១២
ព្រះយេស៊ូមានអំណាចលើក្រឹត្យវិន័យថ្ងៃសប្ប័ទ
(ម៉ាកុស ២:២៣-២៨ លូកា ៦:១-៥)
១ មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែ នៅថ្ងៃសប្ប័ទ* សិស្ស*របស់ព្រះអង្គឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។
២ ពួកខាងគណៈផារីស៊ី*ឃើញដូច្នោះទូលព្រះអង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្តិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ!»។
៣ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន
៤ គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ*មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំបុ័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?
៥ ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ* សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ?
៦ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅទីនេះមានម្នាក់ ប្រសើរជាងព្រះវិហារទៅទៀត។
៧ ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ
៨ ដ្បិតបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*»។
ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់អោយជា
(ម៉ាកុស ៣:១-៦ លូកា ៦:៦-១១)
៩ ព្រះយេស៊ូចាកចេញពីទីនោះ យាងចូលទៅក្នុងសាលាប្រជុំ*របស់គេ។
១០ មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «នៅថ្ងៃសប្ប័ទ* តើយើងមានសិទ្ធិប្រោសអ្នកជំងឺអោយបានជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់ព្រះអង្គ។
១១ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើនរណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនទៅស្រង់យកចៀមឡើងមកវិញទេឬ?។
១២ រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃសប្ប័ទបាន»។
១៣ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត។
១៤ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។
១៥ កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេអោយជាពីជំងឺទាំងអស់គ្នា
១៦ តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនអោយនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ
១៧ ដើម្បីអោយស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*អេសាយថា៖
១៨ «លោកនេះហើយជាអ្នកបំរើដែលយើងបាន
ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់
ហើយធ្វើអោយចិត្តយើងរីករាយ។
យើងនឹងដាក់វិញ្ញាណរបស់យើង
អោយសណ្ឋិតលើលោក
ហើយលោកនឹងប្រាប់អោយជាតិសាសន៍
ទាំងអស់ស្គាល់សេចក្ដីសុចរិត។
១៩ លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ
ហើយក៏មិនស្រែកដាក់នរណាផង
គ្មាននរណាឮសំឡេងរបស់លោកនៅ
តាមទីផ្សារទេ។
២០ លោកនឹងមិនកាច់ដើមត្រែងណាដែល
ទក់ហើយនោះឡើយ
ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង
រលត់នោះដែរ។
លោកធ្វើដូច្នេះ រហូតដល់លោកនាំ
សេចក្ដីសុចរិតអោយមានជ័យជំនះ។
២១ ជាតិសាសន៍ទាំងអស់នឹងនាំគ្នា
សង្ឃឹមលើលោក»។
ព្រះយេស៊ូឆ្លើយតបនឹងអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាកុស ៣:២០-៣០ លូកា ១១:១៤-២៣)
២២ ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើអោយគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់អោយជាគាត់ក៏និយាយបាន និងមើលឃើញទៀតផង។
២៣ មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។
២៤ ប៉ុន្តែ ពួកខាងគណៈផារីស៊ី*ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចអោយប៉ុណ្ណោះ»។
២៥ ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខាន រីឯក្រុង ឬក្រុមគ្រួសារណាបាក់បែកទាស់ទែងគ្នាឯងក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។
២៦ បើមារ*សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចអោយរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។
២៧ ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។
២៨ ផ្ទុយទៅវិញ បើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។
២៩ ម្យ៉ាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់បានឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។
៣០ អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។
៣១ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្តអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសអោយបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញព្រះអង្គនឹងមិនលើកលែងទោសអោយឡើយ។
៣២ បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស* ព្រះជាម្ចាស់នឹងលើកលែងទោសអោយបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ទោះបីនៅក្នុងលោកនេះ ឬនៅបរលោកក្តី ក៏ព្រះអង្គមិនលើកលែងទោសអោយដែរ»។
ដើមឈើល្អ ដើមឈើអាក្រក់
(លូកា ៦:៤៣-៤៥)
៣៣ «បើដើមល្អ ផ្លែក៏ល្អ តែបើដើមអាក្រក់វិញ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើតាមផ្លែរបស់វា។
៣៤ នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន។
៣៥ មនុស្សល្អតែងប្រព្រឹត្តល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
៣៦ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសំដីឥតប្រយោជន៍ដែលគេបាននិយាយ
៣៧ ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសំដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសំដីរបស់អ្នកដែរ»។
ទីសំគាល់របស់លោកយ៉ូណាស
(ម៉ាកុស ៨:១១-១២ លូកា ១១:២៩-៣២)
៣៨ នៅពេលនោះ មានពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*ខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសំគាល់ដ៏អស្ចារ្យមួយអោយយើងខ្ញុំឃើញផង!»។
៣៩ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ព្យាការី*យ៉ូណាសឡើយ។
៤០ លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
៤១ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមនៅពេលដែលអ្នកក្រុងនីនីវេឮសេចក្ដីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។
៤២ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។
ត្រូវប្រយ័ត្ន កុំអោយវិញ្ញាណអាក្រក់ចូលម្ដងទៀត
(លូកា ១១:២៤-២៦)
៤៣ «កាលបើវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ
៤៤ វាមុខជានិយាយថា“អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក”។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ
៤៥ វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលអោយគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។
ព្រះញាតិវង្សពិតប្រាកដរបស់ព្រះយេស៊ូ
(ម៉ាកុស ៣:៣១-៣៥ លូកា ៨:១៩-២១)
៤៦ ព្រះអង្គកំពុងតែមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ ស្រាប់តែមាតា និងបងប្អូនរបស់ព្រះអង្គ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
៤៧ មានម្នាក់ទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។
៤៨ ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្ដាយខ្ញុំ នរណាជាបងប្អូនខ្ញុំ?»។
៤៩ ព្រះអង្គលើកព្រះហស្ដចង្អុលទៅពួកសិស្ស* ទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ
៥០ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ* អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។