ក្រឹត្យវិន័យ​អំពី​មនុស្ស​មិន​បរិសុទ្ធ
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ ២ «ចូរ​បញ្ជា​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បណ្ដេញ​មនុស្ស​ឃ្លង់ មនុស្ស​មាន​ជំងឺ​កាម​រោគ ឬ​មនុស្ស​មិន​បរិសុទ្ធ​ដោយ​ប៉ះពាល់​សាកសព ចេញ​ពី​ជំរំ។ ៣ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​អោយ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ»។ ៤ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ។
ក្រឹត្យវិន័យ​អំពី​ការ​ប្រគល់​របស់​ទៅ​ម្ចាស់​ដើម​វិញ
៥  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ៦ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ:
“ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអម្ចាស់ និង​ធ្វើ​អោយ​ខ្លួន​ឯង​មាន​ទោស។ ៧ អ្នក​នោះ​ត្រូវ​តែ​ទទួល​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​អោយ​គេ​មួយ​ភាគ​ប្រាំ​ផង។ ៨ ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ព្រះអម្ចាស់ គឺ​ប្រគល់​ជូន​បូជាចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។ ៩ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ញែក​ពី​តង្វាយ​របស់​ព្រះអម្ចាស់ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជាចារ្យ។ ១០ អ្វីៗ​ដែល​ប្រជាជន​ថ្វាយ​ព្រះអម្ចាស់ នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​បូជាចារ្យ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជាចារ្យ”»។
ក្រឹត្យវិន័យ​អំពី​ស្ត្រី​ដែល​គេ​សង្ស័យ​ថា​ក្បត់​ចិត្ត​ប្ដី
១១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១២ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស​ម្នាក់​មាន​ប្រពន្ធ ហើយ​ប្រពន្ធ​នោះ​ក្បត់​ចិត្ត​ខ្លួន ១៣ គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​អោយ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅហ្មង​នេះ​ដោយ​លួច​លាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្ដុតាង​បាន​ទេ ១៤ តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត ១៥ ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​បូជាចារ្យ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សំរាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ និង​ជា​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។ ១៦ បូជាចារ្យ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​អោយ​នាង​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ១៧ បូជាចារ្យ​យក​ទឹក​វិសុទ្ធ​ដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះពន្លា​នោះ​ដាក់​ក្នុង​ទឹក។ ១៨ បូជាចារ្យ​អោយ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ លោក​ដាក់​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​នោះ ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​លោក​វិញ លោក​កាន់​ទឹក​សម្បថ​ ដែល​នាំ​អោយ​ត្រូវ​បណ្ដាសា ក្នុង​ដៃ​របស់​លោក​ផ្ទាល់។ ១៩ បូជាចារ្យ​ប្រាប់​អោយ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទេ នោះ​សូម​កុំ​អោយ​ទឹក​សម្បថ​នេះ​នាំ​បណ្ដាសា​មក​លើ​នាង​ឡើយ។ ២០ ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​នាង​នៅ​រួម​រស់​ជា​មួយ​ប្ដី នាង​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​រួម​ដំណេក​ជា​មួយ​ប្រុស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន ២១ នោះ​សូម​ព្រះអម្ចាស់​ធ្វើ​អោយ​នាង​ត្រូវ​បណ្ដាសា និង​ទទួល​ទោស តាម​ពាក្យ​ដែល​នាង​បាន​ស្បថស្បែ សូម​ព្រះអង្គ​ធ្វើ​អោយ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​អោយ​នាង​ប៉ោង​ពោះ ហើយ​ប្រជាជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ ២២ សូម​ទឹក​សម្បថ​នេះ​ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​អោយ​នាង​ប៉ោង​ពោះ ហើយ​ក្លាយ​ទៅ​ជា​ស្ត្រី​អារ!”។ នាង​ត្រូវ​ឆ្លើយ​ថា “សូម​អោយ​កើត​មាន​ដូច្នោះ​មែន! អាម៉ែន!”។ ២៣ បូជាចារ្យ​ត្រូវ​សរសេរ​ពាក្យ​សម្បថ​ទុក​ក្នុង​សៀវភៅ​មួយ រួច​យក​ទឹក​សម្បថ​នោះ​មក​លុប។ ២៤ បន្ទាប់​មក លោក​អោយ​ទឹក​សម្បថ​ទៅ​នាង​ផឹក ទឹក​សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​អោយ​នាង​ឈឺ​ចុក​ចាប់។ ២៥ បូជាចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។ ២៦ បូជាចារ្យ​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ក្ដាប់​ធ្វើ​ជា​ទី​រំលឹក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​លោក​បង្គាប់​អោយ​ស្ត្រី​នោះ​ផឹក​ទឹក។ ២៧ ក្រោយ​ពី​អោយ​នាង​ផឹក​ទឹក​រួច​ហើយ ប្រសិន​បើ​នាង​ពិត​ជា​សៅហ្មង ហើយ​ក្បត់​ចិត្ត​ប្ដី​របស់​ខ្លួន​មែន ទឹក​សម្បថ​ដែល​ចូល​ទៅ​ក្នុង​ពោះ​នាង នឹង​បណ្ដាល​អោយ​នាង​ឈឺ​ចាប់ ប៉ោង​ពោះ ទៅ​ជា​ស្ត្រី​អារ។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជាជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ ២៨ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សៅហ្មង គឺ​នាង​មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​បាន​រួច​ខ្លួន ហើយ​នាង​នឹង​មាន​កូន​ចៅ។
២៩ នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង ៣០ និង​ក្នុង​ករណី​ប្ដី​ដែល​មាន​ចិត្ត​ប្រច័ណ្ឌ សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន។ បូជាចារ្យ​ត្រូវ​នាំ​ស្ត្រី​មក​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ ហើយ​អនុវត្ត​សព្វ​គ្រប់​ទាំង​អស់​តាម​ក្រឹត្យវិន័យ​នេះ។ ៣១ ពេល​នោះ ប្ដី​គ្មាន​ទោស​អ្វី​ទេ រីឯ​ប្រពន្ធ​វិញ នាង​ត្រូវ​ទទួល​ផល​វិបាក​តាម​អំពើ​បាប​របស់​ខ្លួន»។