២០
ប្រភព​ទឹក​នៅ​មេរីបា
(ជគ.១៧:១-៧)
១ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ អ្នក​ស្រី​ម៉ារាម​បាន​ទទួល​មរណភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។
២ ពេល​នោះ គ្មាន​ទឹក​សំរាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ ៣ ប្រជាជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បង​ប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ នោះ​ប្រសើរ​ជាង! ៤ ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​អោយ​មក​ស្លាប់ នៅ​វាល​រហោស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ? ៥ ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំងបាយជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សំរាប់​ផឹក​ក៏​គ្មាន»។ ៦ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុមជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​លេច​មក​អោយ​លោក​ទាំង​ពីរ​ឃើញ។
៧  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ៨ «ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​អោយ​ជួបជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្មដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា។ អ្នក​ត្រូវ​ធ្វើ​អោយ​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នោះ សំរាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។ ៩ លោក​ម៉ូសេ​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដូច​ព្រះអង្គ​បាន​បង្គាប់​លោក។ ១០ លោក​ម៉ូសេ និង​លោក​អើរ៉ុន កោះ​ហៅ​សហគមន៍​អោយ​មក​ជួបជុំ​គ្នា នៅ​មុខ​ថ្មដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះបោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នេះ​សំរាប់​អ្នក​រាល់​គ្នា បាន ឬ​មិន​បាន?»។ ១១ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្មដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។
១២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «អ្នក​ទាំង​ពីរ​ពុំ​បាន​ជឿ​លើ​យើង អ្នក​ទាំង​ពីរ​ពុំ​បាន​សំដែង​អោយ​កូន​ចៅ​អ៊ីស្រាអែល​ស្គាល់​ភាព​វិសុទ្ធ​របស់​យើង​ទេ ហេតុ​នេះ អ្នក​ទាំង​ពីរ​មិន​អាច​នាំ​ក្រុមជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​អោយ​ពួក​គេ​ឡើយ»។ ១៣ គឺ​នៅ​ត្រង់​ទឹក​មេរីបា​នោះ​ហើយ ដែល​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រក​រឿង​ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គ​បាន​សំដែង​អោយ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​ព្រះអង្គ។
ស្ដេច​ស្រុក​អេដុម​មិន​ព្រម​អោយ​អ៊ីស្រាអែល​ឆ្លង​កាត់​ទឹក​ដី​របស់​គេ
១៤ លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ហើយ​ទូល​ថា៖ «សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​ព្រះករុណា។ ព្រះករុណា​ជ្រាប​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង។ ១៥ បុព្វបុរស​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ ក៏​ប៉ុន្តែ ជន​ជាតិ​អេស៊ីប​បាន​ធ្វើ​បាប​ពួក​យើង គឺ​ទាំង​យើង​ខ្ញុំ​ផ្ទាល់ ទាំង​បុព្វបុរស​របស់​យើង​ខ្ញុំ។ ១៦ យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ។ ព្រះអង្គ​បាន​ចាត់​ទេវតា*​មួយ​រូប អោយ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​មក​ដល់​កាដេស ជា​ក្រុង​ដែល​នៅ​ជាប់​នឹង​ដែន​ដី​របស់​ព្រះករុណា។ ១៧ យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះករុណា តែ​យើង​ខ្ញុំ​មិន​ដើរ​កាត់​ស្រែ ឬ​ចំការ​ទំពាំងបាយជូរ​របស់​ព្រះករុណា​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទទួល​ទាន​ទឹក​ពី​អណ្ដូង​របស់​ព្រះករុណា​ដែរ គឺ​យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​តាម​ផ្លូវ​ធំ​ ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ងាក​ទៅ​ស្ដាំ​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះករុណា»។ ១៨ ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។ ១៩ ជន​ជាតិ​អ៊ីស្រាអែល​ទូល​ស្ដេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះករុណា នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។ ២០ ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ដាច់​ខាត!»។ ជន​ជាតិ​អេដុម​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទាំង​ប្រដាប់​អាវុធ ចេញ​ទៅ​ទប់​ជន​ជាតិ​អ៊ីស្រាអែល ២១ មិន​អោយ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន​ជាតិ​អ៊ីស្រាអែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។
លោក​អើរ៉ុន​ទទួល​មរណភាព
២២ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ចេញ​ដំណើរ​ពី​កាដេស ទៅ​ដល់​ភ្នំ​ហោរ។ ២៣  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ភ្នំ​ហោរ ដែល​នៅ​ជាប់​នឹង​ព្រំប្រទល់​ស្រុក​អេដុម​ថា៖ ២៤ «បន្តិច​ទៀត អើរ៉ុន​នឹង​ទៅ​ជួបជុំ​ដូនតា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះបោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរីបា។ ២៥ ចូរ​នាំ​អើរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហោរ។ ២៦ នៅ​ទី​នោះ ចូរ​ដោះ​សម្លៀកបំពាក់​ចេញ​ពី​អើរ៉ុន រួច​ពាក់​អោយ​អេឡាសារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​អើរ៉ុន​ត្រូវ​ទទួល​មរណភាព»។
២៧ លោក​ម៉ូសេ​បាន​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក។ ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល។ ២៨ លោក​ដោះ​សម្លៀកបំពាក់​ចេញ​ពី​លោក​អើរ៉ុន ហើយ​ពាក់​អោយ​លោក​អេឡាសារ ជា​កូន។ លោក​អើរ៉ុន​ទទួល​មរណភាព​នៅ​លើ​កំពូល​ភ្នំ​នោះ។ លោក​ម៉ូសេ និង​លោក​អេឡាសារ​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក​វិញ។ ២៩ សហគមន៍​ទាំង​មូល​បាន​ឃើញ​លោក​អើរ៉ុន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​លោក​អើរ៉ុន អស់​រយៈ​ពេល​សាមសិប​ថ្ងៃ។