២២
១ ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានគេរាប់អានច្រើន ប្រសើរជាងមានមាសប្រាក់។
២ អ្នកមាន និងអ្នកក្រជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។
៣ កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់គេលាក់ខ្លួន រីឯមនុស្សឥតគំនិត អោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
៤ មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
៥ ផ្លូវអសីលធម៌ មានសុទ្ធតែបន្លា និងអន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀសឆ្ងាយពីផ្លូវនោះ។
៦ ចូរអប់រំកូនក្មេងអោយមានទំលាប់ល្អតាំងពីតូច គេនឹងរក្សាទំលាប់នេះរហូតដល់ចាស់។
៧ អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។
៨ អ្នកសាបព្រោះអំពើអាក្រក់ តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេអោយប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។
៩ មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុគ៌ត។
១០ បំបាត់មនុស្សចំអកឡកឡឺយ ជំលោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយ លែងមានទៀតហើយ។
១១ អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសំដីសុភាពរាបសា អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្ដេច។
១២ ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសំដីរបស់មនុស្សពាល។
១៣ មនុស្សកំជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។
១៤ ពាក្យសំដីរបស់ស្ត្រីក្បត់ប្ដី ជាអន្ទាក់មួយគួរអោយព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យតែងតែជាប់អន្ទាក់នោះ។
១៥ ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាអោយចេញឆ្ងាយពីភាពល្ងីល្ងើនោះ។
១៦ ជនទុគ៌តដែលត្រូវគេសង្កត់សង្កិនមុខជាបានចំរើន រីឯអ្នកដែលយកទ្រព្យទៅអោយអ្នកមាននឹងបណ្ដាលអោយធ្លាក់ខ្លួនក្រ។
ដំបូន្មានរបស់អ្នកប្រាជ្ញ
១៧ ចូរផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញ ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់ខ្ញុំ
១៨ នោះអ្នកនឹងសប្បាយចិត្ត ដោយចងចាំ ហើយត្រៀមខ្លួនស្រដីចេញមកជានិច្ច។
១៩ ខ្ញុំចង់អោយអ្នកស្គាល់ការយល់ដឹងនៅថ្ងៃនេះ ដើម្បីអោយអ្នកផ្ញើជីវិតលើព្រះអម្ចាស់។
២០ ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសំរាប់អ្នក
២១ ដើម្បីអោយអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដ ដល់មនុស្សដែលចាត់អ្នកអោយមក។
២២ កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ។
២៣ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌អោយពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
២៤ កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល។
២៥ ក្រែងលោអ្នកយកតំរាប់តាមគេ ហើយនាំអោយជីវិតរបស់អ្នកជាប់អន្ទាក់។
២៦ កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។
២៧ បើអ្នកគ្មានអ្វីសងទេគេមុខជាដកហូតយកគ្រែដេករបស់អ្នកពុំខាន។
២៨ កុំដកបង្គោលព្រំចំការដែលដូនតារបស់អ្នកបានបោះទុកនោះឡើយ។
២៩ ប្រសិនបើអ្នកឃើញមនុស្សម្នាក់ប៉ិនប្រសប់បំពេញការងាររបស់ខ្លួន តោងដឹងថា អ្នកនោះអាចចូលបំរើស្ដេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះឡើយ។