៥
១ ប្រសិនបើនរណាម្នាក់ជាសាក្សី បានឮមនុស្សម្នាក់ទៀតនិយាយស្បថបំពាន ហើយមិនព្រមប្រាប់ពីហេតុការណ៍ដែលខ្លួនបានឃើញ និងបានឮទេនោះ គាត់មានបាប ហើយត្រូវទទួលទោស។
២ ប្រសិនបើនរណាម្នាក់ប៉ះពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះពាល់ខ្មោចសត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវារដែលមិនបរិសុទ្ធ ទោះបីគេប៉ះពាល់ដោយអចេតនាក្ដី ក៏គេត្រូវសៅហ្មង បណ្ដាលអោយខ្លួនមានទោសដែរ។
៣ ប្រសិនបើនរណាម្នាក់ប៉ះពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើអោយខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
៤ ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
៥ ពេលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយដូចខាងលើនេះ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
៦ បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាសំរាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបអោយគេ។
យញ្ញបូជារបស់ជនក្រីក្រ
៧ «ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។
៨ គាត់ត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ។ មុនដំបូង លោកត្រូវថ្វាយសត្វមួយជាយញ្ញបូជារំដោះបាប គឺលោកមួលកសត្វនោះ តែមិនផ្ដាច់ក្បាលវាចេញពីខ្លួនទេ។
៩ លោកយកឈាមខ្លះរបស់សត្វដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាយញ្ញបូជារំដោះបាប។
១០ បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
១១ ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។
១២ គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្ដាប់ ទុកជាទីរំលឹក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។
១៣ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ បូជាចារ្យធ្វើដូច្នេះ ដូចថ្វាយតង្វាយម្សៅឯទៀតៗដែរ»។
យញ្ញបូជាសំរាប់លោះបាប
១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
១៥ «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើក្រឹត្យវិន័យស្ដីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកថ្វាយព្រះអង្គ ដើម្បីរំដោះខ្លួនអោយរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។
១៦ ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនបូជាចារ្យវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ លោកបូជាចារ្យធ្វើពិធីរំដោះបាបអោយគាត់ ដោយយកចៀមឈ្មោលទៅធ្វើយញ្ញបូជាលោះបាប ហើយព្រះជាម្ចាស់នឹងអត់ទោសអោយគាត់។
១៧ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាប ដោយមិនដឹងខ្លួន គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលអោយខ្លួនមានទោស
១៨ គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន មកជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជា សំរាប់រំដោះខ្លួនអោយរួចពីបាប។ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។
១៩ នេះជាយញ្ញបូជាលោះបាប ដ្បិតអ្នកនោះពិតជាបានប្រព្រឹត្តខុសចំពោះព្រះអម្ចាស់»។