៤
ផលប្រយោជន៍នៃប្រាជ្ញា
១ កូនអើយចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង
២ ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។
៣ ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។
៤ ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។
៥ ចូររកប្រាជ្ញា និងការចេះដឹងអោយបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។
៦ កុំបោះបង់ប្រាជ្ញាអោយសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។
៧ រីឯប្រភពនៃប្រាជ្ញា ចាប់ផ្ដើមដូចតទៅ: គឺត្រូវរកប្រាជ្ញាអោយបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកអោយបានការចេះដឹង។
៨ ចូរឱបរឹតប្រាជ្ញាអោយជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។
៩ ប្រាជ្ញានឹងផ្ដល់អោយកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សំរាប់កូន»។
កុំយកតំរាប់តាមជនពាល
១០ កូនអើយចូរស្ដាប់ពាក្យរបស់ឪពុក នោះកូននឹងមានអាយុវែង។
១១ ឪពុកបានណែនាំកូនអោយស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនអោយដើរតាមមាគ៌ាទៀងត្រង់។
១២ បើកូនប្រកាន់យកមាគ៌ានេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនអោយជំពប់ដួលឡើយ។
១៣ ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាអោយជាប់ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។
១៤ មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតំរាប់តាមមនុស្សអាក្រក់ដែរ។
១៥ ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងអោយឆ្ងាយ។
១៦ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះគេដេកមិនលក់ឡើយ
១៧ ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។
១៨ មាគ៌ារបស់មនុស្សសុចរិត ប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗរហូតដល់ព្រះអាទិត្យពេញកំដៅ។
១៩ រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើអោយខ្លួនជំពប់ដួលនោះឃើញឡើយ។
ចរិយាសម្បត្តិដ៏ថ្លៃថ្នូរ
២០ កូនអើយចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។
២១ កុំបំភ្លេចពាក្យឪពុក គឺត្រូវរក្សាទុកអោយជាប់នៅក្នុងដួងចិត្តជានិច្ច។
២២ ដ្បិតឱវាទនេះនឹងផ្ដល់ជីវិត និងសុខភាពដល់អស់អ្នកដែលសុខចិត្តទទួល។
២៣ ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
២៤ ចូរទប់មាត់កុំអោយពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។
២៥ ចូរសំដែងអោយមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។
២៦ ចូររៀបចំផ្លូវដែលកូនត្រូវដើរអោយត្រង់ គឺធ្វើយ៉ាងណាអោយផ្លូវនោះបានត្រឹមត្រូវ
២៧ កុំងាកស្ដាំ ងាកឆ្វេង ហើយចៀសអោយឆ្ងាយពីផ្លូវអាក្រក់។