២៥
សុភាសិតផ្សេងៗ
១ នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចងក្រងឡើងដោយមន្ត្រីរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
២ សិរីរុងរឿងរបស់ព្រះជាម្ចាស់ ស្ថិតនៅលើគំរោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេច ស្ថិតនៅលើសុភនិច្ឆ័យ។
៣ ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។
៤ បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។
៥ បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញអោយឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គជាមុនសិន។
៦ កុំធ្វើព្រហើននៅចំពោះព្រះភក្ត្រស្ដេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។
៧ ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។
៨ កុំប្រញាប់យករឿងរ៉ាវអ្វី ដែលអ្នកបានឃើញទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទំលាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
៩ បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ
១០ ក្រែងលោអ្នកនោះដឹងឮគេដៀលអ្នក ហើយអ្នកត្រូវអាម៉ាស់ងើបមុខមិនរួច។
១១ និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។
១២ យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។
១៣ អ្នកនាំសារស្មោះត្រង់ រមែងធ្វើអោយម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។
១៤ អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។
១៥ ការអត់ធ្មត់រមែងបន្ទន់ចិត្តមេដឹកនាំ ហើយពាក្យសំដីទន់ភ្លន់អាចឈ្នះចិត្តរឹងរូស។
១៦ បើអ្នករកបានទឹកឃ្មុំកុំបរិភោគច្រើនហួស បើមិនដូច្នេះទេអ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។
១៧ ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់រហូតដល់ស្អប់អ្នក។
១៨ អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។
១៩ នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។
២០ ច្រៀងអោយមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។
២១ ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារទៅអោយគេបរិភោគ បើគេស្រេកចូរយកទឹកអោយគេផឹកផង
២២ ធ្វើដូច្នេះប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។
២៣ ខ្យល់បក់ពីទិសខាងត្បូងរមែងនាំទឹកភ្លៀងមកជាមួយផង រីឯការនិយាយដើមគេ រមែងនាំអោយគេខឹង។
២៤ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។
២៥ ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។
២៦ អណ្ដូងទឹកល្អក់ ឬប្រភពទឹកក្រខ្វក់ ប្រៀបដូចជាមនុស្សសុចរិត ដែលយកតំរាប់តាមមនុស្សទុច្ចរិត។
២៧ បរិភោគទឹកឃ្មុំច្រើនមិនល្អទេ ហើយចង់បានកិត្តិយសខ្លាំងពេកក៏មិនល្អដែរ។
២៨ មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។