ដំណឹងល្អរៀបរៀងដោយ
លោកម៉ាថាយ
១
បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
(លូកា ៣:២៣-៣៨)
១ នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ដ* ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ*។
២ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
៣ លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម
៤ លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន
៥ លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ
៦ លោកអ៊ីសាយបង្កើតស្ដេចដាវីឌ។
ស្ដេចដាវីឌ និងភរិយារបស់អ៊ូរីបង្កើតស្ដេចសាឡូម៉ូន
៧ ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា
៨ ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូសៀស
៩ ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស
១០ ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស
១១ ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
១២ ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធាល លោកសាលធាលបង្កើតលោកសូរ៉ូបាបិល
១៣ លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ
១៤ លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយូដ
១៥ លោកអេលីយូដបង្កើតលោកអេឡាសារ លោកអេឡាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតលោកយ៉ាកុប
១៦ លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថា ព្រះគ្រិស្ដ*។
១៧ ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រា ដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនមកទល់ព្រះគ្រិស្ដ ក៏មានដប់បួនតំណដែរ។
កំណើតព្រះយេស៊ូគ្រិស្ដ
(លូកា ២:១-៧)
១៨ នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ដ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។
១៩ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសំរេចចិត្តថា នឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។
២០ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា*របស់ព្រះអម្ចាស់ មកប្រាប់លោកក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។
២១ នាងនឹងសំរាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គ អោយរួចពីបាបរបស់គេ»។
២២ ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការី*ថា៖
២៣ «មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសំរាលបានបុត្រមួយដែលគេនឹងថ្វាយ
ព្រះនាមថា “អេម៉ាញូអែល”»
ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
២៤ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា
២៥ ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានបុត្រដែលលោកថ្វាយព្រះនាមថា “យេស៊ូ”។