ក្រឹត្យវិន័យ​ស្ដី​អំពី​ភាព​បរិសុទ្ធ និង​ភាព​មិន​បរិសុទ្ធ
១១
ក្រឹត្យវិន័យ​ស្ដី​អំពី​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ ២ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ផែនដី សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ៣ គឺ​សត្វ​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពាអៀង​ផង។ ៤ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​សត្វ​ណា​ដែល​គ្រាន់​តែ​ទំពាអៀង​នោះ​ឡើយ។ សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ​មាន​ដូច​ត​ទៅ: គឺ​សត្វ​អូដ្ឋ ដ្បិត​វា​ទំពាអៀង​តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។ ៥ ទន្សាយ​ថ្ម ដ្បិត​វា​ទំពាអៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។ ៦ ទន្សាយ​ព្រៃ ដ្បិត​វា​ទំពាអៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។ ៧ ជ្រូក ដ្បិត​វា​មាន​ក្រចក​ឆែក តែ​មិន​ទំពាអៀង​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។ ៨ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះពាល់​ខ្មោច​វា​ដែរ គឺ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។
៩ ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ទោះ​បី​ទឹក​សមុទ្រ​ក្ដី ទឹក​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​តែ​សត្វ​ណា​មាន​ព្រុយ និង​មាន​ស្រកា​ប៉ុណ្ណោះ។ ១០ រីឯ​សត្វ​គ្មាន​ព្រុយ គ្មាន​ស្រកា ទោះ​បី​ជា​ពពួក​សត្វ​ល្អិត​ដែល​រស់រវើក​ក្នុង​ទឹក ឬ​សត្វ​ឯ​ទៀត​ៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ ឬ​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម។ ១១ អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង​នោះ កុំ​បរិភោគ​សាច់​របស់​វា ហើយ​ក៏​មិន​ត្រូវ​ប៉ះពាល់​ខ្មោច​របស់​វា​ដែរ។ ១២ អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំងឡាយ​ណា​ដែល​រស់​នៅ​ក្នុង​ទឹក តែ​គ្មាន​ស្រកា និង​គ្មាន​ព្រុយ។
១៣ ក្នុង​ចំណោម​សត្វ​ស្លាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក ១៤ រអាត ត្មាត​គ្រប់​ប្រភេទ ១៥ ក្អែក​គ្រប់​ប្រភេទ ១៦ អូទ្រុស​ មៀម រំពេ និង​ប្រមង់​គ្រប់​ប្រភេទ ១៧ ទីទុយ ក្អែក​ទឹក ក្រៀល ១៨ គូក ទុង ស្មោញ ១៩ កុក ក្រសារ​គ្រប់​ប្រភេទ ត្រសេះ និង​ប្រចៀវ។
២០ អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង។ ២១ ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ល្អិត ដែល​មាន​ស្លាប និង​មាន​ជើង​អាច​លោត​លើ​ដី ២២ ដូច​ជា​កណ្ដូប និង​ចង្រិត​គ្រប់​ប្រភេទ។ ២៣ រីឯ​សត្វ​ល្អិត​ផ្សេង​ទៀត​ដែល​មាន​ស្លាប និង​ជើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ចាត់​ទុក​វា​ជា​សត្វ​គួរ​ស្អប់​ខ្ពើម​វិញ។ ២៤ សត្វ​ទាំង​នោះ​នឹង​បណ្ដាល​អោយ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​បរិសុទ្ធ។ អ្នក​ណា​ប៉ះពាល់​ខ្មោច​របស់​វា អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២៥ អ្នក​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។
២៦ សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: គឺ​សត្វ​គ្មាន​ក្រចក​ឆែក និង​មិន​ទំពាអៀង អ្នក​ប៉ះពាល់​សត្វ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ ២៧ សត្វ​ចតុបាទ​ទាំង​អស់​ដែល​ដើរ​លើ​បាត​ជើង គឺ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះពាល់​ខ្មោច​របស់​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៨ អ្នក​កាន់​ខ្មោច​សត្វ​នោះ​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៩ ក្នុង​ចំណោម​សត្វ​លូន​វារ​នៅ​លើ​ដី ពពួក​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: ស្កា កណ្ដុរ បង្កួយ​គ្រប់​ប្រភេទ ៣០ តុកកែ ជីងចក់ ថ្លែន ជាស។ ៣១ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះពាល់​ខ្មោច​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ៣២ ប្រសិន​បើ​សត្វ​ណា​មួយ​ងាប់ ហើយ​ធ្លាក់​មក​លើ​វត្ថុ​អ្វី​មួយ ដូច​ជា​សម្ភារៈ​ធ្វើ​អំពី​ឈើ សម្លៀកបំពាក់​ស្បែក ថង់ និង​អ្វី​ៗ​ទាំង​អស់​ដែល​ជា​គ្រឿង​ប្រើប្រាស់ ត្រូវ​យក​ទឹក​មក​លាង តែ​វត្ថុ​នោះ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច ក្រោយ​មក ទើប​គេ​អាច​ប្រើប្រាស់​បាន​វិញ។ ៣៣ ប្រសិន​បើ​សត្វ​ណា​មួយ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្អម​ធ្វើ​អំពី​ដី អ្វី​ៗ​ដែល​នៅ​ក្នុង​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ក្អម​នោះ​ក៏​ត្រូវ​តែ​បំបែក​ចោល​ដែរ។ ៣៤ ប្រសិន​បើ​គេ​ចាក់​ទឹក​ពី​ក្អម​នោះ ទៅ​លើ​អាហារ​សំរាប់​បរិភោគ អាហារ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ទឹក​សំរាប់​ផឹក​ក៏​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ ៣៥ ប្រសិន​បើ​មាន​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​វត្ថុ​ប្រើប្រាស់​ណា​មួយ ទោះ​បី​ចង្ក្រាន ឬ​ឡ​ក្ដី វត្ថុ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កំទេច​ចោល ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វត្ថុ​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។ ៣៦ ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​ក្នុង​ប្រភព​ទឹក ឬ​អណ្ដូង​ទឹក នោះ​ទឹក​នៅ​តែ​បរិសុទ្ធ​ដដែល ប៉ុន្តែ អ្នក​ដែល​យក​ខ្មោច​សត្វ​នោះ​ចេញ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។ ៣៧ ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញជាតិ ដែល​ទុក​សំរាប់​សាប​ព្រោះ គ្រាប់​ទាំង​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល។ ៣៨ ប៉ុន្តែ បើ​វា​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញជាតិ​ដែល​ត្រាំ​ទឹក​រួច​ហើយ គ្រាប់​ទាំង​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។
៣៩ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ប្រសិន​បើ​វា​ងាប់ អ្នក​ដែល​ប៉ះពាល់​ខ្មោច​សត្វ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ៤០ អ្នក​ដែល​បរិភោគ​សាច់​របស់​ខ្មោច​សត្វ​នោះ ត្រូវ​តែ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រីឯ​អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។
៤១ កុំ​បរិភោគ​សត្វ​លូន​វារ​នៅ​លើ​ដី ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។ ៤២ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​លូន ឬ​សត្វ​ដែល​វារ​នៅ​លើ​ដី​ឡើយ ទោះ​បី​ជា​សត្វ​ជើង​បួន ឬ​សត្វ​ជើង​ច្រើន​ក្ដី ព្រោះ​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។ ៤៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​អោយ​សៅហ្មង ដោយ​ប៉ះពាល់​សត្វ​ទាំង​នោះ​ឡើយ ព្រោះ​វា​នឹង​បណ្ដាល​អោយ​អ្នក​ទៅ​ជា​មិន​បរិសុទ្ធ។ ៤៤ យើង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ទៅ​ជា​មិន​បរិសុទ្ធ ដោយសារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។ ៤៥ យើង​ជា​ព្រះអម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏វិសុទ្ធ។​
៤៦ នេះ​សុទ្ធសឹង​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​ពួក​សត្វ​ជើង​បួន សត្វ​ស្លាប សត្វ​ដែល​រស់រវើករវ័ណ្ឌ​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។ ៤៧ ក្រឹត្យវិន័យ​នេះ​នាំ​អោយ​អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​រវាង​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ សត្វ​ដែល​អាច​បរិភោគ​បាន និង​សត្វ​ដែល​បរិភោគ​មិន​បាន»។