៣០
ក្រឹត្យវិន័យស្ដីអំពីបំណន់
១ លោកម៉ូសេមានប្រសាសន៍ទៅកាន់មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បង្គាប់មកដូចតទៅ:
២ ពេលអ្នកណាម្នាក់បន់ព្រះអម្ចាស់ ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសំដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលខ្លួនបានស្បថ។
៣ ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះអម្ចាស់ ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន
៤ ប្រសិនបើឪពុករបស់នាងបានដឹងពីបំណន់នេះ តែគាត់នៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់។
៥ ផ្ទុយទៅវិញ នៅថ្ងៃដែលឪពុកនាងបានដឹង ហើយប្រសិនបើគាត់មិនយល់ស្របទេ នាងនឹងមិនជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់នោះឡើយ។
៦ ប្រសិនបើនាងរៀបការ ក្រោយពេលនាងបានបន់ និងជំពាក់បំណន់នោះ
៧ ហើយនៅថ្ងៃដែលប្ដីនាងដឹង តែនៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ដែលខ្លួនបានបន់។
៨ ផ្ទុយទៅវិញ នៅថ្ងៃដែលប្ដីនាងបានដឹង ប្រសិនបើគាត់មិនយល់ស្របទេ នោះគាត់អាចចាត់ទុកបំណន់ដែលនាងបានបន់ ជាអសារបង់ ហើយព្រះអម្ចាស់មិនប្រកាន់ទោសនាងឡើយ។
៩ រីឯស្ត្រីមេម៉ាយប្ដីស្លាប់ ឬស្ត្រីមេម៉ាយប្ដីលែងវិញ បើនាងបន់អំពីរឿងអ្វីមួយ នាងនឹងជំពាក់បំណន់នោះ។
១០ រីឯស្ត្រីដែលរស់នៅជាមួយប្ដីបន់ ឬស្បថអំពីរឿងអ្វីមួយ
១១ ពេលប្ដីរបស់នាងដឹង តែនៅស្ងៀមមិនជំទាស់ទេ នោះនាងជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានស្បថ។
១២ ក៏ប៉ុន្តែ នៅថ្ងៃដែលប្ដីរបស់នាងដឹង ប្រសិនបើគាត់ជំទាស់ នោះនាងនឹងមិនជំពាក់បំណន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានបន់ និងស្បថឡើយ។ ដោយប្ដីចាត់ទុកបំណន់ និងសម្បថរបស់នាងជាអសារបង់ ព្រះអម្ចាស់មិនប្រកាន់ទោសនាងទេ។
១៣ ប្ដីរបស់នាងអាចរក្សាទុក ឬចាត់ទុកជាអសារបង់នូវបំណន់ទាំងប៉ុន្មានដែលនាងបានបន់ និងសម្បថទាំងប៉ុន្មានដែលនាងបានស្បថថា តមធ្វើការអ្វីមួយ។
១៤ នៅថ្ងៃដែលប្ដីបានឮដំណឹង ប្រសិនបើគាត់នៅស្ងៀមរហូតដល់ថ្ងៃបន្ទាប់ បានសេចក្ដីថាគាត់រក្សាទុកគ្រប់បំណន់ និងអ្វីៗទាំងប៉ុន្មានដែលនាងបានសន្យា។ ដោយគាត់នៅស្ងៀមក្នុងថ្ងៃដែលគាត់ឮដំណឹង បានសេចក្ដីថាគាត់យល់ស្រប។
១៥ មួយថ្ងៃក្រោយបានដឹងដំណឹង ប្រសិនបើប្ដីចាត់ទុកបំណន់របស់នាងជាអសារបង់ គាត់ត្រូវទទួលទោសជំនួសប្រពន្ធ»។
១៦ នេះជាច្បាប់ដែលព្រះអម្ចាស់ប្រគល់មកលោកម៉ូសេ ស្ដីអំពីទំនាក់ទំនងរវាងប្ដី នឹងប្រពន្ធ រវាងឪពុក នឹងកូនស្រីមិនទាន់រៀបការ ដែលរស់នៅជាមួយឪពុកនៅឡើយ។