៨
របៀបតម្កល់ចង្កៀង
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
២ «ចូរប្រាប់អើរ៉ុនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាអោយចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។
៣ លោកអើរ៉ុនក៏ធ្វើតាម គឺលោកដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចព្រះអម្ចាស់មានព្រះបន្ទូលបង្គាប់មកលោកម៉ូសេ។
៤ ជើងចង្កៀងធ្វើពីមាសមានក្បាច់រចនា គឺចាប់ពីជើងរហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះតាមគំរូ ដែលព្រះអម្ចាស់បង្ហាញអោយលោកម៉ូសេឃើញ។
ពិធីតែងតាំងក្រុមលេវី
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
៦ «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយធ្វើពិធីជំរះពួកគេអោយបានបរិសុទ្ធ។
៧ អ្នកត្រូវជំរះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប ត្រូវអោយពួកគេកោររោមនៅលើរូបកាយរបស់ខ្លួន អោយពួកគេបោកសម្លៀកបំពាក់ និងជំរះខ្លួនអោយបរិសុទ្ធ។
៨ បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងតង្វាយដែលត្រូវថ្វាយជាមួយ គឺម្សៅម៉ដ្ដលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សំរាប់ធ្វើយញ្ញបូជារំដោះបាប។
៩ ចូរនាំពួកលេវីអោយចូលមកជិតពន្លាជួបព្រះអម្ចាស់ ហើយប្រមូលផ្ដុំសហគមន៍អ៊ីស្រាអែលទាំងមូល។
១០ ចូរនាំពួកលេវីចូលមកជិតយើង ហើយអោយជនជាតិអ៊ីស្រាអែលដាក់ដៃលើពួកគេ។
១១ អើរ៉ុនត្រូវធ្វើពិធីញែកពួកលេវី ទុកជាតង្វាយដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយយើង ដើម្បីអោយបំរើយើង។
១២ ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវថ្វាយគោមួយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល ដើម្បីជំរះពួកលេវីអោយរួចពីបាប។
១៣ បន្ទាប់មក ចូរអោយពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាតង្វាយសំរាប់យើង។
១៤ ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
១៥ បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អ្នកត្រូវជំរះពួកគេអោយបរិសុទ្ធ និងធ្វើពិធីញែកពួកគេទុកជាតង្វាយសំរាប់យើងបែបនេះឯង។
១៦ យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រាអែល ទុកសំរាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
១៧ ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេ ត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រាអែលទុកសំរាប់យើង។
១៨ ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។
១៩ យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រាអែល ប្រគល់ទៅអោយអើរ៉ុន និងកូនចៅរបស់គាត់ ដើម្បីអោយពួកគេបំពេញការងារបំរើជនជាតិអ៊ីស្រាអែល នៅក្នុងពន្លាជួបព្រះអម្ចាស់ អោយពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រាអែល។ ធ្វើដូច្នេះ អ៊ីស្រាអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។
២០ លោកម៉ូសេ លោកអើរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូល នាំគ្នាអនុវត្តតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
២១ ពួកលេវីនាំគ្នាធ្វើពិធីជំរះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ លោកអើរ៉ុនបានធ្វើពិធីញែកពួកគេថ្វាយព្រះអម្ចាស់ នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ហើយធ្វើពិធីលោះបាបពួកគេ និងជំរះពួកគេអោយបរិសុទ្ធ។
២២ បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមការទទួលខុសត្រូវរបស់លោកអើរ៉ុន និងកូនចៅរបស់លោក។ គេបានអនុវត្តតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
២៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
២៤ «ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ទាំងអស់គ្នា។
២៥ ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបំរើយើងទៀតហើយ។
២៦ គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបំរើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។