១៥
ពួក​ខាង​គណៈ​ផារីស៊ី និង​ទំនៀមទម្លាប់
(ម៉ាកុស ៧:១-១៣)
១ មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​អាចារ្យ​ពី​ក្រុង​យេរូសាឡឹម ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖ ២ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀមទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។ ៣ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ទៅ​កាន់​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ?។ ៤ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថាៈ “ចូរ​គោរព​មាតាបិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតាបិតា​របស់​ខ្លួន នឹង​ត្រូវ​មាន​ទោស​ដល់​ជីវិត” ៥ រីឯ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថាៈ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ថ្វាយ​ព្រះជាម្ចាស់​រួច​ទៅ​ហើយ” ៦ អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ទៅ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។ ៧ មនុស្ស​មាន​ពុត​អើយ ពាក្យ​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នា ត្រូវ​ណាស់​គឺ:
៨  “ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់
រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។
៩  គេ​ថ្វាយបង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ
ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស
ប៉ុណ្ណោះ” ​»។
មូល​ហេតុ​ដែល​បណ្ដាល​អោយ​មនុស្ស​មិន​បរិសុទ្ធ
(ម៉ាកុស ៧:១៤-២៣)
១០ បន្ទាប់​មក ព្រះយេស៊ូ​ត្រាស់​ហៅ​បណ្ដាជន រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​អោយ​ច្បាស់​ថា ១១ អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ពុំ​ដែល​ធ្វើ​អោយ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។
១២ ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ហើយ​ទូល​ថា៖ «សូម​ព្រះគ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះគ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ ១៣ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ* នឹង​ដក​រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះអង្គ​មិន​បាន​ដាំ។ ១៤ កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។ ១៥ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះគ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​អោយ​យើង​ខ្ញុំ​យល់​ផង»។ ១៦ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ! ១៧ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់! ១៨ ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​អោយ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ* ១៩ ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាមគុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះតិះដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់ ២០ គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​អោយ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។
ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ព្រះយេស៊ូ
(ម៉ាកុស ៧:២៤-៣០)
២១ បន្ទាប់​មក ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ ២២ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូលអង្វរ​ថា៖ «ឱ​ព្រះអម្ចាស់​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល​បណ្ដាល​អោយ​វេទនា​ខ្លាំង​ណាស់»។ ២៣ ព្រះយេស៊ូ​ពុំ​បាន​ឆ្លើយ​តប​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «សូម​ព្រះគ្រូ​ប្រោសប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។ ២៤ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្រះជាម្ចាស់​បាន​ចាត់​អោយ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ»។
២៥ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ​ហើយ​ទូល​ថា៖ «ព្រះអម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ២៦ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​អោយ​កូន​ឆ្កែ​ស៊ី​ឡើយ»។ ២៧ នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះអម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កំទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។ ២៨ ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំមួន​ណាស់ ដូច្នេះ សូម​អោយ​បាន​សំរេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
ព្រះយេស៊ូ​ប្រោស​អ្នក​មាន​ជំងឺ​ផ្សេងៗ​អោយ​ជា
(ម៉ាកុស ៧:៣១)
២៩ ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កាលីឡេ។ បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ លុះ​យាង​ដល់​ហើយ​ព្រះអង្គ​គង់​ចុះ ៣០ មាន​មហាជន​ច្រើន​កុះករ​នាំ​គ្នា​ចូល​មក​រក​ព្រះអង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ​ជើង មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឯ​ទៀតៗ​មក​ជា​មួយ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះបាទា​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​គេ​អោយ​បាន​ជា​ទាំង​អស់​គ្នា។ ៣១ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ មហាជន​នាំ​គ្នា​កោត​ស្ញប់ស្ញែង​ក្រៃលែង ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះនៃ​ជន​ជាតិ​អ៊ីស្រាអែល​ផង។
ព្រះយេស៊ូ​ប្រទាន​នំបុ័ង​អោយ​មនុស្ស​បួន​ពាន់​នាក់​បរិភោគ
(ម៉ាកុស ៨:១-១០)
៣២ ព្រះយេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដាជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​អោយ​គេ​ត្រឡប់​ទៅ​វិញ​ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។ ៣៣ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «នៅ​ទី​នេះ​ស្ងាត់​ណាស់ តើ​យើង​បាន​ម្ហូប​អាហារ​ឯ​ណា​អោយ​បណ្ដាជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់?»។ ៣៤ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។ ៣៥ ព្រះអង្គ​ក៏​ប្រាប់​បណ្ដាជន​អោយ​អង្គុយ​ផ្ទាល់​នឹង​ដី ៣៦ ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំពីរ​ដុំ និង​ត្រី​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​បណ្ដាជន។ ៣៧ ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំពីរ​ជាល។ ៣៨ អស់​អ្នក​ដែល​បាន​បរិភោគ​មាន​ចំនួន​បួនពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។ ៣៩ បន្ទាប់​មក ព្រះអង្គ​ប្រាប់​មហាជន​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ទ្រង់​យាង​ចុះ​ទូក ឆ្ពោះ​ទៅ​តំបន់​ម៉ាកាដាន។