១៥
១ ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង រីឯសំដីគំរោះគំរើយ តែងតែធ្វើអោយច្រឡោតខឹង។
២ សំដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើអោយអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។
៣ ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
៤ ពាក្យលើកទឹកចិត្ត ប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសំដីទ្រគោះបោះបោកនាំអោយធ្លាក់ទឹកចិត្ត។
៥ មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅជាមនុស្សឆ្លាត។
៦ ផ្ទះរបស់មនុស្សសុចរិត តែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបាន ដោយអំពើអាក្រក់ រមែងនាំអោយកើតទុក្ខ។
៧ សំដីរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចំណេះ រីឯមនុស្សខ្លៅវិញមិនអាចបណ្ដុះបណ្ដាលបានទេ។
៨ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។
៩ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។
១០ អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។
១១ ព្រះអម្ចាស់ជ្រាបអ្វីៗ នៅស្ថានមច្ចុរាជ និងនៅនរកអវិចី ចំណែកឯចិត្តមនុស្សវិញព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។
១២ មនុស្សវាយឫកខ្ពស់មិនចូលចិត្តអោយនរណាស្ដីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
១៣ ចិត្តសប្បាយធ្វើអោយទឹកមុខរីករាយ រីឯចិត្តព្រួយធ្វើអោយទឹកមុខស្រងូតស្រងាត់។
១៤ អ្នកចេះពិចារណាតែងតែស្វែងរកចំណេះ រីឯមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។
១៥ ចំពោះមនុស្សកំសត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។
១៦ ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។
១៧ កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
១៨ មនុស្សខឹងច្រើន តែងតែបង្កជំលោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសំរុះសំរួលកុំអោយមានការទាស់ទែងគ្នា។
១៩ ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លា រីឯផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើល្អ។
២០ កូនមានប្រាជ្ញាធ្វើអោយឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។
២១ មនុស្សមិនដឹងខុសត្រូវ តែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ រីឯមនុស្សចេះគិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។
២២ ខ្វះការពិគ្រោះគ្នា គំរោងការតែងតែបរាជ័យមានទីប្រឹក្សាច្រើន គំរោងការតែងតែសំរេច។
២៣ ពោលពាក្យត្រឹមត្រូវ ស្របនឹងកាលៈទេសៈ រមែងនាំអោយមានអំណរសប្បាយ។
២៤ មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។
២៥ ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួត តែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។
២៦ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងគំនិតអាក្រក់ទេ តែព្រះអង្គគាប់ព្រះហឫទ័យនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។
២៧ មនុស្សលោភលន់តែងតែនាំអោយមានវិបត្តិនៅក្នុងខ្លួន រីឯអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។
២៨ មនុស្សសុចរិតតែងតែគិតពិចារណា មុននឹងឆ្លើយ រីឯមនុស្សអាក្រក់រមែងនិយាយមួលបង្កាច់ភ្លាមៗ។
២៩ ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យទូលអង្វររបស់មនុស្សសុចរិត។
៣០ ទឹកមុខដែលសំដែងសេចក្ដីមេត្តា រមែងនាំអោយមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តអោយមានកម្លាំង។
៣១ អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្ដីប្រដៅ ដែលនាំអោយមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។
៣២ អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅតែងតែទទួលសុភនិច្ឆ័យ។
៣៣ ការគោរពកោតខ្លាចព្រះអម្ចាស់ តែងតែអប់រំខ្លួនអោយមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។