១០
ព្រះយេស៊ូតែងតាំងសិស្ស១២រូប
(ម៉ាកុស ៣:១៣-១៩ លូកា ៦:១២-១៦)
១ ព្រះយេស៊ូត្រាស់ហៅសិស្សទាំងដប់ពីររូបមក ព្រះអង្គប្រទានអោយគេមានអំណាចលើវិញ្ញាណអាក្រក់ ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទអោយបានជាផង។
២ សាវ័ក*ទាំងដប់ពីរមាននាមដូចតទៅៈ អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ
៣ ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ* យ៉ាកុបជាកូនរបស់លោកអាល់ផាយ និងថាដេ
៤ ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។
ព្រះយេស៊ូចាត់សិស្សទាំង ១២ទៅប្រកាសដំណឹងល្អ
(ម៉ាកុស ៦:៧-១៣ លូកា ៩:១-៦)
៥ ព្រះយេស៊ូចាត់សិស្ស*ទាំងដប់ពីររូបនេះអោយទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
៦ គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេងក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។
៧ ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ។
៨ ចូរមើលអ្នកជំងឺអោយបានជា ប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ធ្វើអោយមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ* ដេញអារក្សចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។
៩ កុំរកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងថង់ឡើយ
១០ ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។
១១ ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាអោយស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។
១២ ពេលចូលទៅក្នុងផ្ទះណាត្រូវជំរាបសួរអ្នកផ្ទះនោះ
១៣ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជំរាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នា នឹងវិលមករកអ្នករាល់គ្នាវិញ។
១៤ បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។
១៥ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។
អំពីការបៀតបៀន
(ម៉ាកុស ១៣:៩-១៣ លូកា ២១:១២-១៧)
១៦ «ខ្ញុំចាត់អ្នករាល់គ្នាអោយទៅ ដូចអោយចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។
១៧ ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកអោយសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។
១៨ គេនឹងបញ្ជូនអ្នករាល់គ្នា ទៅអោយលោកទេសាភិបាល និងអោយស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះ ជាឱកាសសំរាប់អោយអ្នករាល់គ្នាផ្ដល់សក្ខីភាពអោយពួកលោក និងអោយសាសន៍ដទៃ ដឹងឮទៅវិញ។
១៩ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយ នៅពេលនោះតែម្ដង។
២០ មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។
២១ បងប្អូននឹងចាប់បញ្ជូនគ្នាឯង ទៅអោយគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅអោយគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅអោយគេសម្លាប់ទៀតផង។
២២ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
២៣ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្ស*នឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។
២៤ ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបំរើណាធំជាងម្ចាស់ដែរ
២៥ បើសិស្សចេះបានដូចគ្រូ ហើយអ្នកបំរើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេអោយឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូលទៅហើយ គេមុខជាអោយឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។
ព្រះយេស៊ូទូន្មានសិស្សកុំអោយភ័យបារម្ភ
(លូកា ១២:២-៧)
២៦ «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់ នឹងត្រូវបើកអោយគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកអោយគេដឹងដែរ។
២៧ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។
២៨ កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះអោយសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះទ្រង់អាចធ្វើអោយទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។
២៩ ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។
៣០ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។
៣១ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។
អ្នកទទួលស្គាល់ និងអ្នកមិនទទួលស្គាល់ព្រះយេស៊ូ
(លូកា ១២:៨-៩)
៣២ «អ្នកណាទទួលស្គាល់ខ្ញុំ នៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។
៣៣ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ*ដែរ»។
ការបាក់បែកគ្នាព្រោះជំនឿ
(លូកា ១២:៥១-៥៣)
៣៤ «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកអោយផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។
៣៥ ខ្ញុំមក ធ្វើអោយកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។
៣៦ អ្នកដែលនៅក្នុងផ្ទះជាមួយគ្នា ក្លាយទៅជាសត្រូវនឹងគ្នា»។
សិស្សដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
(លូកា ១៤:២៦-២៧)
៣៧ «អ្នកណាស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្ស*របស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។
៣៨ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។
៣៩ អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។
អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំដែរ
៤០ «អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលចាត់ខ្ញុំអោយមកនោះដែរ។
៤១ អ្នកណាទទួលព្យាការី*ម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិត*ម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។
៤២ អ្នកណាអោយទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្ស*របស់ខ្ញុំ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។