១៥
មនុស្សដែលព្រះអម្ចាស់សព្វព្រះហឫទ័យ
ទំនុករបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ
តើនរណាអាចស្នាក់នៅក្នុងព្រះពន្លា
របស់ព្រះអង្គបាន?
តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ*
របស់ព្រះអង្គបាន?
២ គឺមានតែមនុស្សឥតសៅហ្មង
ដែលប្រព្រឹត្តអំពើសុចរិត
ហើយនិយាយតែសេចក្ដីពិតដែលមាននៅ
ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។
៣ គេមិននិយាយមួលបង្កាច់
មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន
ហើយក៏មិនបង្អាប់បង្អោនកិត្តិយស
បងប្អូនរួមជាតិរបស់ខ្លួនដែរ។
៤ គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់
មិនគាប់ព្រះហឫទ័យនោះឡើយ
តែគេលើកកិត្តិយសអស់អ្នកដែលគោរព
កោតខ្លាចព្រះអម្ចាស់។
បើគេសន្យាអ្វីមួយ
ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ
ក៏គេនៅតែគោរពតាមពាក្យសំដីរបស់ខ្លួនជានិច្ច។
៥ គេអោយប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ
ហើយគេក៏មិនព្រមទទួលសំណូក
ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។
អ្នកណាប្រព្រឹត្តដូច្នេះ
អ្នកនោះនឹងបានសុខជានិច្ច។