១២
ព្រះអម្ចាស់អើយសូមជួយផង!
ទំនុកពីសៀវភៅរបស់គ្រូចំរៀង កំដរដោយពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ
សូមជួយសង្គ្រោះផង!
ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ
រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម
មនុស្សលោក ក៏បាត់បង់អស់ដែរ។
២ ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នា
ទៅវិញទៅមក
គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា
តែមានចិត្តមិនទៀង។
៣ សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោល
ពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាត
ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
៤ ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើង
យើងធ្វើអ្វី ក៏បានជោគជ័យដែរ!
យើងនិយាយយ៉ាងណាក៏បានដែរ
គ្មាននរណាត្រួតត្រាលើយើងទេ»។
៥ ដោយព្រះអង្គទតឃើញមនុស្សទុគ៌ត
ត្រូវគេជិះជាន់
និងឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ឥឡូវនេះយើងត្រូវតែក្រោកឡើង
យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ
មើលងាយ បន្ទាបបន្ថោក»។
៦ ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ*
គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត
ក្នុងឡប្រាំពីរដងទៅទៀត។
៧ ព្រះអម្ចាស់អើយ
ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច
ព្រះអង្គនឹងការពារយើងខ្ញុំអោយរួច
ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
៨ ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំ
ឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស
កាន់តែច្រើនឡើងៗក៏ដោយ។