១  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
មាន​ព្រះបន្ទូល​ថា៖
«យើង​ចាត់​ទូត​របស់​យើង​អោយ​ទៅ​មុន
ដើម្បី​រៀបចំ​ផ្លូវ​សំរាប់​យើង។
រំពេច​នោះ​ព្រះអម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក
នឹង​យាង​ចូល​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ។
រីឯ​ទូត​នៃ​សម្ពន្ធមេត្រី ដែល​អ្នក​រាល់​គ្នា​រង់ចាំ
កំពុង​តែ​មក​ហើយ»។
២ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់
តើ​នរណា​អាច​ទ្រាំ​បាន?
នៅ​ពេល​ព្រះអង្គ​លេច​មក
តើ​នរណា​អាច​ឈរ​បាន?
ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក
និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀកបំពាក់។
៣ ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ
រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។
ព្រះអង្គ​នឹង​ជំរះ​កូន​ចៅ​លេវី​អោយ​បាន​បរិសុទ្ធ
ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ
ដូច​បន្សុទ្ធ​មាស និង​ប្រាក់។
ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ
មក​ថ្វាយ​ព្រះអម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។
៤ ពេល​នោះ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ទទួល
តង្វាយ​របស់​អ្នក​ស្រុក​យូដា
និង​អ្នក​ក្រុង​យេរូសាឡឹម
ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។
៥  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«យើង​នឹង​មក​រក​អ្នក​រាល់​គ្នា
ដើម្បី​វិនិច្ឆ័យ​ទោស។
យើង​នឹង​ប្រញាប់ប្រញាល់​ចោទ​ប្រកាន់
ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង
ពួក​ស្បថ​បំពាន
ពួក​សង្កត់សង្កិន​កម្មករ ស្ត្រី​មេម៉ាយ
និង​ក្មេង​កំព្រា
ពួក​ធ្វើ​បាប​ជន​បរទេស
ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។
តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះអម្ចាស់
៦ «យើង​ជា​ព្រះអម្ចាស់ យើង​មិន​ប្រែប្រួល​ទេ
រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា
កូន​ចៅ​យ៉ាកុប​ដដែល​»។
៧  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ
អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង
គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។
ចូរ​នាំ​គ្នា​វិល​មក​រក​យើង
នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។
អ្នក​រាល់​គ្នា​ពោល​ថា:
“យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។
៨ តើ​មនុស្ស​កេងប្រវ័ញ្ច​ព្រះជាម្ចាស់
ដូច​ម្ដេច​បាន?
អ្នក​រាល់​គ្នា​កេងប្រវ័ញ្ច​យើង ហើយ​ពោល​ថា
“យើង​ខ្ញុំ​កេងប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។
គឺ​អ្នក​រាល់​គ្នា​កេងប្រវ័ញ្ច
តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ
ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សំរាប់​យើង!
៩ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ!
ព្រោះ​ប្រជាជាតិ​ទាំង​មូល
បាន​កេងប្រវ័ញ្ច​យើង»។
១០  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន
មក​ដាក់​នៅ​ក្នុង​ឃ្លាំង
ដើម្បី​អោយ​មាន​ស្បៀង​អាហារ
ក្នុង​ដំណាក់​របស់​យើង។
ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បងល​យើង​ទៅ
នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា
យើង​នឹង​បើក​ផ្ទៃ​មេឃ
បង្ហូរ​ព្រះពរ​ដ៏​លើសលប់​មក​លើ​អ្នក​រាល់​គ្នា»។
១១  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​អោយ​បំផ្លាញ
ដំណាំ​របស់​អ្នក​រាល់​គ្នា
ហើយ​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​រាល់​គ្នា
នឹង​ផ្ដល់​ភោគផល​បរិបូណ៌»។
១២  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«ប្រជាជាតិ​ទាំង​អស់​នឹង​ពោល​ថា
អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន
ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ
ដ៏​សម្បូណ៌សប្បាយ»។
ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​គោរព​បំរើ​ព្រះអង្គ
១៣  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក
ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា:
“តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ
ដូច​ម្ដេច​ខ្លះ?”។
១៤ អ្នក​រាល់​គ្នា​ពោល​ថា:
“ពួក​យើង​ខំ​បំរើ​ព្រះជាម្ចាស់
តែ​គ្មាន​បាន​ការ​អ្វី​ទេ
ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ
ហើយ​ខំ​ដើរ​តាម​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?
១៥ ពួក​យើង​សង្កេត​ឃើញ​ថា
ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ
ដែល​មាន​សុភមង្គល
ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់
បែរ​ជា​បាន​ចំរុង​ចំរើន​ទៅ​វិញ។
ទោះ​បី​ពួក​គេ​ល្បងល​មើល​ព្រះជាម្ចាស់​ក្ដី
ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជានិច្ច”»។
១៦ ពេល​នោះ អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះអម្ចាស់
ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក
ព្រះអម្ចាស់ទ្រង់​ព្រះសណ្ដាប់
ហើយ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង
ពាក្យ​សំដី​របស់​ពួក​គេ។
គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះនាម​ព្រះអម្ចាស់​ក្នុង​ក្រាំង​មួយ
ទុក​ជា​ទី​រំលឹក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។
១៧  ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក
អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង
ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​ដែល​ជា
ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។
យើង​នឹង​ត្រា​ប្រណី​ពួក​គេ
ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បំរើ​ឪពុក។
១៨ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា
តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់
ខុស​គ្នា​យ៉ាង​ណា
ហើយ​អ្នក​គោរព​បំរើ​ព្រះជាម្ចាស់
និង​អ្នក​មិន​គោរព​បំរើ ខុស​គ្នា​យ៉ាង​ណា