១៥
ក្រឹត្យវិន័យអំពីតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:
កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ប្រគល់អោយអ្នករាល់គ្នាតាំងទីលំនៅ
៣ ហើយពេលអ្នករាល់គ្នាធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ទោះបីជាតង្វាយដុតទាំងមូលក្ដី ឬយញ្ញបូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសំរាប់ពិធីបុណ្យដ៏សំខាន់ៗក្ដី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីអោយមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
៤ អ្នកដែលយកតង្វាយមកថ្វាយ ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ
៥ និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកថ្វាយជាមួយកូនចៀម ដែលត្រូវថ្វាយជាតង្វាយដុត ឬយញ្ញបូជា។
៦ ប្រសិនបើអ្នកថ្វាយចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ
៧ និងស្រាទំពាំងបាយជូរពីរលីត្រ មកថ្វាយជាមួយ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
៨ ប្រសិនបើអ្នកយកគោបាមកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ឬជាយញ្ញបូជាលាបំណន់ក្ដី ឬជាយញ្ញបូជាមេត្រីភាពក្ដី
៩ ចូរយកម្សៅប្រាំបួនគីឡូក្រាម លាយជាមួយប្រេងបីលីត្រ មកថ្វាយជាមួយគោបានោះ
១០ ហើយយកស្រាទំពាំងបាយជូរបីលីត្រមកថ្វាយជាមួយដែរ។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
១១ ត្រូវថ្វាយគោឈ្មោល ចៀមឈ្មោល កូនចៀម ឬកូនពពែតាមរបៀបនេះ។
១២ សត្វមានចំនួនច្រើនប៉ុនណា តង្វាយដែលត្រូវថ្វាយជាមួយសត្វក៏កើនឡើងតាមចំនួននោះដែរ។
១៣ ជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើ នៅពេលថ្វាយតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
១៤ ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ថ្វាយតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវថ្វាយតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ
១៥ គឺមានក្បួនតម្រាតែមួយ សំរាប់សហគមន៍ទាំងមូល ទោះបីអ្នករាល់គ្នាក្ដី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្ដី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ គ្រប់តំណតទៅ ទោះបីជនបរទេសក្ដី ឬអ្នករាល់គ្នាក្ដី។
១៦ មានក្រឹត្យវិន័យតែមួយ ច្បាប់តែមួយ សំរាប់អ្នករាល់គ្នា និងជនបរទេស ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
ក្រឹត្យវិន័យស្ដីអំពីផលដំបូងបង្អស់
១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
១៨ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាទៅដល់ស្រុកដែលយើងនាំអ្នករាល់គ្នាអោយចូលទៅនៅ ហើយពេលអ្នករាល់គ្នាបានអាហារពីស្រុកនោះបរិភោគ
១៩ ត្រូវញែកមួយចំណែកទុកជាតង្វាយថ្វាយព្រះអម្ចាស់។
២០ ត្រូវញែកម្សៅដំបូងមួយចំណែករបស់អ្នករាល់គ្នា ធ្វើជានំថ្វាយព្រះអម្ចាស់ ដូចគេញែកស្រូវ ដែលជាផលដំបូង នៅលានបោកស្រូវដែរ។
២១ ត្រូវញែកម្សៅដំបូង ធ្វើនំថ្វាយព្រះអម្ចាស់ តាមរបៀបនេះគ្រប់តំណតទៅ។
យញ្ញបូជាលោះបាបដែលប្រព្រឹត្តដោយអចេតនា
២២ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុស ដោយអចេតនា គឺមិនប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ
២៣ ហើយមិនប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់មកលោកម៉ូសេ ចាប់ពីថ្ងៃដែលព្រះអម្ចាស់ប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក
២៤ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវថ្វាយគោស្ទាវមួយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ រួមជាមួយតង្វាយម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមវិន័យ។ សហគមន៍ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជារំដោះបាបដែរ។
២៥ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបសំរាប់សហគមន៍អ៊ីស្រាអែលទាំងមូល នោះព្រះអម្ចាស់នឹងលើកលែងទោសអោយ ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ពួកគេត្រូវយកតង្វាយដុត ព្រមទាំងសត្វដែលត្រូវធ្វើយញ្ញបូជា មកថ្វាយព្រះអម្ចាស់ សំរាប់លុបលាងកំហុសដែលគេបានប្រព្រឹត្តដោយអចេតនានោះ។
២៦ ព្រះអម្ចាស់នឹងអត់ទោសអោយសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។
២៧ ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា អ្នកនោះត្រូវថ្វាយពពែញីមួយអាយុមួយខួប ជាយញ្ញបូជារំដោះបាប។
២៨ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបអោយអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដោយមិនដឹងខ្លួន និងដោយអចេតនា នោះព្រះជាម្ចាស់នឹងលើកលែងទោសអោយ។
២៩ ក្រឹត្យវិន័យស្ដីពីអំពើបាបដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រាអែលជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។
៣០ ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាប ដោយចេតនាបានសេចក្ដីថាគេប្រមាថព្រះអម្ចាស់។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។
៣១ គេបានមើលងាយព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយបំពានលើបទបញ្ជារបស់ព្រះអង្គ។ ត្រូវដកមនុស្សប្រភេទនេះចេញ អោយគេទទួលទោស ព្រោះតែកំហុសរបស់ខ្លួន»។
អ្នករំលោភលើថ្ងៃសប្ប័ទ
៣២ ពេលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងវាលរហោស្ថាន គេបានឃើញបុរសម្នាក់ដើររើសអុស នៅថ្ងៃសប្ប័ទ*។
៣៣ អស់អ្នកដែលឃើញបុរសនោះរកអុស បាននាំគាត់យកទៅជូនលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍ទាំងមូល។
៣៤ គេបានឃុំគាត់ទុក ដ្បិតគេពុំទាន់ដឹងថាត្រូវប្រព្រឹត្តដូចម្ដេចចំពោះគាត់។
៣៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មនុស្សនេះត្រូវទទួលទោសដល់ស្លាប់ គឺអោយសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់គាត់ នៅខាងក្រៅជំរំ»។
៣៦ សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
រំយោលនៅជាយអាវ
៣៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
៣៨ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលគ្រប់ជំនាន់អោយធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោលនៅជាយអាវផង។
៣៩ អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោល នោះអ្នករាល់គ្នានឹកឃើញក្រឹត្យវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួន ដែលបណ្ដាលអោយក្បត់ព្រះជាម្ចាស់ ទៅគោរពព្រះក្លែងក្លាយឡើយ។
៤០ អ្នករាល់គ្នានឹងនឹកឃើញក្រឹត្យវិន័យរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានវិសុទ្ធ*ថ្វាយព្រះរបស់អ្នករាល់គ្នា។
៤១ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។