១៧
ពាក្យ​អធិស្ឋាន​របស់​ជន​ស្លូត​ត្រង់
ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ!
សូម​ទ្រង់​ព្រះសណ្ដាប់​សំណូម​ពរ
ដ៏​ត្រឹម​ត្រូវ​របស់​ទូលបង្គំ
សូម​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង
សំរែក​របស់​ទូលបង្គំ
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់
ទូលបង្គំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។
២ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង
ដ្បិត​ព្រះអង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗ
ដែល​ត្រឹម​ត្រូវ។
៣ ព្រះអង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយ
ព្រះអង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់
ព្រះអង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំ
តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ
ទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ​។
៤ ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល
របស់​ព្រះអង្គ
ហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ
ដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។
៥ ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​យ៉ាង​ខ្ជាប់​ខ្ជួន
ទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។
 
៦ ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ
ដ្បិត​ព្រះអង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ!
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ
សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។
៧ ព្រះអង្គ​តែងតែ​សង្គ្រោះ​អស់​អ្នក
ដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ
អោយ​រួច​ពី​ពួក​អ្នក​សង្កត់សង្កិន​គេ
ដូច្នេះ សូម​សំដែង​ព្រះហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ផង។
៨ សូម​រក្សា​ទូលបង្គំ​ដូច​រក្សា​ប្រស្រីភ្នែក
សូម​ការពារ​ទូលបង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា
៩ សូម​កុំ​អោយ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀតបៀន​ទូលបង្គំ
កុំ​អោយ​ខ្មាំង​សត្រូវ​មក​ឡោមព័ទ្ធ​ប្រល័យ
ជីវិត​ទូលបង្គំ​បាន​ឡើយ។
១០ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រាប្រណី​ទេ​
មាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង
១១ ពួក​គេ​ដេញ​តាម​ទូលបង្គំ​ទាន់
ហើយ​ឡោមព័ទ្ធ​ទូលបង្គំ​ទៀត​ផង
គេ​សម្លក់សម្លឹង​មក​ទូលបង្គំ
បម្រុង​នឹង​ប្រហារ​ជីវិត​ទូលបង្គំ
១២ ពួក​គេ​ប្រៀបបី​ដូច​ជា​សត្វ​សិង្ហ
ដែល​រង់ចាំ​តែ​ហែក​ស៊ី
និង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។
១៣ ឱ​ព្រះអម្ចាស់​អើយ សូម​តើន​ឡើង
សូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេ
អោយ​ពួក​គេ​បរាជ័យ!
សូម​យក​ព្រះខ័ន​របស់​ព្រះអង្គ​មក​រំដោះ
ទូលបង្គំ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។
១៤ ឱ​ព្រះអម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម
មនុស្ស​លោក ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ
សូម​ដាក់​ទោស​ពួក​គេ អោយ​ជីវិត​ពួក​គេ
រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។
១៥ ចំពោះ​ទូលបង្គំ​វិញ
ដោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត
ទូលបង្គំ​នឹង​បាន​ឃើញ​ព្រះភក្ត្រ​ព្រះអង្គ
ពេល​ទូលបង្គំ​ក្រោក​ពី​ដំណេក
ទូលបង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះអង្គ​គង់​ជា​មួយ។