១៤
ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់អោយជានៅថ្ងៃសប្ប័ទ
១ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី*ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។
២ មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។
៣ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺអោយបានជា នៅថ្ងៃសប្ប័ទឬទេ?»។
៤ គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់អោយជា រួចអោយគាត់ត្រឡប់ទៅវិញ។
៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។
៦ គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះបានឡើយ។
កុំចង់បានកន្លែងកិត្តិយស
៧ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗ ចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖
៨ «បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុក សំរាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។
៩ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំអោយអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។
១០ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។
១១ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
១២ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គ មកសោយព្រះស្ងោយនោះថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្ដី ល្ងាចក្ដី កុំអញ្ជើញមិត្តភក្ដិ បងប្អូន ញាតិសន្ដានរបស់អ្នក ឬអ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។
១៣ ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។
១៤ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
ប្រស្នាស្ដីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
(ម៉ាថាយ ២២:១-១០)
១៥ ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។
១៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។
១៧ លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបំរើអោយទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។
១៨ ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្តបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបំរើថា “ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសអោយខ្ញុំផង”។
១៩ ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើលសូមមេត្តាអភ័យទោសអោយខ្ញុំផង”។
២០ ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ”។
២១ អ្នកបំរើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជំរាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបំរើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។
២២ បន្តិចក្រោយមក អ្នកបំរើជំរាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។
២៣ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបំរើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាអោយចូលមកពេញផ្ទះខ្ញុំ។
២៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។
អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
(ម៉ាថាយ ១០:៣៧-៣៨)
២៥ មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖
២៦ «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
២៧ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។
២៨ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីអោយដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា
២៩ ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកអោយមិនខាន។
៣០ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។
៣១ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់អាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា
៣២ បើឃើញថាមិនអាចតទល់បានទេ នោះទ្រង់នឹងចាត់រាជទូតអោយទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។
៣៣ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្ស*របស់ខ្ញុំបានឡើយ»។
កុំអោយបាត់ជាតិប្រៃ
(ម៉ាថាយ ៥:១៣ ម៉ាកុស ៩:៥០)
៣៤ «អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងអោយវាប្រៃវិញបាន?។
៣៥ វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដី ឬលាយជីក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។