២០
១ សុរាមែងធ្វើអោយមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើអោយមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។
២ កំហឹងរបស់ស្ដេច ប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើអោយស្ដេចខ្ញាល់ រមែងនាំអោយខ្លួនមានទោស។
៣ អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។
៤ នៅរដូវវស្សាមនុស្សកំជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចំរូតគេរកអ្វីច្រូតពុំបានឡើយ។
៥ គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។
៦ មនុស្សជាច្រើនអះអាងថា ខ្លួនសប្បុរសតែមនុស្សគួរអោយទុកចិត្តពិបាករកណាស់។
៧ មនុស្សសុចរិតតែងតែរស់នៅដោយទៀងត្រង់ ហើយកូនរបស់គាត់រមែងទទួលសុភមង្គល។
៨ កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។
៩ តើអ្នកណាអាចពោលថា «ខ្ញុំមានចិត្តបរិសុទ្ធខ្ញុំគ្មានបាបទាល់តែសោះ»?។
១០ បំបាត់ភ្នែកជញ្ជីង ឬវាល់មិនគ្រប់ សុទ្ធតែជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។
១១ សូម្បីតែកូនក្មេង ក៏អាចបង្ហាញអោយគេឃើញនូវកិរិយាល្អត្រឹមត្រូវរបស់វា តាមអំពើដែលវាប្រព្រឹត្តដែរ។
១២ ត្រចៀកសំរាប់ស្ដាប់ និងភ្នែកសំរាប់មើលសុទ្ធតែព្រះអម្ចាស់បង្កើតមកដូចគ្នា។
១៣ បើអ្នកគិតតែពីដេកអ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។
១៤ អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់សរសើរខ្លួនឯង។
១៥ មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសំដីប្រកបដោយប្រាជ្ញា មានតម្លៃលើសអ្វីៗទាំងអស់។
១៦ បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
១៧ អាហារដែលបានមកពីការបញ្ឆោតឆ្ងាញ់តែមុនដំបូងទេ ក្រោយមកអាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។
១៨ យោបល់ល្អរមែងធ្វើអោយគំរោងការបានសំរេច មុននឹងធ្វើសង្គ្រាមត្រូវរិះគិតអោយបានដិតដល់ជាមុន។
១៩ អ្នកនិយាយដើមគេរមែងបើកកកាយការសំងាត់កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។
២០ អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។
២១ អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេក ទៅថ្ងៃក្រោយអ្នកនោះមិនបានទទួលព្រះពរឡើយ។
២២ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះអម្ចាស់នោះព្រះអង្គនឹងសង្គ្រោះអ្នក។
២៣ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងកូនជញ្ជីងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។
២៤ ព្រះអម្ចាស់តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅនៃជីវិតរបស់ខ្លួនបានទេ។
២៥ ចូររិះគិតអោយបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំអោយស្ដាយក្រោយ។
២៦ ស្ដេចមានប្រាជ្ញាតែងតែកំចាត់មនុស្សអាក្រក់ ហើយដាក់ទោសពួកគេឥតប្រណី។
២៧ វិញ្ញាណរបស់មនុស្ស ជាចង្កៀងដែលមកពីព្រះអម្ចាស់ ចង្កៀងនោះបំភ្លឺរហូតដល់ជំរៅចិត្តរបស់គេ។
២៨ សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
២៩ កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។
៣០ របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើអោយមានការកែប្រែ រហូតដល់ជំរៅចិត្ត។