៨
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់អោយជា
(ម៉ាកុស ១:៤០-៤៥ លូកា ៥:១២-១៤)
១ កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។
២ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយជាស្អាតបរិសុទ្ធ*ផង»។
៣ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរអោយបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។
៤ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នអោយមែនទែន កុំនិយាយប្រាប់អោយនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
ព្រះយេស៊ូប្រោសអ្នកបំរើរបស់នាយទាហានរ៉ូម៉ាំងអោយជា
(លូកា ៧:១-១០)
៥ នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖
៦ «លោកម្ចាស់អើយ! អ្នកបំរើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។
៧ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់អោយបានជា»។
៨ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបំរើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។
៩ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់អោយទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតអោយមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយ គេនឹងធ្វើតាម»។
១០ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។
១១ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
១២ រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ បែរជាដេញអោយទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។
១៣ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំអោយបានសំរេចតាមជំនឿរបស់លោកចុះ!»។ អ្នកបំរើក៏បានជាសះស្បើយនៅពេលនោះ។
ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនអោយជា
(ម៉ាកុស ១:២៩-៣៤ លូកា ៤:៣៨-៤១)
១៤ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកពេត្រុស ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសម្រាន្ដនៅលើគ្រែ។
១៥ ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបំរើព្រះអង្គ។
១៦ លុះដល់ល្ងាច គេនាំមនុស្សអារក្សចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺអោយបានជាគ្រប់ៗគ្នា
១៧ ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី*អេសាយថា៖
«ព្រះអង្គបានទទួលយកភាពពិការរបស់យើង
ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ»។
លក្ខណសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
(លូកា ៩:៥៧-៦២)
១៨ កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាអោយគេចេញទូកទៅត្រើយម្ខាង។
១៩ ពេលនោះ មានអាចារ្យ*ម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។
២០ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជំរកសំរាកសោះឡើយ»។
២១ មានសិស្សមួយរូបទៀតទូលព្រះអង្គថា៖ «លោកម្ចាស់ សូមលោកអនុញ្ញាតអោយខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។
២២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកអោយមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។
ព្រះយេស៊ូធ្វើអោយរលកស្ងប់
(ម៉ាកុស ៤:៣៥-៤១ លូកា ៨:២២-២៥)
២៣ ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស*នាំគ្នាទៅជាមួយព្រះអង្គដែរ។
២៤ ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលអោយរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។
២៥ ពួកសិស្ស*ចូលទៅជិតដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។
២៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ ព្រះអង្គក្រោកឈរឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះសមុទ្រក៏ស្ងប់ឈឹង។
២៧ ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
ព្រះយេស៊ូប្រោសបុរសអារក្សចូលពីរនាក់
(ម៉ាកុស ៥:១-២០ លូកា ៨:២៦-៣៩)
២៨ កាលព្រះយេស៊ូ និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអារក្សចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។
២៩ អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
៣០ នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។
៣១ ពួកអារក្សអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំអោយចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។
៣២ ព្រះយេស៊ូមានព្រះបន្ទូលទៅអារក្សថា៖ «ទៅចុះ!»។ ពួកអារក្សក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។
៣៣ អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអារក្សចូលទាំងពីរនាក់នោះផង។
៣៤ អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរព្រះអង្គអោយចាកចេញពីស្រុកភូមិរបស់គេ។