១០២
នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភក្ត្រឡើយ!
ពាក្យអធិស្ឋានរបស់ជនទុគ៌ត នៅពេលអស់សង្ឃឹម គេចូលមកទូលអង្វរព្រះអម្ចាស់។
១ ឱព្រះអម្ចាស់អើយ
សូមព្រះសណ្ដាប់ពាក្យ
ទូលអង្វររបស់ទូលបង្គំ
សូមមេត្តាទទួលពាក្យដែលទូលបង្គំ
ស្រែកអង្វរនេះផង!
២ នៅពេលទូលបង្គំមានអាសន្ន
សូមកុំលាក់ព្រះភក្ត្រឡើយ!
នៅថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំជាប្រញាប់!
៣ ដ្បិតជីវិតទូលបង្គំនឹងត្រូវរសាត់បាត់ទៅ
ដូចជាផ្សែង
ហើយខ្លួនប្រាណទូលបង្គំក្ដៅដូចរងើកភ្លើង។
៤ ទូលបង្គំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួត
សូម្បីតែអាហារក៏ទូលបង្គំលែងនឹកនាទៀតដែរ។
៥ ទូលបង្គំចេះតែស្រែកថ្ងូរជានិច្ច
ទូលបង្គំនៅសល់តែស្បែក និងឆ្អឹង
៦ ទូលបង្គំប្រៀបដូចជាសត្វក្អែក
នៅវាលរហោស្ថាន
ឬដូចសត្វទីទុយនៅទីស្មសាន។
៧ ទូលបង្គំនៅទន្ទឹងរង់ចាំប្រៀបដូចជា
សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។
៨ រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ទូលបង្គំ
នាំគ្នាប្រមាថមាក់ងាយទូលបង្គំ
ពួកគេចំអកឡកឡឺយអោយទូលបង្គំ
ហើយយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគ្នា។
៩ ទូលបង្គំបរិភោគទាំងទុក្ខសោក
ទូលបង្គំបរិភោគលាយជាមួយទឹកភ្នែក
១០ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ
នឹងទូលបង្គំយ៉ាងខ្លាំង
ព្រះអង្គលើកទូលបង្គំបោះទៅឆ្ងាយ។
១១ អាយុជីវិតទូលបង្គំប្រៀបដូចជាស្រមោល
នៅពេលល្ងាច
និងដូចស្មៅដែលក្រៀមស្ងួតដែរ។
១២ រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ
ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច
គេនឹងរំលឹកពីព្រះអង្គអស់កល្ប
ជាអង្វែងតរៀងទៅ។
១៣ ដោយព្រះអង្គអាណិតមេត្តាក្រុងស៊ីយ៉ូន
ព្រះអង្គមុខជាក្រោកឡើង
ព្រោះដល់ពេលកំណត់ដែលព្រះអង្គ
ត្រូវប្រណីសន្ដោសក្រុងនេះហើយ។
១៤ យើងខ្ញុំដែលជាអ្នកបំរើរបស់ព្រះអង្គ
យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់
សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ
ក៏យើងខ្ញុំជាប់ចិត្តដែរ។
១៥ សូមអោយប្រជាជាតិនានាកោតខ្លាច
ព្រះនាមរបស់ព្រះអម្ចាស់
ហើយអោយស្ដេចទាំងប៉ុន្មាននៅលើផែនដី
កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!
១៦ ពេលព្រះអម្ចាស់សង់ក្រុងស៊ីយ៉ូនឡើងវិញ
ព្រះអង្គនឹងសំដែងសិរីរុងរឿងអោយគេឃើញ។
១៧ ព្រះអង្គបែរព្រះភក្ត្រទតទៅមនុស្សទុគ៌ត
ព្រះអង្គលែងព្រងើយកន្តើយ
នឹងពាក្យទូលអង្វររបស់គេទៀតហើយ។
១៨ ចូរសរសេរសេចក្ដីទាំងនេះទុក
អោយមនុស្សនៅជំនាន់ក្រោយបានដឹង
ដើម្បីអោយប្រជារាស្ត្រដែលនឹងកកើតឡើងវិញ
នាំគ្នាសរសើរតម្កើងព្រះអម្ចាស់!
១៩ ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក
ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី
២០ ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង
និងដើម្បីរំដោះអស់អ្នក
ដែលគេកាត់ទោសប្រហារជីវិត។
២១ ពេលនោះ គេនឹងប្រកាសអំពីព្រះកិត្តិនាម
របស់ព្រះអម្ចាស់នៅក្រុងស៊ីយ៉ូន
គេនឹងសរសើរតម្កើងព្រះអង្គនៅក្រុងយេរូសាឡឹម
២២ គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នា
ហើយប្រជាជនពីនគរទាំងឡាយ
នាំគ្នាគោរពបំរើព្រះអម្ចាស់។
២៣ ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ
ព្រះអង្គធ្វើអោយខ្ញុំទន់ជង្គង់
ព្រះអង្គបង្រួញអាយុជីវិតរបស់ខ្ញុំ។
២៤ ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា
«ឱព្រះនៃទូលបង្គំអើយ
ព្រះអង្គមានព្រះជន្មគង់នៅ
ពីជំនាន់មួយទៅជំនាន់មួយ
សូមកុំដកជីវិតទូលបង្គំក្នុងពេលដែល
ទូលបង្គំមិនទាន់ចាស់នៅឡើយ!»។
២៥ ព្រះអង្គបានបង្កើតផែនដី
តាំងពីយូរលង់ណាស់មកហើយ
ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ
របស់ព្រះអង្គដែរ។
២៦ ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ
រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ
ដូចសំលៀកបំពាក់
ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សំលៀកបំពាក់
ហើយវានឹងបាត់សូន្យទៅ។
២៧ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល
ព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។
២៨ កូនចៅយើងខ្ញុំដែលជាអ្នកបំរើរបស់ព្រះអង្គ
នឹងរស់នៅដោយសុខសាន្ត
ហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេ
រហូតតទៅ។