២៥
ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយនៅវាលទំនាបស្រុកម៉ូអាប់
១ ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។
២ ស្ត្រីទាំងនោះបបួលប្រជាជនអោយទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។
៣ ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្ដាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងពួកគេ។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរកពួកគេហាលថ្ងៃនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដើម្បីពង្វាងព្រះពិរោធរបស់ព្រះអម្ចាស់ចេញពីជនជាតិអ៊ីស្រាអែល»។
៥ លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។
៦ ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
៧ ឃើញដូច្នេះ លោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។
៨ គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។
៩ គ្រោះកាចនេះបណ្ដាលអោយមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
១១ «ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន បានសំដែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្ដី ក៏យើងពុំបានប្រល័យពួកគេអោយវិនាសសូន្យដែរ ព្រោះភីនេហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។
១២ ហេតុនេះ ចូរប្រាប់ភីនេហាសថាយើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្ដល់សន្តិភាព។
១៣ តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេហាស និងពូជពង្សរបស់គេ អោយបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេហាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើអោយជនជាតិអ៊ីស្រាអែលរួចពីបាបផង»។
១៤ បុរសអ៊ីស្រាអែល ដែលលោកភីនេហាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។
១៥ រីឯស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវលោកភីនេហាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកស៊ើរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌាន។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
១៧ «ចូរចាត់ទុកជនជាតិម៉ាឌានជាបច្ចាមិត្ត ហើយវាយប្រហារពួកគេទៅ
១៨ ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាអោយវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។