្ត​អោយ​បាន​ដូច​ពួក​អ្នក​បំរើ ដែល​រង់ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់លៀង​វិញ គឺ​នៅ​ពេល​មក​ដល់​លោក​គោះ​ទ្វារ អ្នក​បំរើ​ទៅ​បើក​ជូន​ភ្លាម។ ៣៧ ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បំរើ​ណា​នៅ​រង់ចាំ​លោក អ្នក​បំរើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​អោយ​អ្នក​បំរើ​អង្គុយ​បរិភោគ ហើយ​លោក​រៀបចំ​ខ្លួន​បំរើ​គេ​វិញ។ ៣៨ បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បំរើ​ទាំង​នោះ​នៅ​រង់ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។ ៣៩ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​អោយ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​បាន​ឡើយ។ ៤០ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស*​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។
ប្រស្នា​អំពី​អ្នក​បំរើ​ស្មោះ​ត្រង់ និង​អ្នក​បំរើ​មិន​ស្មោះ​ត្រង់
(ម៉ាថាយ ២៤:៤៥-៥១)
៤១ លោក​ពេត្រុស​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សំរាប់​ប្រៀនប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សំរាប់​ប្រៀនប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។ ៤២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​ថា៖ «បើ​អ្នក​បំរើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប៉ិនប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​អោយ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។ ៤៣ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បំរើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បំរើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។ ៤៤ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ៤៥ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បំរើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់”គាត់​ក៏​វាយ​អ្នក​បំរើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។ ៤៦ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​បាន​រង់ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង​លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​អោយ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។
៤៧ អ្នក​បំរើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បំរើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ ៤៨ ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បំរើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​អោយ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុកផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹងរឹត​តែ​ច្រើន​ថែម​ទៀត»។
ការ​បាក់​បែក​គ្នា​ព្រោះ​ជំនឿ
(ម៉ាថាយ ១០:៣៤-៣៦)
៤៩ «ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែនដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ​។ ៥០ ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​​ម្យ៉ាង។ ខ្ញុំ​តានតឹង​ក្នុង​ចិត្ត​ក្រៃលែង ចង់​តែ​អោយ​ពិធី​នោះ​បាន​សំរេច​ឆាប់ៗ។ ៥១ កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្តិភាព​អោយ​ផែនដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។ ៥២ ចាប់​ពី​ពេល​នេះ​ត​ទៅ​ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់ ៥៣ ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយក្មេក»។
ត្រូវ​យល់​ហេតុការណ៍​ផ្សេងៗ
(ម៉ាថាយ ១៦:២-៣)
៥៤ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។ ៥៥ កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។ ៥៦ មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុការណ៍​ផ្សេងៗ​នៅ​លើ​ផែនដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុការណ៍ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។
ត្រូវ​សំរុះសំរួល​រឿងរ៉ាវ មុន​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស
(ម៉ាថាយ ៥:២៥-២៦)
៥៧ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត? ៥៨ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូវិវាទ នៅ​តាម​ផ្លូវ​អ្នក​ត្រូវ​ខំ​សំរុះសំរួល​ជា​មួយ​អ្នក​នោះ​អោយ​ហើយ​ទៅ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ដល់​ចៅក្រម ចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​នគរបាល​យក​អ្នក​ទៅ​ដាក់​គុក។ ៥៩ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។